ក្តីសុបិនរបស់បុគ្គលិកម្នាក់ៗ គឺចង់ក្លាយជាបុគ្គលិកឆ្នើម និង ឡើងតួនាទីឡើងប្រាក់ខែ។ ពេលខ្លះដោយសារតែមូលហេតុនេះ ពួកគេបានខំធ្វើការមិនដឹងយប់មិនដឹងថ្ងៃ ដល់ថ្នាក់មិនគិតពីសុខភាព។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីបញ្ហាសុខភាព៣យ៉ាង ដែលអាចកើតមានលើអ្នកធ្វើការច្រើនម៉ោងក្នុងមួយថ្ងៃ។
១. បញ្ហាគេងមិនលក់
ការស្ទង់មតិមួយដែលធ្វើឡើងដោយអង្គការ National Sleep Foundation បានបង្ហាញថាច្រើនជាង ២០% នៃអ្នកដែលចំណាយពេលច្រើនជាង ៥០ ម៉ោងក្នុងមួយសប្តាហ៍នៅកន្លែងធ្វើការគេងបានតិចជាង៦ម៉ោងក្នុងមួយយប់។ អ្វីដែលគួរឱ្យបារម្ភនោះ គឺការគេងមិនគ្រប់អាចបង្កបញ្ហាសុខភាពផ្សេងៗចាប់ពីភាពប្រែប្រួលនៃអារម្មណ៍ ធាត់ជ្រុល និង ជំងឺបេះដូង។
២. ស្ត្រេស
ការងារច្រើន រួមផ្សំនឹងកត្តាផ្សេងទៀតដូចជាគូប្រជែងនៅកន្លែងធ្វើការ ព្រមទាំងការកកស្ទះចរាចរណ៍សឹងរាល់ថ្ងៃ អាចបណ្ដាលឱ្យអ្នកធ្វើការមានអារម្មណ៍តានតឹង។ ការតានតឹងក្នុងអារម្មណ៍ ឬ ស្រ្តេសរ៉ាំរ៉ៃ អាចបណ្ដាលឱ្យរាងកាយកើនឡើងអរម៉ូន ដែលជះផលប៉ះពាល់ដល់ទម្ងន់ សម្ពាធឈាម អារម្មណ៍ រូបរាង និងសុខភាពបេះដូង។
៣. បញ្ហាធ្លាក់ទឹកចិត្ត
ការធ្វើការច្រើនជាងពី ៧ ឬ ៨ ម៉ោងក្នុងមួយថ្ងៃ អាចបង្កើនហានភ័យនៃបញ្ហាជំងឺធ្លាក់ទឹកចិត្តគួរឱ្យបារម្ភ។ អ្នកជំនាញជាច្រើននិយាយថា បញ្ហានេះអាចកើតឡើង ដោយសារការបាត់បង់ពេលវេលា ដើម្បីចំណាយជាមួយនឹងមនុស្សដែលអ្នកស្រឡាញ់ ក៏ដូចជាមិនបានការធ្វើលំហាត់ប្រាណផងដែរ៕