អាហារពេលព្រឹក ជាអាហារដែលអ្នកត្រូវតែពិសារជាដាច់ខាត ព្រោះវាជាអាហារដែលសំខាន់ណាស់សម្រាប់សុខភាព និងសម្រស់អ្នក។ ហេតុអ្វីបានជាអាហារពេលព្រឹកសំខាន់ដល់ថ្នាក់នេះទៅ?
1. មាននារីជាច្រើន ព្រោះតែចង់ស្រកទម្ងន់ បែរជាមិនញ៉ាំអាហារពេលព្រឹកទៅវិញ ព្រោះគេយល់ថា នៅពេលដែលបរិភោគច្រើន នឹងមិនងាយស្រកទម្ងន់ឡើយ។ ការយល់បែបនេះ ជាគំនិតដែលខុសមួយ ព្រោះអាហារពេលព្រឹក ពិតជាសំខាន់ណាស់។ ក្រោយពេលដែលអ្នកញ៉ាំអាហារពេលព្រឹករួច អ្នកនឹងមានកម្លាំងបំពេញការងារ។ ដូចនេះ នៅពេលដែលអ្នកប្រើកម្លាំង អាហារទាំងនោះនឹងឆាប់រំលាយអស់ ដោយមិនធ្វើឲ្យអ្នកធាត់ទេ។ ផ្ទុយទៅវិញ បើអ្នកពិសារអាហារពេលល្ងាចច្រើន នោះនឹងអាចធ្វើឲ្យអ្នកធាត់ខ្លាំង ព្រោះក្រពះរំលាយមិនទាន់ អ្នកក៏ចូលគេងភ្លាម ដោយមិនងាយធ្វើឲ្យអ្នកស្គមឡើយ។ ដូចនេះ អ្នកគួរតែញ៉ាំអាហារពេលព្រឹក ហើយបន្ថយអាហារពេលល្ងាច ទើបអ្នកអាចទទួលបានរាងស្អាត និងសុខភាពល្អផងដែរ។
2. អាហារ៣ពេលក្នុងមួយថ្ងៃនេះ បើអ្នកពិសារខ្វះអាហារពេលព្រឹក នោះអ្នកនឹងងាយប្រឈមមុខនឹងអាការៈទល់លាមកខ្លាំងណាស់ ដោយធ្វើឲ្យជាតិពុលមិនអាចបញ្ចេញមកក្រៅបានឡើយ។ ដូចនេះ ស្បែកអ្នកនឹងងាយឡើងមុនជាខ្លាំង។
3. ជាតិស្ករក្នុងរាងកាយអ្នកនឹងធ្លាក់ចុះ ព្រោះតែរាងកាយមិនអាចទទួលបានអាហារពេលព្រឹក ដោយអាចធ្វើឲ្យអ្នកកើតមានអាការៈវិលមុខជាដើម ហើយអស់កម្លាំងខ្លាំងតែម្តង។
4. អ្នកនឹងងាយប្រឈមមុខនឹងជំងឺក្រពះ ព្រោះក្រពះមិនមានអាហារសម្រាប់កិននៅពេលព្រឹក។ ដូចនេះ យូរទៅអ្នកនឹងកើតមានអាការៈឈឺក្រពះជាមិនខានឡើយ។
5. នៅពេលដែលរាងកាយមិនអាចទទួលបានអាហារពេលព្រឹក នោះអ្នកនឹងមានប្រតិកម្មយឺត ដោយមិនមានខួរក្បាលរស់រវើកដូចមុនឡើយ។ ដូចនេះ អ្នកគួរតែញ៉ាំអាហារពេលព្រឹកឲ្យបានរាល់ថ្ងៃ ទើបអ្នកអាចរក្សាបានសុខភាពល្អ និងរាងស្អាតព្រមគ្នា៕