នៅពេលគិតដល់សុខភាព គេផ្តោតសំខាន់លើ៣ផ្នែក ដែលមានសុខភាពផ្លូវកាយ សុខភាពផ្លូវចិត្ត និង សុខភាពផ្លូវភេទ។ តើអ្នកមានដឹងទេថា សុខភាពទាំង៣ផ្នែកនេះមានទំនាក់ទំនងគ្នាទៅវិញទៅមក? ថ្ងៃនេះ អ្នកនឹងបានស្គាល់ថា សុខភាពផ្លូវភេទ អាចប៉ះពាល់សុខភាពផ្លូវចិត្តជាអវិជ្ជមាន នៅពេលដែលយើងតមការរួមភេទ។
១. កម្រិតស្ត្រេសនិងការថប់បារម្ភ
ការរួមភេទបញ្ចេញអរម៉ូនអង់ដូហ្វីន (endorphins) និង អរម៉ូនអុកស៊ីតូស៊ីន (oxytocin) ចូលក្នុងរាងកាយ។ សារធាតុអរម៉ូនទាំងនេះអាចជួយគ្រប់គ្រងផលប៉ះពាល់នៃការថប់បារម្ភឬស្ត្រេស។ អុកស៊ីតូស៊ីន មានអត្ថប្រយោជន៍បន្ថែមជួយឱ្យអ្នកគេងលក់ស្រួល។ ប្រសិនបើអ្នកមិនរួមភេទទៀងទាត់ រាងកាយរបស់អ្នកអាចបញ្ចេញអរម៉ូនទាំងនេះតិចជាមុន និង ធ្វើឱ្យអ្នកងាយនឹងមានបញ្ហាស្រ្តេសនិងថប់បារម្ភ។
២. ចំណង់ផ្លូវភេទ
អ្នកខ្លះគិតថា ការរួមភេទជាប្រចាំធ្វើឱ្យចំណង់ផ្លូវភេទថយចុះ។ តែវាមិនពិតនោះទេ។ ការតមមិនរួមភេទក្នុងរយៈពេលយូរទៅវិញទេ ដែលធ្វើឱ្យអ្នកពិបាកនឹងមានអារម្មណ៍ចង់រួមភេទឡើងវិញ។ អ្នកកាន់តែរួមភេទអ្នកកាន់តែចង់រួមភេទ។ ការរួមភេទទៀងទាត់ជួយបង្កើនចំណង់ផ្លូវភេទរបស់អ្នក។
៣. ទំនាក់ទំនងស្នេហា
សម្រាប់គូស្វាមីភរិយាជាច្រើន ការរួមភេទជាទៀងទាត់គឺជាមធ្យោបាយសំខាន់ដើម្បីរក្សាចំណងអាពាហ៍ពិពាហ៍របស់ពួកគេ។ ការរួមភេទជាទៀងទាត់ ក៏នាំឱ្យមានការប្រាស្រ័យទាក់ទងល្អជាងមុនដែរ។ ជាទូទៅគូស្វាមីភរិយាដែលរួមភេទ ច្រើនតែមានអារម្មណ៍ថាមានទំនាក់ទំនងល្អជាង បើប្រៀបធៀបជាមួយអ្នកដែលអនុវត្តវាតិច៕