ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល គឺត្រូវបានគេដាក់ងារថាជា «ឃាតុករស្ងៀមស្ងាត់» ។ នេះក៏ដោយសារតែវាអាចឆក់យកជីវិតរបស់យើងក្នុងពេលមួយពព្រិចភ្នែក និង មិនបានដឹងទុកមុនទាល់តែសោះ។ អ្នកអាចនឹងឃើញមនុស្សម្នាក់និយាយគ្នាសុខៗ ស្រាប់តែដួលសន្លប់បាត់បង់ជីវិត។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីកត្តាហានិភ័យ៣យ៉ាង ដែលធ្វើឱ្យអ្នកប្រឈមនឹងជំងឺនេះ។
១. ផឹកស្រាច្រើន
ការទទួលទានគ្រឿងស្រវឹងច្រើនពេក អាចបង្កើនហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាលគួរអោយព្រួយបារម្ភ។ ដូច្នេះចូរកំណត់កម្រិតនៃការទទួលទានរបស់អ្នកមិនលើសពី ២កែវ ក្នុងមួយថ្ងៃសម្រាប់បុរស និង ១កែវ ក្នុងមួយថ្ងៃសម្រាប់នារី។
២. ការជក់បារី
ការជក់បារីបង្កើនកម្រិតកូឡេស្តេរ៉ូលមិនល្អ ហើយបន្ថយកូឡេស្តេរ៉ូលល្អទៅវិញ។ នៅពេលកូឡេស្តេរ៉ូលមិនល្អឡើងខ្ពស់ពេក វានឹងបង្កការខូចខាតដល់ជញ្ជាំងសសៃឈាមធ្វើអោយស្ទះ។ សសៃឈាមស្ទះរារាំងលំហូរឈាមគ្រប់គ្រាន់ទៅកាន់ខួរក្បាល ក៏ដូចជាបេះដូងដែលគ្រោះថ្នាក់ណាស់ចំពោះសុខភាពទាំងមូល។
៣. លើសសម្ពាធឈាម
មួយក្នុងចំណោមកត្តាផ្សេងទៀតនៃជំងឺដាច់សសៃឈាមខួរក្បាល គឺជាជំងឺលើសឈាមកម្រិតគ្រប់គ្រងមិនបាន។ បញ្ហានោះ គឺការឡើងនៃសម្ពាធឈាមជះឥទ្ធិពលលើសសៃឈាមដែលធ្វើអោយងាយនឹងដាច់ ឬស្ទះ។ នេះហើយជាមូលហេតុមួយដែលវេជ្ជបណ្ឌិតជាច្រើនណែនាំឱ្យអ្នករក្សាបាននូវសម្ពាធឈាមប្រក្រតីគ្រប់ពេល ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាល៕