បេះដូងស្នេហារបស់អ្នកអាចនឹងមានច្រើនក្នុងការប្រគល់ការស្រឡាញ់ឱ្យនរណាម្នាក់ តែបើបេះដូងដែលកំពុងច្របាច់ឈាមឱ្យអ្នកគ្រប់វិនាទីនោះ គឺមានតែមួយទេ។ នរណាក៏ដឹងថា បេះដូងសំខាន់ខ្លាំងដែរ ក្នុងការធ្វើឱ្យមនុស្សមានជីវិត។ ដូចនេះ យើងត្រូវតែថែរក្សាវាឱ្យបានល្អ។ តែអ្នកប្រហែលជាមិនដឹងទេថា ទម្លាប់ប្រចាំថ្ងៃរបស់អ្នកមួយចំនួន អាចធ្វើឱ្យបេះដូងអ្នកមានបញ្ហា។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីទម្លាប់ទាំងនោះ។
១. ទម្លាប់មានស្ត្រេសច្រើន
ភាពតានតឹងក្នុងអារម្មណ៍ ឬស្ត្រេសជាកត្តាចម្បងបំផុតមួយនៃបញ្ហាសុខភាពជាច្រើន រួមទាំងជំងឺបេះដូងនិងដាច់សសៃឈាមខួរក្បាល។ ស្ត្រេសបន្ថយភាពរឹងមាំនៃប្រព័ន្ធភាពស៊ាំរាងកាយ ហើយថែមទាំងបណ្ដាលឱ្យរាងកាយបង្កើនការផលិតអរម៉ូនស្រ្តេសករទីសូល និង អេពីណេព្រីន ដែលបង្កបញ្ហាកូឡេស្តេរ៉ូលមិនល្អឡើងខ្ពស់។ កូឡេស្តេរ៉ូលមិនល្អឡើងខ្ពស់នេះហើយ ជាមូលហេតុទូទៅបំផុតនៃជំងឺបេះដូង និង សរសៃឈាមទាំងមូល។
២. ទម្លាប់ខ្ជិលហាត់ប្រាណ
ទម្លាប់ខ្ជិលហាត់ប្រាណ នឹងបង្កផលប៉ះពាល់ដល់មុខងាររបស់បេះដូងក្នុងការច្របាច់ឈាមទៅសព្វរាងកាយ ដែលនាំឱ្យកើតមានបញ្ហាសុខភាពផ្សេងៗ រួមទាំងជំងឺលើសឈាម។ នៅពេលសម្ពាធឈាមឡើងខ្ពស់នោះ ប្រព័ន្ធសសៃឈាមបេះដូងទាំងមូល ក៏ដូចជាបណ្ដាសរីរាង្គផ្សេងទៀត នឹងត្រូវប្រឈមមុខជាមួយគ្រោះថ្នាក់គួរឱ្យព្រួយបារម្ភយ៉ាងខ្លាំងជាមិនខាន។ យោងតាមវេជ្ជបណ្ឌិតជាច្រើនបានឱ្យដឹងថា ផលប៉ះពាល់ផ្សេងទៀតនៃការមិនធ្វើលំហាត់ប្រាណទៀងទាត់ គឺការកើនឡើងខ្ពស់នៃកម្រិតកូឡេស្តេរ៉ូលមិនល្អក្នុងឈាម។ ដូច្នេះដើម្បីចៀសផុតពីបញ្ហាកូឡេស្តេរ៉ូលមិនល្អកើនឡើងខុសប្រក្រតី ចូរធ្វើលំហាត់ប្រាណជាប្រចាំ និង ឱ្យបានទៀងទាត់។
៣. ទម្លាប់គេងមិនគ្រប់
ទម្លាប់គេងមិនគ្រប់ អាចរារាំងឈាមមិនឱ្យរត់បានត្រឹមត្រូវ ហើយវាជាអ្វីមួយដែលអាចធ្វើឱ្យងាយមានការកើតបញ្ហាឈាមកក។ ឈាមកកនោះអាចចរាចរ ហើយរាំងស្ទះដល់លំហូរនៃឈាមដឹកនាំអុកស៊ីសែនទៅកាន់សាច់ដុំបេះដូង ដែលជាអ្វីមួយអាចនាំឱ្យគាំងបេះដូង។ នេះគឺពិតជាគ្រោះថ្នាក់ខ្លាំងទៅលើអាយុជីវិត៕