ល្ងខ្មៅ ជាគ្រាប់ពូជមួយប្រភេទដែលមិនត្រឹមតែមានរសជាតិឆ្ងាញ់ក្លិនឈ្ងុយប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្ដល់អត្ថប្រយោជន៍គួរឱ្យផ្អើលផ្សេងៗចំពោះសុខភាពផងដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់ និងធ្លាប់ទទួលទានគ្រាប់ល្ងខ្មៅ ប៉ុន្តែប្រហែលជាមិនចាប់អារម្មណ៍ដឹងទេថា គ្រាប់ពូជនេះមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ រួមទាំងសារធាតុមេឡានីន និង sesamin ដែលចាំបាច់សម្រាប់រក្សាសុខភាពរាងកាយល្អប្រសើរច្រើនជាងគ្រាប់ល្ងធម្មតា។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកគួរទទួលទានគ្រាប់ល្ងខ្មៅ ៖
១. ព្យាបាលទប់ស្កាត់ជំងឺខ្វះគ្រាប់ឈាមក្រហម
ល្ងខ្មៅ ជាប្រភពដ៏ប្រសើរនៃជាតិដែកដែលជួយបង្កើនការផលិតគ្រាប់ឈាមក្រហមក្នុងរាងកាយ។ ដូច្នេះហើយទើបគ្រាប់ល្ងខ្មៅត្រូវបានគេណែនាំសម្រាប់អ្នកជំងឺខ្វះគ្រាប់ឈាមក្រហម។
២. ប្រយុទ្ធប្រឆាំងភាពចាស់
ល្ងខ្មៅ មានផ្ទុកសម្បូរទៅដោយជាតិដែក និងវីតាមីន B ដែលជួយទប់ស្កាត់បញ្ហាទាក់ទងនឹងការស្ដាប់, សក់ស្កូវមុនវ័យ និងការចងចាំចុះខ្សោយ។
៣. សុខភាពឆ្អឹង
គ្រាប់ល្ង ជាប្រភពដ៏ប្រសើរនៃជាតិម៉ាញ៉េស្យូម, ផូស្វ័រ និងកាល់ស្យូមដែលចាំបាច់សម្រាប់រក្សាសុខភាពឆ្អឹងរឹងមាំ។
៤. សុខភាពបេះដូង
ក៏ព្រោះតែបរិមាណខ្ពស់នៃសារធាតុ sesamolin និង sesamin ដែលមានផ្ទុក គ្រាប់ល្ងជួយកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលបានយ៉ាងប្រសើរ។ លើសពីនេះទៅទៀត ល្ងខ្មៅ ក៏មានផ្ទុកជាតិម៉ាញ៉េស្យូមដែលជួយបញ្ចុះសម្ពាធឈាមផងដែរ។ សម្ពាធឈាមធម្មតា រួមជាមួយកម្រិតកូឡេស្តេរ៉ូលប្រក្រតីនឹងធ្វើឱ្យអ្នកជៀសផុតពីបញ្ហាបេះដូងផ្សេងៗគួរឱ្យកត់សម្គាល់។
៥. ទប់ស្កាត់ជំងឺហឺត
បរិមាណនៃជាតិម៉ាញ៉េស្យូមក្នុងគ្រាប់ល្ងខ្មៅជួយទប់ស្កាត់ការកន្ត្រាក់សាច់ដុំផ្លូវដង្ហើមចំពោះអ្នកជំងឺហឺត។
៦. ទប់ស្កាត់ជំងឺមហារីក
ល្ងខ្មៅ មានផ្ទុកសម្បូរទៅដោយសារធាតុ phytosterols, អាស៊ីត phytic និងម៉ាញ៉េស្យូម ដែលជួយទប់ស្កាត់ប្រយុទ្ធប្រឆាំងជំងឺមហារីកបានយ៉ាងប្រសើរ។
៧. ការពារថ្លើម
គ្រាប់ល្ងខ្មៅ មានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយការពារថ្លើមពីការបំផ្លាញ និងរក្សាដំណើរការមុខងារនៃថ្លើមល្អប្រសើរ។
៨. បំបាត់បញ្ហាពិបាករំលាយអាហារ និងទល់លាមក
នោះក៏ព្រោះតែល្ងខ្មៅមានផ្ទុកជាតិប្រេងធម្មជាតិដែលជួយសម្រួលដល់ពោះវៀន។ លើសពីនេះទៅទៀត ល្ងខ្មៅក៏ជាប្រភពដ៏ប្រសើរនៃជាតិសសៃដែលជួយទប់ស្កាត់ និងព្យាបាលបញ្ហាប្រព័ន្ធរំលាយអាហារផងដែរ៕