ភាពមើលឃើញច្បាស់របស់ភ្នែកដែលចុះខ្សោយភាគច្រើនទាក់ទងបញ្ហាទាំងម្ញូបជិត និងម្ញូបឆ្ងាយ។ កត្តាដែលនាំឲ្យកើតរឿងនេះមានដូចជា ជីវជាតិមិនគ្រប់គ្រាន់ ប្រើភ្នែកសម្លឹងខ្លាំងពេក និងអាយុច្រើន។ ភាពខខ្សោយរបស់ភ្នែកជាធម្មតាត្រូវបានព្យាបាលដោយប្រើកញ្ចក់វ៉ែនតា ដាក់ឡែននៅភ្នែក ឬវះកាត់។ ប៉ុន្តែ អ្នកប្រហែលជាគួរសាកល្បងវិធីព្យាបាលដោយខ្លួនឯងខាងក្រោមនេះសិនដើម្បីពង្រឹងដល់ភាពឃើញច្បាស់របស់ភ្នែក។
ផ្លែអាលម៉ុន
ផ្លែអាលម៉ុនគឺជាគ្រាប់ផ្លែឈើដ៏អស្ចារ្យមួយសម្រាប់ពង្រឹងដល់ភាពឃើញច្បាស់របស់ភ្នែកដោយសារតែវាសម្បូរអាស៊ីតខ្លាញ់អូមេហ្គាបី អង់ទីអុកស៊ីដង់ និងវីតាមីន E។ ជាមួយគ្នានេះដែរ ផ្លែអាលម៉ុនជួយជម្រុញដល់ការផ្ចង់អារម្មណ៍ និងការចងចាំ។
- ចូរត្រាំផ្លែអាលម៉ុន ៥ ទៅ ១០គ្រាប់ក្នុងទឹករយៈពេលមួយយប់
- ព្រឹកឡើង ចូរបកសម្បកវាចិញ ហើយកិនវាឲ្យម៉ត់
- ចូរញ៉ាំវាជាមួយទឹកដោះគោក្តៅឧណ្ហៗមួយកែវ
- ចូរធ្វើបែបនេះរាល់ថ្ងៃរយៈពេលយ៉ាងហោចណាស់ ២ទៅ៣ខែ។
ឧស្សាហ៍ព្រិចភ្នែក
នេះជាវិធីព្យាបាលភាពមើលឃើញច្បាស់របស់ភ្នែកដែលគេធ្វើជាញឹកញាប់។ ការព្រិចភ្នែកគឺជាមធ្យោបាយធម្មជាតិមួយដើម្បីស្តារភាពមានសំណើមក្នុងភ្នែក។ ចូរប្រាកដថា អ្នកព្រិចភ្នែកជារៀងរាល់ ៥ ទៅ៦វិនាទីម្តង។ រឿងនេះនឹងជួយសម្រួលដល់ភាពអស់កម្លាំងរបស់ភ្នែកផង។ អ្នកគួរតែមានទម្លាប់ឧស្សាហ៍ព្រិចភ្នែកបើសិនជាមិនធ្លាប់ធ្វើបែបនេះទេ។ យកល្អគួរតែធ្វើបែបនេះបន្ថែមទៀតនៅពេលអ្នកធ្វើការនៅមុខកុំព្យូទ័រច្រើន។
ហាត់ប្រាណភ្នែក
ការហាត់ប្រាណភ្នែកគឺជាមធ្យោបាយដ៏ងាយស្រួលបំផុតក្នុងការពង្រឹងភាពឃើញច្បាស់របស់ភ្នែក។
- ចូរបង្វិលគ្រាប់ភ្នែកដូចទ្រនិចនាឡិការ និងបន្ទាប់មកបង្វិលបញ្ជ្រាស់វិញបន្តិចម្តងៗ
- ចូរប្រាកដថាក្រោយពីធ្វើរឿងទាំងពីរនេះចប់ហើយ អ្នកបានព្រិចភ្នែកពីរបីដងដែរ
- ចូរធ្វើបែបនេះយ៉ាងហោចណាស់ ៤ ទៅ៥ដងជារៀងរាល់ថ្ងៃ។
ស្អំបាតដៃ
ការស្អំបាតដៃក៏ជាវិធីដ៏មានប្រយោជន៍សម្រាប់សុខភាពភ្នែកដែរ ដោយសារតែវាជួយភ្ញោច និងផ្តល់រំញោចដល់សាច់ដុំភ្នែក និងកញ្ចក់ភ្នែក។ ចូរយកបាតដៃទាំងសងខាងត្រដុសដាក់គ្នារហូតដល់មានកម្តៅ បន្ទាប់មក យកវាមកស្អំនៅលើគ្រាប់ភ្នែកអ្នកថ្នមៗ តែមិនត្រូវសង្កត់ខ្លាំងឡើយ។ យកល្អគួរតែធ្វើបែបនេះឲ្យបានច្រើនដងជារៀងរាល់ថ្ងៃ៕