ភ្នែក គឺជាសរីរាង្គយ៉ាងសំខាន់ ក្នុងការធ្វើឱ្យជីវិតមានភាពស្រស់ស្រាយ។ យើងអាចមើលឃើញបានក៏ដោយសារតែភ្នែក។ កាលណាភ្នែកយើងចុះខ្សោយ យើងនឹងពិបាកក្នុងការមើលដោយមិនប្រើប្រាស់របស់ជំនួយដូចជាវ៉ែនតាជាដើម។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីទម្លាប់៣យ៉ាង ដែលងាយធ្វើឱ្យភ្នែកខូច។
១. ប្រើកុំព្យូទ័រយូរពេក
ការប្រើប្រាស់កុំព្យូទ័រយូរពេក គឺអាចបណ្ដាលឱ្យកើតជំងឺខូចភ្នែកដោយសារកុំព្យូទ័រ ឬ computer vision syndrome។ ស្ថានភាពនៃជំងឺនេះ គឺច្រើនតែកើតលើអ្នកដែលធ្វើការនៅមុខកុំព្យូទ័ររាល់ថ្ងៃ។ ការសម្លឹងមើលកុំព្យូទ័រយូរពេកនឹងធ្វើឲ្យភ្នែកស្ងួត ហើយអស់កម្លាំង។ ដូច្នេះដើម្បីជៀសវាងកើតមានបញ្ហាភ្នែកណាមួយ អ្នកគួរសម្រាកភ្នែកពីកញ្ចក់កុំព្យូទ័រខ្លះ ដើម្បីឱ្យភ្នែក ក៏ដូចជាសាច់ដុំជុំវិញភ្នែកបានសម្រាក។
២. ទទួលទានគ្រឿងស្រវឹង
ទម្លាប់នៃការទទួលទានគ្រឿងស្រវឹង ក៏អាចបង្កផលប៉ះពាល់ដល់ភ្នែកគួរឲ្យកត់សម្គាល់ផងដែរ។ សមត្ថភាពក្នុងការចាប់យករូបភាពរបស់ភ្នែក រងនូវផលប៉ះពាល់នៅពេលស្រវឹងខ្លាំង ឬ បានទទួលទានគ្រឿងស្រវឹងច្រើន។ អ្នកប្រហែលជាធ្លាប់ហើយ នៅពេលស្រវឹងគឺថា ផ្លូវមួយបែកចេញជាផ្លូវពីរ។ បញ្ហាភ្នែកចាស់មុនអាយុ ក៏ងាយនឹងកើតឡើងលើមនុស្សដែលបានទទួលទានគ្រឿងស្រវឹងលើសកម្រិតផងដែរ។
៣. មិនប្រើប្រាស់វ៉ែនតា
វ៉ែនតាជួយការពារភ្នែកពីកាំរស្មីយូវីគ្រោះថ្នាក់ ក៏ដូចជាធូលីដី។ ការសម្លឺងមើល ឬស្ថិតនៅក្រោមពន្លឺព្រះអាទិត្យផ្ទាល់ ពេលខ្លះអាចបណ្ដាលឱ្យឈឺក្បាល ឬក្រហមភ្នែក។ ដូច្នេះដើម្បីជាការប្រសើរ ចូលពាក់វ៉ែនតានៅរាល់ពេលចេញទៅក្រៅក្រោមពន្លឺព្រះអាទិត្យ៕