មេឃចាប់ផ្តើមធ្លាក់ខ្យល់ត្រជាក់ហើយ ដូចនេះការងូតទឹកក្តៅមានភាពពេញនិយមជាងការងូតទឹកត្រជាក់។ តែអ្នកនឹងគិតឡើងវិញ ក្រោយពីបានអានអត្ថបទនេះរួច ព្រោះថា ការងូតទឹកត្រជាក់មានអត្ថប្រយោជន៍ជាច្រើនដល់សុខភាពរបស់អ្នក។ តើអត្ថប្រយោជន៍ទាំងនោះមានអ្វីខ្លះ?
១. បង្កើនអារម្មណ៍ស្វាង
ប្រសិនបើអ្នកពិបាកក្រោកពីដំណេកនៅពេលព្រឹក ការងូតទឹកត្រជាក់នឹងដាស់អ្នកដោយបង្កើនអារម្មណ៍ស្វាង និង ពន្លឿនចង្វាក់បេះដូងរបស់អ្នក។ ផ្ទុយទៅវិញ ការងូតទឺកក្តៅនឹងធ្វើឱ្យអ្នកមានអារម្មណ៍ងងុយគេង ហើយវាល្អនៅពេលដែលអ្នកធ្វើវាមុនគេង។
២. កាត់បន្ថយការឈឺបន្ទាប់ពីហាត់ប្រាណ
ទឹកត្រជាក់នឹងបន្ធូរសាច់ដុំរបស់អ្នកបន្ទាប់ពីហាត់ប្រាណ។ ការងូតទឹកត្រជាក់បន្ទាប់ពីធ្វើលំហាត់ប្រាណ នឹងធ្វើឱ្យអារម្មណ៍ស្ងប់ដោយស្វ័យប្រវត្តិ។ នេះបានជាកីឡាករល្បីៗ ដែលក្នុងនោះក៏មាន Cristiano Ronaldo ផងដែរ ដែលគាត់តែងងូតទឹកត្រជាក់ក្រោយពីហ្វឹកហាត់រួច។
៣. ជួយស្បែករមាស់ឱ្យមានធូរស្បើយ
ប្រសិនបើអ្នកមានអារម្មណ៍ដូចជារមាស់រាងកាយ វាជាការល្អក្នុងការងូតទឹកជាមួយនឹងទឹកត្រជាក់ ព្រោះវានឹងធ្វើឱ្យអ្នកមានអារម្មណ៍ស្ងប់ និងកាត់បន្ថយអារម្មណ៍រមាស់។
៤. ធ្វើឱ្យស្បែក និងសក់មានសុខភាពល្អ
ទឹកត្រជាក់ពន្យឺតលំហូរឈាម រឹតបន្តឹងស្បែក និងធ្វើឱ្យស្បែកភ្លឺថ្លា។ ការកក់សក់របស់អ្នកជាមួយនឹងទឹកត្រជាក់ ក៏ជាគំនិតដ៏ល្អផងដែរ។ ទឹកត្រជាក់មិនធ្វើឱ្យស្រទាប់ក្រពេញខ្លាញ់ ស្ងួតនៅលើស្បែករបស់អ្នក ដូចទឹកក្តៅទេ។
៥. បង្កើនចរន្តឈាមនៅតំបន់ជ្រៅៗ
ទឹកត្រជាក់ជួយពន្យឺតលំហូរឈាមនៅសើៗស្បែក តែវាទៅបង្កើនលំហូរឈាមនៅតំបន់ជ្រៅ ដែលជួយដល់សរីរាង្គខាងក្នុងរបស់អ្នក។ តែប្រសិនបើ អាកាសធាតុត្រជាក់ខ្លាំង ឬអ្នកមានជំងឺផ្តាសាយ អ្នកគួរតែងូតទឹកក្តៅវិញទើបជាការប្រសើរ៕