អាការៈវិលមុខអាចបណ្ដាលមកពីកត្តាជាច្រើនផ្សេងៗពីគ្នា គឺមិនមែនដោយសារតែជំងឺនោះឡើយជួនកាលទម្លាប់មួយចំនួនក៏បង្កបញ្ហានេះផងដែរ។ ថាតើមូលហេតុអ្វីខ្លះអាចបណ្ដាលឱ្យកើតមានអាការៈបែបនេះ? ខាងក្រោមវេបសាយសុខភាពយើងនឹងបង្ហាញឱ្យដឹងពីមូលហេតុទូទៅបំផុតនៃអាការៈវិលមុខ ៖
១. កង្វះជាតិទឹកក្នុងរាងកាយ
ពេលខ្លះដំណោះស្រាយដ៏ល្អបំផុតនៃអាការៈវិលមុខ គឺទទួលទានទឹក ១ កែវ។ នោះក៏ព្រោះតែកង្វះជាតិទឹកក្នុងរាងកាយអាចកាត់បន្ថយបរិមាណឈាមដែលធ្វើឱ្យខួរក្បាលទទួលបានអុកស៊ីសែនតិចជាងធម្មតាបង្កអាការៈវិលមុខ។ ដើម្បីជាការប្រសើរចូរព្យាយាមទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ពិសេសនៅពេលឈឺ។
ពេលណាគួរទៅជួបពិគ្រោះជាមួយគ្រូពេទ្យ? នោះ គឺនៅពេលដែលអ្នកបានទទួលទានទឹកប្រហែល ២លីត្រក្នុងមួយថ្ងៃ ប៉ុន្តែនៅតែវិលមុខ។
២. ថប់បារម្ភ
មួយក្នុងចំណោមរោគសញ្ញាទូទៅបំផុតនៃបញ្ហាថប់បារម្ភ គឺវិលមុខ។
គួរធ្វើបែបណា? ចូរព្យាយាមដកដង្ហើមចេញចូលមួយៗជ្រៅៗនិងសម្រាកបន្តិច។
ពេលណាគួរទៅពេទ្យ? ប្រសិនបើអាការៈនៅតែមិនធូរស្បើយសោះនោះអ្នកគួរស្វែងរកជំនួយហើយ។
៣. ភាពចាស់នៃវ័យ
មនុស្សវ័យលើសពី ៥០ ឆ្នាំចាប់ផ្ដើមមានភាពប្រែប្រួលផ្នែកខាងក្នុងនៃត្រចៀក។ ភាពប្រែប្រួលនេះអាចបណ្ដាលឱ្យវិលមុខនៅពេលក្រោកឈរក្រោយពេលគេងខុសទីតាំង។
គួរធ្វើបែបណា? ដូច្នេះចូរព្យាយាមងើបឡើងយឺតៗ។
ពេលណាគួរទៅពេទ្យ? កុំស្ទាក់ស្ទើនឹងទៅជួបពិគ្រោះជាមួយគ្រូពេទ្យប្រសិនបើអាការៈនេះកើតមានទៀងទាត់។
៥. ជាតិស្ករក្នុងឈាមចុះទាប
ប្រសិនបើអ្នករំលងម៉ោងអាហារញឹកញាប់ ឬកំពុងកើតជំងឺទឹកនោមផ្អែមនោះជាតិស្ករក្នុងឈាមប្រហែលជាអាចថយចុះទាបខុសធម្មតាហើយ។ បន្ទាប់មករាងកាយនិងខួរក្បាលបាត់បង់នូវថាមពល ឬទទួលបានថាមពលមិនគ្រប់គ្រាន់ដែលបណ្ដាលឱ្យកើតមានអាការៈវិលមុខ។
គួរធ្វើបែបណា? ទទួលទានទឹកក្រូចស្រស់ ទទួលទានអាហារផ្សេងៗ ឬព្យាយាមគ្រប់គ្រងកម្រិតអាំងស៊ុយលីនឱ្យបានល្អ។
ពេលណាគួរទៅពេទ្យ? ប្រសិនបើក្រោយទទួលទានអាហារគ្រប់គ្រាន់ហើយអាការៈវិលមុខនៅតែមិនបាត់ទៅវិញសោះ ចូរកុំស្ទាក់ស្ទើនឹងជួបពិគ្រោះជាមួយគ្រូពេទ្យ។
៦. គាំងបេះដូង និងដាច់សសៃឈាមខួរក្បាល
ប្រសិនបើអាការៈវិលមុខមានអមមកជាមួយនូវអាការៈឈឺទ្រូង ភាពខ្លីនៃដង្ហើម ចង្អោរចង់ក្អួត និងឈឺដៃនោះវាអាចជារោគសញ្ញានៃបញ្ហាដាច់សសៃឈាមក្នុងខួរក្បាល ឬគាំងបេះដូងហើយ។ ចូរប្រញាប់ទាក់ទងជាមួយគ្រូពេទ្យជំនាញភ្លាម៕