ការដែលមានអារម្មណ៍ធ្ងន់ៗក្នុងទ្រូង ឬយល់ថា មានការឈឺចាប់ចុក ឬតឹងៗក្នុងទ្រូងចម្លែង គួរតែត្រូវបានចាត់ទុកថា ជារឿងដែលធ្ងន់ធ្ងរ ។ មានន័យថា អ្នកគួរតែស្វែងរកគ្រូពេទ្យដើម្បីពិនិត្យ និងព្យាបាលបើសិនជាវាកើតឡើងជាមួយនឹងការពិបាកដកដង្ហើម ញ័រទ្រូង ការឈឺចាប់ដែលចាក់ទៅដៃ ក និងថ្គាម វិលមុខ និងបែកញើស ។ ទោះបីជាយ៉ាងណាក៏ដោយ ខាងក្រោមនេះគឺជាមូលហេតុញឹកញាប់មួយចំនួនដែលនាំឲ្យមានអារម្មណ៍ធ្ងន់ៗក្នុងទ្រូង៖
ស្ត្រេស
ភាពស្ត្រេសនឹងធ្វើឲ្យរាងកាយមិនស្រួលក្នុងខ្លួនឬស្ថិតក្នុងស្ថានភាព Fight-of-flight Mode និងបង្កជាអាការៈដូចជា តឹងសាច់ដុំ ហើយក៏តឹងក្នុងទ្រូងផងដែរ។ យ៉ាងណាមិញ ជីវិតរស់នៅដោយភាពតានតឹងខ្លាំងពេក ប្រហែលជាធ្វើឲ្យមានជំងឺបេះដូងបាន ហើយក៏ឧស្សាហ៍មានអារម្មណ៍ធ្ងន់ៗក្នុងទ្រូងថែមទៀតខណៈពេលដែលកំពុងតែមានជំងឺគាំងបេះដូង។
ថប់អារម្មណ៍
តើគ្រូពេទ្យមានប្រាប់ថា អ្នកកំពុងតែមានអាការៈរបស់ជំងឺថប់អារម្មណ៍ដែរទេ? ការថប់អារម្មណ៍គឺជាហេតុផលមួយដែលឲ្យតឹងៗក្នុងទ្រូងគ្រប់ពេល ជាពិសេសនៅពេលក្នុងអារម្មណ៍ពោរពេញទៅដោយភាពតក់ស្លុតខ្លាំង។ ការថប់អារម្មណ៍មិនត្រឹមតែធ្វើឲ្យតឹងក្នុងសាច់ដុំនៅទ្រូងទេ តែសាច់ដុំនៅកន្លែងផ្សេងក៏ដូចគ្នាដែរ។
ការច្រាលទឹកអាស៊ីតពីក្រពះ
បើសិនជាការធ្ងន់ៗក្នុងទ្រូងកើតឡើងក្រោយពេលញ៉ាំអាហារភ្លាមៗ រឿងនេះពិតជាបង្កឡើងដោយប្រព័ន្ធរំលាយអាហារច្រើនជាងប្រព័ន្ធរបត់ឈាម។ បើសិនជាជាអ្នកកំពុងតែមានអាការៈច្រាលទឹកអាស៊ីតពីក្រពះ វាក៏ទំនងជាធ្វើឲ្យធ្ងន់ៗក្នុងទ្រូងដែរ ព្រមទាំងមានបញ្ហាក្រហាយទ្រូង ចង្អោ និងមានអារម្មណ៍ល្វីងៗក្នុងមាត់ទៀត។
ជំងឺផ្សេងៗទៀត
យកល្អគួរតែប្រាប់អាការៈធ្ងន់ៗក្នុងទ្រូងនេះឲ្យគ្រូពេទ្យដឹងផងជាពិសេសបើសិនវាកើតឡើងញឹកញាប់ និងចាប់ផ្តើមធ្វើឲ្យអ្នកមិនអាចធ្វើការងារអ្វីបាន។ នេះដោយសារតែ ក្រៅជំងឺគាំងបេះដូង ក៏មានជំងឺជាច្រើនទៀតអាចធ្វើឲ្យធ្ងន់ៗក្នុងទ្រូងដែរ ដូចជា ការរលាកសន្លាក់ឆ្អឹងក្នុងឆ្អឹងជំនី ដំបៅក្រពះ រលាកលំពែង គ្រួសថង់ទឹកប្រមាត់ ជំងឺហឺត និងរលាកសួត៕