ពូកដែលយើងកំពុងគេង ត្រូវបានមនុស្សភាគច្រើនមិនសូវយកចិត្តទុកដាក់នោះទេ។ នេះក៏ព្រោះតែគេមិនបានដឹងថា ស្ទើរតែពាក់កណ្តាលជីវិតរបស់យើង គឺយើងចំណាយពេលនៅលើវា ។ ដូចនេះ យើងគ្រប់គ្នាគួរតែយកចិត្តទុកដាក់លើវាជាការប្រសើរ។ តើអ្នកដឹងទេថា អ្នកគួរតែប្តូរវានៅពេលណា? ហេតុអ្វីបានជាត្រូវប្តូរវា? ថ្ងៃនេះអ្នកនឹងបានដឹងពីមូលហេតុ។
១. ពូកមានអាយុកាលកំណត់
យោងតាមអ្នកជំនាញ ពូកធម្មតាមានអាយុកាលជាមធ្យម ៨ឆ្នាំ។ ពូកកៅស៊ូក្រេបជាធម្មតា មកជាមួយការធានាពី ២០ទៅ២៥ឆ្នាំ។ ទន្ទឹមនឹងនេះ ពូកប្រភេទ memory foam ដែលមានគុណភាពល្អអាចមានរយៈពេល ១០ដល់១៥ឆ្នាំជាមួយនឹងការថែទាំត្រឹមត្រូវ។ ដោយឡែក ពូក “កូនកាត់” មានភាពធន់ទាប ហើយជាធម្មតាត្រូវផ្លាស់ប្តូរបន្ទាប់ពី ៦ឆ្នាំ។
២. បើទុកយូរ ពូកអាចជាជម្រករបស់សត្វល្អិត
ការសិក្សាមួយបានរកឃើញថាពូកមានកំហាប់ធូលីខ្ពស់បំផុតក្នុងចំណោមរបស់របរប្រើប្រាស់ក្នុងផ្ទះទាំងអស់ ហើយបាក់តេរីកើនឡើងយ៉ាងឆាប់រហ័សតាមពេលវេលា។ ផ្សិត និងសត្វល្អិតដែលបានជ្រកកោននៅក្នុងសាច់ពូក ក៏អាចបង្កឱ្យមានអាឡែស៊ី ឬ ធ្វើឱ្យរោគសញ្ញាជំងឺហឺតកាន់តែធ្ងន់ធ្ងរឡើង។ អ្នកជំនាញណែនាំថា ប្រសិនបើអ្នកសង្កេតឃើញថា ប្រតិកម្មអាលែហ្សីរបស់អ្នកកាន់តែធ្ងន់ធ្ងរ វាអាចជាសញ្ញាថាអ្នកត្រូវការពូកថ្មី។
៣. ពូកទុកយូរ អាចធ្វើឱ្យអ្នកពិបាកគេង
យូរៗ ទៅ ទម្រង់ពូកនឹងផ្លាស់ប្តូរហើយបង្ហាញសញ្ញានៃការរហែក។ ជាឧទាហរណ៍ អ្នកប្រហែលជាបានកត់សម្គាល់ឃើញថា ពូកដែលប្រើយូរនឹងមានស្នាមទ្រុតចំកណ្តាល ហើយអ្នកនឹងឧស្សាហ៍ឈឺចង្កេះឈឺខ្នងក្រោយពីបានគេងរួច៕