តើអ្នកធ្លាប់មានអារម្មណ៍ថាចង់ក្អួតនៅពេលដែលអ្នកក្រោកពីគេងភ្លាមដែរឬទេ? តើអ្នកធ្លាប់ឆ្ងល់ទេថា តើវាមកពីហេតុអ្វី? ជាធម្មតាទេនៅពេលស្រ្តីដែលរៀបការរួច មានអារម្មណ៍ថាចង់ក្អួតពេលព្រលឹម គេតែងតែគិតដល់ការចាញ់កូន។ ចុះបើអ្នកជាបុរសវិញ? ថ្ងៃនេះអ្នកនឹងបានស្គាល់ពីមូលហេតុដែលធ្វើឱ្យអ្នកចង់ក្អួតក្រោយក្រោកពីគេង ដោយរាប់ចូលទាំងការចាញ់កូនផងដែរ។
១. ចាញ់កូន
មួយក្នុងចំណោមមូលហេតុទូទៅបំផុត ដែលបណ្ដាលឱ្យមានអារម្មណ៍ចង្អោរចង់ក្អួតនៅពេលព្រឹក គឺអាការៈចាញ់កូន ដែលជាហេតុធ្វើឱ្យភាសាអង់គ្លេសគេហៅថា «Morning Sickness» ។ អ្នកជំនាញជាច្រើននិយាយថាប្រមាណ ៧០% នៃស្ត្រីមានផ្ទៃពោះតែងជួបប្រទះអាការៈចាញ់កូនពិសេសកំឡុងពេលត្រីមាសដំបូង ។ អាការៈចាញ់កូន គឺគ្មានអ្វីគួរឱ្យព្រួយបារម្ភឡើយចំពោះទាំងម្ដាយនិងកូន ប៉ុន្តែប្រសិនបើក្អួតខ្លាំង ឬអមមកជាមួយនូវរោគសញ្ញាខុសប្រក្រតីផ្សេងទៀត ចូរទៅរកវេជ្ជបណ្ឌិតជំនាញ។
២. កង្វះដំណេក
ភាគច្រើននៃពួកយើងសុទ្ធតែដឹងហើយថាការគេងបានស្កប់ពី ៧ ទៅ ៩ ម៉ោងក្នុងមួយយប់ចាំបាច់ខ្លាំងប៉ុណ្ណា។ ការគេងមិនគ្រប់ជះឥទ្ធិពលគួរឱ្យកត់សម្គាល់ចំពោះសុខភាពដោយបង្កជាបញ្ហាផ្សេងៗរួមទាំងអាការៈចង្អោរចង់ក្អួត។ ទោះជាយ៉ាងណាបញ្ហាចង្អោរចង់ក្អួត ដែលបណ្ដាលមកពីការគេងមិនគ្រប់ តែងអមមកជាមួយនូវអាការៈអស់កម្លាំងនិងងងុយគេងខ្លាំង។
៣. ច្រាលទឹកអាស៊ីតក្រពះ
តើអ្នកបានទទួលទានអាហារខ្លាញ់ៗ ឬហឹរមុនពេលចូលគេងមែនទេ? នោះមិនចម្លែកឡើយប្រសិនបើមានអារម្មណ៍ចង្អោរចង់ក្អួតនៅពេលព្រឹកភ្ញាក់ពីគេងនោះ។ ភាគច្រើននៃអាការៈនេះបណ្ដាលមកពីបញ្ហាច្រាលទឹកអាស៊ីតក្រពះ។ នេះក៏ព្រោះតែជាតិអាស៊ីត ភ្ញោចឱ្យខួរក្បាលអ្នកបញ្ជាឱ្យអ្នកមានអារម្មណ៍ចង់ក្អួត៕