ប្រសិនបើអ្នកគិតថាខ្លួនអ្នកមានសភាពស្លេកមិនសូវមានកម្លាំង ឬ លទ្ធផលតេស្តឈាមអ្នកបង្ហាញថាគ្រាប់ឈាមក្រហមរបស់អ្នកមានមិនគ្រប់គ្រាន់ អ្នកត្រូវតែរកវិធីដោះស្រាយភ្លាម។ ការដោះស្រាយមួយយ៉ាងសាមញ្ញ គឺការទទួលទានអាហារមួយចំនួន ដែលយើងនឹងលើកឡើងនៅថ្ងៃនេះ។
១. ទឹកឃ្មុំសុទ្ធ
ទឹកឃ្មុំជាប្រភពដ៏ល្អបំផុតមួយដែរនៃជាតិដែក។ ត្រឹម ១០០ ក្រាមទឹកឃ្មុំមានផ្ទុកជាតិដែកដល់ទៅ ០.៤២ មីលីក្រាម។ លើសពីនេះទៅទៀតទឹកឃ្មុំក៏មានផ្ទុកសម្បូរទៅដោយជាតិម៉ាញ៉េស្យូមនិងជាតិទង់ដែងដែលជួយបង្កើនអេម៉ូក្លូប៊ីនក្នុងរាងកាយផងដែរ។ គ្រាន់តែទទួលទានទឹកឃ្មុំ ១ ស្លាបព្រាបាយលាយជាមួយទឹកក្រូចឆ្មារស្រស់ ១ កែវនៅពេលព្រឹកមិនទាន់ទទួលទានអ្វីផ្សេងនឹងជួយប្រយុទ្ធប្រឆាំងបញ្ហាខ្វះគ្រាប់ឈាមក្រហមបានយ៉ាងប្រសើរ។
២. សាច់ក្រហម
អ្នកអាចដោះស្រាយបញ្ហាខ្វះគ្រាប់ឈាមក្រហមបានយ៉ាងឆាប់រហ័ស តាមរយៈការទទួលទានសាច់គ្មានខ្លាញ់ ជាពិសេសសាច់ក្រហម ព្រោះវាមានផ្ទុកសម្បូរទៅដោយជាតិដែក។ ទោះជាយ៉ាងណាដើម្បីជាការប្រសើរ អ្នកគួរទទួលទានសាច់លាយជាមួយនឹងបន្លែបៃតងផ្សេងៗ។ ការទទួលទានសាច់គ្មានខ្លាញ់ក៏ផ្ដល់អោយរាងកាយនូវប្រូតេអ៊ីន ម៉ាញ៉េស្យូម ផូស្វ័រ ស័ង្កសី វីតាមីន B1 B6 និង B12៕
៣. ថ្លើមសត្វ
ត្រឹម ២៨ក្រាម នៃថ្លើមជ្រូក គោ មាន់ ឬចៀម អាចផ្ដល់អោយរាងកាយនូវជាតិដែកដល់ទៅ ៣៦% នៃតម្រូវការចាំបាច់ប្រចាំថ្ងៃ។ ក្រៅពីមានផ្ទុកសម្បូរទៅដោយជាតិដែក ថ្លើមក៏ជាប្រភពដ៏ប្រសើរនៃវីតាមីននិងជាតិរ៉ែចាំបាច់ជាច្រើនផ្សេងទៀត ដែលល្អសម្រាប់សុខភាពរាងកាយទាំងមូល។ ហើយប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហាខ្វះគ្រាប់ឈាមក្រហម ចូរកុំភ្លេចបន្ថែមថ្លើមក្នុងរបបអាហារប្រចាំថ្ងៃអោយសោះ៕