អ្នកអាចហាក់ដូចជា បានធ្វើអ្វីគ្រប់យ៉ាង ដើម្បីឱ្យសក់របស់អ្នកដុះបានលឿន តែជាលទ្ធផលគឺមិនបានដូចចិត្តនោះទេ។ ទោះបីជាមានផលិតផលថែរក្សាសក់ជាច្រើន នៅលើទីផ្សារ ដែលត្រូវបានគេនិយាយថា បង្កើនការលូតលាស់សក់របស់អ្នកក៏ដោយ តាមពិតមានវិធីសាស្រ្តធម្មជាតិងាយៗមួយចំនួន ដែលអាចសម្រេចបាននូវគោលបំណងនេះ។
១. ពាក់មួក
ថ្វីត្បិតតែវីតាមីន D មានសារៈសំខាន់សម្រាប់សុខភាព និង សុខុមាលភាពទូទៅរបស់អ្នកក៏ដោយ ប៉ុន្តែការនៅក្រោមពន្លឺព្រះអាទិត្យច្រើនពេក អាចបំផ្លាញស្បែករបស់អ្នក មិនត្រឹមតែប៉ុណ្ណោះទេ ថែមទាំងសក់របស់អ្នកទៀតផង។ ការប៉ះនឹងពន្លឺព្រះអាទិត្យច្រើនពេក អាចប៉ះពាល់ដល់រចនាសម្ព័ន្ធនៃសក់របស់អ្នក និងធ្វើឱ្យសារធាតុពណ៌ និងប្រូតេអ៊ីនរបស់វាចុះខ្សោយ។ អ្នកឯកទេសខាងវេជ្ជសាស្រ្ដថែមទាំងណែនាំអោយលាបឡេការពារកំដៅថ្ងៃលើស្បែកក្បាលរបស់អ្នក ប្រសិនបើអ្នកសម្គាល់ឃើញថាសក់របស់អ្នកស្តើង។ ការពាក់មួករាល់ពេលអ្នកចេញទៅក្រោមពន្លឺថ្ងៃ គឺជាការប្រសើរសម្រាប់ធ្វើឱ្យសក់មិនសូវជ្រុះ និង ដុះវែងស្អាត។
២. សម្ងួតសក់របស់អ្នកដោយខ្យល់ធម្មជាតិ
ម៉ាស៊ីនសម្ងួតសក់របស់អ្នកជួយឱ្យអ្នកឱ្យសន្សំពេលវេលា ព្រោះថាវានឹងធ្វើឱ្យសក់ឆាប់ស្ងួត។ តែការប្រើវាញឹកញាប់ពេក អាចធ្វើឱ្យសរសៃសក់របស់អ្នកចុះខ្សោយ និងធ្វើឱ្យវាងាយនឹងខូច។ ដោយសារតែម៉ាស៊ីនសម្ងួតផ្លុំកំដៅខ្លាំង វាបណ្តាលឱ្យសក់របស់អ្នកបាត់បង់សំណើម។ សក់ដែលខ្សោះជាតិទឹក នឹងបែកចុងបានយ៉ាងងាយ និង មិនអាចដុះវែងស្អាតឡើយ។
៣. សិតសក់មុនពេលចូលគេង
តើអ្នកមានទម្លាប់សិតសក់មុនពេលចូលគេងដែរឬទេ? តើហេតុអ្វីបានត្រូវសិតសក់ទាំងមិនត្រូវចេញក្រៅផ្ទះ? ការសិតសក់របស់អ្នក ធ្វើឱ្យជាតិប្រេងនៅលើសក់របស់អ្នកអាចចែកចាយពេញលើសរសៃសក់របស់អ្នក និង រក្សាភាពមានសំណើមធម្មជាតិ។ ជាមួយនឹងភាពមានសំណើម សក់អាចលូតលាស់បានល្អ និង មានសុខភាពគួរជាទីគយគន់៕