ស្ត្រីជនជាតិចិនម្នាក់បានកំពុងរស់នៅជាមួយតម្រងនោមជ្រូក ដែលបានកែប្រែហ្សែន ហើយបន្ទាប់ពីការវះកាត់ផ្សាំសរីរាងនេះជិតបីសប្តាហ៍ ។ គ្រូពេទ្យនិយាយថា គាត់មានសុខភាពល្អ ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មានសុខភាពអាមេរិក នៅថ្ងៃទី២៨ ខែមីនានេះ ។
ស្ត្រីនេះដែលត្រូវបានគេរាយការណ៍ថា អាយុ៦៩ឆ្នាំ មានជំងឺខ្សោយតម្រងនោម អស់រយៈពេល៨ឆ្នាំ មុនពេលទទួលការផ្សាំតម្រងនោមជ្រូក ទៅក្នុងខ្លួនរបស់គាត់ ។ ការវះកាត់នេះ បានធ្វើឡើងនៅមន្ទីរពេទ្យ Xijing នៃសាកលវិទ្យាល័យវេជ្ជសាស្ត្រយោធភូមិភាគទី៤ នៅក្នុងប្រទេសចិន ។
វេជ្ជបណ្ឌិត លីន វ៉ាង ក្នុងក្រុមវះកាត់នេះបាននិយាយថា តម្រងនោមនោះដំណើរការល្អ ហើយអ្នកជំងឺនៅតែកំពុងត្រូវបានតាមដាននៅមន្ទីរពេទ្យ ។
ការវះកាត់នេះ គឺជាផ្នែកមួយនៃការខិតខំប្រឹងប្រែងកាន់តែខ្លាំង ដើម្បីប្រើប្រាស់សរីរាង្គជ្រូកដែលបានកែប្រែហ្សែន ដើម្បីជួយដោះស្រាយការខ្វះខាតសរីរាង្គមនុស្សសម្រាប់ការផ្សាំ ។
រហូតមកដល់ពេលនេះ មានមនុស្សចំនួនបួននាក់ បានទទួលការផ្សាំតម្រងនោមជ្រូក និងពីរនាក់ទៀតបានទទួលបេះដូងជ្រូក ។ ការវះកាត់មួយចំនួននៅដំបូងមានលទ្ធផលមិនល្អ ប៉ុន្តែអ្នកដែលទើបទទួលតម្រងនោមជ្រូកថ្មីៗពីរនាក់ទៀតមានសុខភាពល្អ ។
វេជ្ជបណ្ឌិត លីន វ៉ាង និងក្រុមរបស់គាត់ ក៏កំពុងសាកល្បងថ្លើមជ្រូកផងដែរ ។ ក្នុងការសិក្សាដែលបានបោះពុម្ព នៅថ្ងៃទី២៦ ខែមីនា នៅក្នុងទស្សនាវដ្តី Nature ពួកគេបានរាយការណ៍ថា បានផ្ទេរថ្លើមជ្រូកទៅដាក់អ្នកដែលខួរក្បាលលែងដំណើរការ ។ ថ្លើមនេះ អាចរស់បានរយៈពេល១០ថ្ងៃ ហើយបានបង្ហាញសញ្ញាដំបូងនៃការដំណើរការ ។
លើសពីនេះទៅទៀត វាបានបង្កើតប្រមាត់ និងអាល់ប៊ុយមីនដែលមានសារៈសំខាន់សម្រាប់មុខងារថ្លើម ទោះបីជាមានចំនួនតិចជាងថ្លើមមនុស្សពិតប្រាកដក៏ដោយ ។ តាមទ្រឹស្តី វ៉ាងបាននិយាយថា វានៅតែអាចជួយអ្នកដែលខូចថ្លើម ៕