បញ្ហាពុកឆ្អឹងងាយនឹងកើតមានលើមនុស្សវ័យចំណាស់ និងជាពិសេសលើស្រ្តីដែលអស់រដូវ។ អាហារនិងភេសជ្ជៈខ្លះដែលអ្នកទទួលទានក៏អាចធ្វើឱ្យអ្នកងាយប្រឈមនឹងបញ្ហានេះដែរ។ ដូចនេះ អ្នកគួរតែស្គាល់អាហារនិងភេសជ្ជៈទាំងនេះ ដើម្បីការពារខ្លួនអ្នកពីបញ្ហាពុកឆ្អឹង។
១. កាហ្វេ
ការទទួលទានកាហ្វេ២ ទៅ ៣កែវ ក្នុងមួយថ្ងៃ គឺល្អសម្រាប់សុខភាព។ តែប្រសិនបើទទួលទានលើសពីនេះ កាហ្វេនឹងបណ្ដាលឱ្យមានបញ្ហាអាក្រក់ជាច្រើនកើតឡើងចំពោះសុខភាព។ ក្រៅពីបញ្ហាថប់បារម្ភឈឺក្បាលនិងហានិភ័យនៃជំងឺបេះដូងហើយនោះ ការចុះខ្សោយនៃឆ្អឹង ក៏អាចជាលទ្ធផលនៃការទទួលទានកាហ្វេច្រើនពេកផងដែរ។ នេះគឺដោយសារជាតិកាហ្វេអ៊ីននៅក្នុងកាហ្វេបង្កើនការផលិតទឹកនោម ហើយបណ្ដាលអោយជាតិកាល់ស្យូមមួយចំនួនក្នុងរាងកាយត្រូវបង្ហូរចេញតាមនោះដែរ។
២. ភេសជ្ជៈកំប៉ុង
ក្រៅពីមានផ្ទុកសម្បូរជាតិស្ករខ្ពស់ហើយនោះ ភេសជ្ជៈប្រភេទនេះក៏មានផ្ទុក អាស៊ីតផូស្វរិកនិងគ្រឿងផ្សំបន្ថែមរសជាតិផ្សេងទៀត ដែលមិនល្អចំពោះសុខភាពឆ្អឹងផងដែរ។ អាស៊ីតផូស្វរិក រារាំងសមត្ថភាពនៃការស្រូបយកជាតិកាល់ស្យូម។ ម្យ៉ាងវិញ ភេសជ្ជៈកំប៉ុងមួយចំនួនទៀតសុទ្ធតែមានផ្ទុកនូវជាតិកាហ្វេអ៊ីន ដូច្នេះហើយទើបការទទួលទានភេសជ្ជៈប្រភេទនេះច្រើន ក៏រួមចំណែកលើកកម្ពស់ការបាត់បង់ម៉ាសនៃឆ្អឹង ធ្វើឱ្យឆ្អឹងចុះខ្សោយ និងបង្កើនហានិភ័យនៃជំងឺពុកឆ្អឹងនាពេលអនាគតផងដែរ។
៣. សាច់ក្រហម
សាច់ក្រហម គឺជាសាច់ដែលប៉ូវកម្លាំងដល់មនុស្សយើង។ តែវាជាអាហារដែលអាចបណ្ដាលឱ្យឆ្អឹងបាត់បង់ជាតិកាល់ស្យូម។ ប្រសិនបើអ្នកមានជំងឺពុកឆ្អឹង ឬក៏មិនចង់កើតជំងឺនេះទេនោះ ចូរទទួលទានវាមិនឱ្យលើសពី២ដងក្នុងមួយសប្តាហ៍។ នេះក៏ព្រោះតែវាធ្វើឱ្យជាតិកាល់ស្យូមចេញតាមទឹកនោម៕