តម្រងនោមដើរតួយ៉ាងសំខាន់នៅក្នុងខ្លួនរបស់អ្នក។ តម្រងនោមទាំងពីរគ្រាប់នេះ ទទួលបន្ទុកក្នុងការយកកាកសំណល់ចេញតាមទឹកនោម ផលិតអ័រម៉ូន និងច្រោះជាតិពុលនិងសារធាតុរាវនៅក្នុងឈាម។ នោះហើយជាមូលហេតុ ដែលអ្នកគួរតែថែរក្សាតម្រងនោមរបស់អ្នកអោយបានល្អ ហើយព្យាយាមថែរក្សាសុខភាព។ គួរឱ្យស្តាយ អាហារមួយចំនួនអាចបង្កគ្រោះថ្នាក់ដល់សរីរាង្គ២គ្រាប់នេះ និងប៉ះពាល់ដល់ដំណើរការធម្មតារបស់វាប្រសិនបើបរិភោគលើស។
១. សាច់
ការបរិភោគសាច់ច្រើនពេក អាចបណ្តាលឱ្យមានបញ្ហាតម្រងនោម ពីព្រោះប្រូតេអ៊ីនសត្វអាចពិបាករំលាយ ដែលធ្វើឱ្យកាកសំណល់ច្រើនពេកតាមតម្រងនោម។ នេះគឺបង្កើនការងារឱ្យវា និង ធ្វើឱ្យវាងាយនឹងខូច។ របបអាហារដែលសំបូរទៅដោយប្រូតេអ៊ីនសត្វ ក៏អាចនាំឱ្យមានការវិវត្តទៅជាគ្រួសក្នុងតម្រងនោមដែរ។ សាច់រំញោចការផលិតអាស៊ីតអ៊ុយរិច ដែលជាមូលហេតុមួយក្នុងចំណោមមូលហេតុទូទៅនៃគ្រួសក្នុងតំរងនោម។
២. ផ្លែបឺរ
ទោះបីជាផ្លែបឺរមានប្រជាប្រិយភាពនិងត្រូវបានគេកោតសរសើរចំពោះគុណភាពអាហារូបត្ថម្ភផ្សេងៗក៏ដោយ ការញ៉ាំវាច្រើនពេកអាចបង្កគ្រោះថ្នាក់ដល់តម្រងនោមរបស់អ្នក ជាពិសេសប្រសិនបើអ្នកមានជម្ងឺតម្រងនោមរួចហើយ ។ មូលហេតុ គឺថា ផ្លែឈើនេះមានកម្រិតប៉ូតាស្យូមខ្ពស់ណាស់ ។ រាងកាយរបស់យើងត្រូវការជាតិរ៉ែនេះ ប៉ុន្តែប៉ូតាស្យូមច្រើនពេកនៅក្នុងឈាមអាចបណ្តាលឱ្យមានបញ្ហាធ្ងន់ធ្ងរដូចជាការរមួលសាច់ដុំនិងចង្វាក់បេះដូងលោតមិនទៀងទាត់។
៣. អំបិល
របបអាហារដែលមានសុខភាពល្អគួរតែរួមបញ្ចូលជាតិសូដ្យូមអតិបរមា ២៣០០មីលីក្រាមក្នុងមួយថ្ងៃ (ប្រហែលអំបិលមួយស្លាបព្រាកាហ្វេ) ។ ប្រសិនបើអ្នកញ៉ាំអំបិលច្រើននោះ តម្រងនោមរបស់អ្នកត្រូវតែប្រឹងប្រែង ដើម្បីបញ្ចេញជាតិសូដ្យូមដែលលើស៕