បើតាមមន្ទីរពេទ្យកាលម៉ែតបានប្រកាស កាលពីពេលថ្មីៗនេះថា ជំងឺទឹកនោមប្រៃ ចំពោះមនុស្សពេញវ័យ ៖
១. អ្វីទៅជាជំងឺទឹកនោមប្រៃ ហើយវាមានរោគសញ្ញាអ្វីខ្លះ?
ជាធម្មតា តម្រងនោមរបស់មនុស្សយើងមានចំនួន២ ហើយតម្រងនោមនីមួយៗ មានកោសិកាតម្រង ឬ Glomeruli ចំនួន១លានកោសិកា ។

ជំងឺទឹកនោមប្រៃ កើតឡើងដោយសារការខូចខាតនូវមុខងាររបស់កោសិកាតម្រង (Glomeruli) និងបង្កឱ្យអ្នកជំងឺចាប់ផ្តើមមានវត្តមានសារធាតុប្រូតេអ៊ីន ក្នុងទឹកនោមយ៉ាងច្រើន (លើសពី៣ក្រាមក្នុងរយៈពេល ២៤ម៉ោង) ព្រមទាំងបាត់បង់សារធាតុសាច់ (Albumin) នៅក្នុងឈាមដែលជាហេតុធ្វើឱ្យអ្នកជំងឺលេចចេញនូវអាការៈ ហើម ជាពិសេសនៅបរិវេណត្របកភ្នែក និងជើងទាំងសងខាង ។
រោគសញ្ញាផ្សេងទៀតមានដូចជា ៖
– ទឹកនោមមានពពុះច្រើនខុសធម្មតា
– ឡើងគីឡូលឿន ខុសធម្មតា ដោយសារហើម
– អស់កម្លាំង ល្ហិតល្ហៃ
– បាត់បង់ចំណង់ក្នុងការបរិភោគអាហារជាដើម។
២. មូលហេតុអ្វីបានជា កើតជំងឺទឹកនោមប្រៃ?
ជំងឺទឹកនោមប្រៃ ចំពោះមនុស្សពេញវ័យ មានមូលហេតុច្រើនប្រែប្រួលទៅតាមអាយុ និងភេទរបស់អ្នកជំងឺ ។ មូលហេតុភាគច្រើន គឺបណ្តាលមកពី ៖
– ការខូចខាតនូវកោសិកាតម្រង Glomeruli (ជំងឺ Minimal change disease ជំងឺ Focal segment glomerulosclerosis) ។
– ជំងឺ លូពីស (Lupus nephritis)
– ជំងឺទឹកនោមផ្អែម រុំារ៉ៃយូរឆ្នាំ
– ជំងឺបំរុងក្រឡាភ្លើង ឬក្រឡាភ្លើងចំពោះស្រ្តីមានផ្ទៃពោះ
– ការប្រើប្រាស់ថ្នាំដែលមានលទ្ធភាពពុលតម្រងនោម ដូចជា ថ្នាំបំបាត់ការឈឺចាប់ NSAIDs ថ្នាំ Lithium ថ្នាំ D-Penicillamine ជាដើម។
– ផ្សេងៗទៀត ដូចជា ជំងឺឆ្លងមួយចំនួន (រលាកថ្លើម ឆ្លងមេរោគអេដស៍) ជំងឺមហារីកសួត មហារីកឈាម ជាដើម។
ការរុករកមូលហេតុពិតប្រាកដ ដែលបង្កឱ្យមានជំងឺទឹកនោមប្រៃ គឺពិតជាមានសារៈសំខាន់ណាស់ សំរាប់ការព្យាបាល និងការការពារកុំឱ្យមានផលវិបាករហូតដល់ខ្សោយតម្រងនោមរ៉ាំរ៉ៃ ៕