ធ្មេញមួយមានផ្ទៃដល់ទៅប្រាំ ហើយច្រាសដុសធ្មេញមិនអាចទៅដល់គ្រប់ផ្ទៃទាំងអស់ទេ ដែលភាគច្រើនគឺវាអាចសម្អាតបានតែផ្ទៃពីរប៉ុណ្ណោះ ជាពិសេសគឺមិនអាចសម្អាតអាហារដែលជាប់នៅចន្លោះធ្មេញបានស្អាតឡើយ។ នេះហើយជាមូលហេតុចម្បងមួយដែលថា ការដុសធ្មេញគឺមិនទាន់គ្រប់គ្រាន់នៅឡើយ។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីហេតុផល៥យ៉ាង ដែលអ្នកត្រូវប្រើសរសៃអំបោះសម្អាតធ្មេញ ឬ ហៅថា “Floss”។
១. កម្ចាត់កំណកកំបោរ
កំណកកំបោរ គឺជាសារធាតុពណ៌ស ដែលបង្កើតនៅជុំវិញធ្មេញ និងអញ្ចាញធ្មេញរបស់អ្នក។ នៅពេលអ្នកញ៉ាំកាបូអ៊ីដ្រាត អាហារសម្រន់ នំ និង ទឹកក្រូចសូដា បាក់តេរីត្រូវបានបញ្ចេញទៅក្នុងមាត់ និងរាងកាយរបស់អ្នក ដើម្បីបំបែកអាហារទាំងនេះ។ ប្រសិនបើអ្នកមិនដុសធ្មេញ ឬ ប្រើ Floss បន្ទាប់ពីញ៉ាំអាហារទាំងនេះទេ កំណកកំបោរ នឹងបង្កើតនៅលើធ្មេញរបស់អ្នក ហើយនាំឱ្យមានបញ្ហាផ្សេងៗទៀត។
២. ការពារការពុកធ្មេញ
ពុកធ្មេញ ឬ ដង្កូវស៊ីធ្មេញ គឺជារន្ធតូចៗនៅក្នុងធ្មេញ ដែលនាំឱ្យមានការឈឺចាប់ បាក់ធ្មេញ និង មានក្លិនមាត់។ ការឡើងកំណកកំបោរ នាំឱ្យមានដង្កូវស៊ីធ្មេញ ហើយដង្កូវស៊ីធ្មេញនាំឱ្យមានបញ្ហាមាត់ធ្មេញជាច្រើន។ ការប្រើ Floss ជួយការពារធ្មេញអ្នកពីដង្កូវស៊ីធ្មេញ។
៣. ថែរក្សាអញ្ចាញធ្មេញរបស់អ្នក
ប្រសិនបើអ្នកមិន Floss ទេ មាត់របស់អ្នកក្លាយជាកន្លែងបង្កាត់ពូជបាក់តេរី។ បាក់តេរីធ្វើឱ្យរលាកអញ្ចាញធ្មេញ។ ដោយមិនបានព្យាបាល វានាំឱ្យរលាកអញ្ចាញធ្មេញ ដែលធ្វើឱ្យអញ្ចាញធ្មេញក្រហម ហើម និង មានការឈឺចាប់។
៤. កាត់បន្ថយក្លិនមាត់មិនល្អ
គ្មានអ្វីគួរឲ្យអាម៉ាស់ដូចការមានក្លិនមាត់អាក្រក់ឡើយ ហើយក៏គ្មានវិធីគេចផុតពីក្លិនមាត់អាក្រក់ដែរ ប្រសិនបើអ្នកមិន Floss។ នៅពេលអ្នកញ៉ាំអាហារ វាជាប់នៅក្នុងធ្មេញរបស់អ្នក ហើយទុកភាគល្អិតទាំងនោះនៅទីនោះ បណ្តាលឱ្យមានក្លិនមាត់មិនល្អ។
៥. ការពារពីជំងឺផ្សេងៗ
ក្រៅពីធ្វើឱ្យមានបញ្ហានៅក្នុងមាត់ បាក់តេរីដែលនាំឱ្យរលាកអញ្ចាញធ្មេញ ចូលទៅក្នុងឈាម និងបណ្តាលឱ្យកើតជំងឺបេះដូង ទឹកនោមផ្អែម និងជំងឺផ្លូវដង្ហើមផ្សេងៗទៀត។ ប្រសិនបើមិនបានព្យាបាលទេ បាក់តេរីនៅក្នុងមាត់ដែលមិនល្អអាចបង្កគ្រោះថ្នាក់ដល់រាងកាយអ្នក៕