ដោយសារតែមនុស្សយើងកាន់តែរវល់ជាងកាលពីមុន យើងប្រើប្រាស់ខួរក្បាលយើងច្រើនជាងរាល់ដង។ ការប្រើវាច្រើន មិនធ្វើឱ្យឡើងដល់ថ្នាក់បាត់សតិនោះទេ តែវាធ្វើឱ្យប្រសិទ្ធភាពនៃការគិតរបស់យើងថយចុះ។ ចូរអ្នកអនុវត្តទម្លាប់ទាំង៥នេះ ដើម្បីឱ្យការគិតរបស់អ្នកមានប្រសិទ្ធភាពខ្ពស់ បើទោះបីជាអ្នករវល់យ៉ាងណាក៏ដោយ។
១. ញ៉ាំត្រីសម្បូរខ្លាញ់៖ អ្នកអាចញ៉ាំត្រីរហូតដល់ពីរដងក្នុងមួយថ្ងៃបាន ជាពិសេសត្រីសាលម៉ុងតែម្តង។ នេះដោយសារតែវាសម្បូរអាស៊ីតខ្លាញ់អូមេហ្គាបី ដែលមិនត្រឹមតែជួយការពារសុខភាពខួរក្បាលទេ តែក៏ជួយការពារសរសៃឈាមឱ្យមានសុខភាពល្អ និងសរីរាង្គផ្សេងៗធ្វើការល្អដែរ។
២. ញ៉ាំបន្លែ និងផ្លែឈើឱ្យបានច្រើន៖ មានហេតុផលពីរយ៉ាងនៅពីក្រោយមូលហេតុនៃការញ៉ាំបន្លែ និងផ្លែឈើទៀងទាត់។ ទី១ វាផ្តល់នូវអង់ទីអុកស៊ីដង់ច្រើនសម្រាប់ជួយការពារកោសិកាខួរក្បាលពីរ៉ាឌីកាលសេរី។ ទី២ បន្លែនិងផ្លែឈើគ្មានកូឡេស្តេរ៉ុល តែមានជាតិសរសៃខ្ពស់ ដូច្នេះវាអាចជួយថែរក្សាសរសៃឈាមកុំឱ្យមានកំណកបាន។
៣. បន្ថយស្រ្តេស និងការថប់អារម្មណ៍ ៖ ការដែលស្រ្តេស និងថប់អារម្មណ៍ច្រើនពេក និងគ្រប់ពេល អាចនាំឱ្យខូចខួរក្បាលបាន។ ហេតុដូច្នេះហើយការគ្រប់គ្រងស្រ្តេសគឺជារឿងដែលល្អដែលអ្នកគួរតែធ្វើបើសិនជាមិនចង់ឱ្យឆាប់ភ្លេចភ្លាំងទេ។ អ្នកអាចប្រើវិធីជាច្រើនដើម្បីគ្រប់គ្រង ឬបន្ថយស្រ្តេស ដូចជា ការតាំងសមាធិ ឬហាត់ប្រាណ។
៤. ញ៉ាំគ្រឿងស្រវឹងក្នុងកម្រិតមធ្យម៖ កម្រិតមធ្យមត្រង់ចំណុចនេះគឺថា បុរសអាចញ៉ាំបាន២កែវក្នុងមួយថ្ងៃ ខណៈពេលស្រ្តីបាន ១កែវ ព្រោះកម្រិតប៉ុណ្ណេះក៏ផ្តល់ប្រយោជន៍ដល់សុខភាពដែរ។ យ៉ាងណាមិញអ្នកវិទ្យាសាស្រ្តនិយាយថា ការញ៉ាំគ្រឿងស្រវឹងច្រើនពេក មិនត្រឹមតែប៉ះពាល់ដល់សុខភាពទេ ថែមទាំងប្រឈមខ្ពស់នឹងភាពភ្លេចភ្លាំងបាន។
៥. គេងឱ្យបានច្រើននៅពេលយប់៖ ចូរប្រាកដថា អ្នកបានគេងលក់ស្កប់ស្កល់ពី ៧ ទៅ៩ម៉ោង និងមិនមានការរំខានអ្វីទាំងអស់។ រឿងនេះនឹងជួយឲ្យខួរក្បាលធូរស្រាលឡើងវិញពីភាពអស់កម្លាំង និងស្រ្តេសបាន៕