ការហាត់ប្រាណដែលមានដូចជា ការលោត និងរត់ត្រូវបានគេនិយាយថា ជាមធ្យោបាយមួយដើម្បីពង្រឹងដល់សុខភាពរាងកាយ ប៉ុន្តែឥឡូវនេះវាហាក់បីដូចជាអាចជួយបានច្រើនដល់សុខភាពខួរក្បាល និងស្រ្តេសថែមទៀត។
អ្នកស្រាវជ្រាវជាច្រើនបាននិយាយថា ការបញ្ចូនសញ្ញាពីសាច់ដុំជើងមានសារៈសំខាន់សម្រាប់សុខភាពសរសៃប្រសាទ។ ការហាត់ប្រាណសម្រាប់ជើងអាចជួយពង្រឹងដល់មុខងាររបស់ខួរក្បាលបាន។ បើយោងទៅតាមប្រធានដឹកនាំការសិក្សា វេជ្ជបណ្ឌិត Raffaella Adami បានឲ្យដឹងថា ការសិក្សារបស់គាត់គាំទ្រទៅលើទស្សនៈមួយថា អ្នកដែឡមិនអាចធ្វើលំហាត់ប្រាណទ្រទម្ងន់បានដូចជាអ្នកជំងឺដែឡគេងនៅលើគ្រែ ឬអ្នកអាវកាសដែលធ្វើដំណើរយូរៗ មិនគ្រាន់តែបាត់បង់ទំហំសាច់ដុំទេ តែប្រព័ន្ធសរសៃប្រសាទរបស់ពួកគេក៏រងការប៉ះពាល់ដែឬ ហើយសារធាតុគីមីរាងកាយពួកគេទៀតត្រូវបានផ្លាស់ប្តូរថែមទៀតផង។
លំហាត់ប្រាណដែលទ្រទម្ងន់មានដូចជា ការរត់យឺតៗ ការលើកទម្ងន់ និងការឡើងជណ្តើរ សុទ្ធតែជួយបញ្ជូនសញ្ញាដើម្បីបង្កើនសុខភាពសរសៃប្រសាទសម្រាប់ខួរក្បាលកាន់តែមានសុខភាពល្អ។ លំហាត់ប្រាណទ្រទម្ងន់រាងកាយមានប្រសិទ្ធភាពបែបនេះដោយសារតែវាបង្ខំមនុស្សឲ្យប្រឆាំងនឹងការទំនាញផែនដី។
អ្នកវិទ្យាសាស្រ្តបានប្រើប្រាស់កណ្តុរដើម្បីសិក្សាទៅលើសារៈសំខាន់នៃលំហាត់ប្រាណនៅជើង។ ក្នុងរយៈពេល ៤សប្តាហ៍ អ្នកស្រាវជ្រាវមិនឲ្យកណ្តុរប្រើជើងឡើយ។ ថ្វីបើវាមានការមិនឲ្យប្រើជើងក៏ដោយ ក៏កណ្តុរទាំងនោះនៅតែអាចបន្តធ្វើសកម្មភាពប្រចាំថ្ងៃរបស់វាបានដដែល។ ក្រោយពីពិសោធន៍រួច អ្នកស្រាវជ្រាវបានសិក្សាទៅលើកោសិកាមួយៗដែឡស្ថិតនៅតំបន់ Subventricular Zone របស់ខួរក្បាល ដែលចាកន្លែងកោសិកាសរសៃប្រសាទថ្មីៗត្រូវបានផលិតឡើង។ អ្នកស្រាវជ្រាវបានរាយការណ៍ទៅលើទំនាក់ទំនងមួយរវាងការហាត់ប្រាណតិចតួច និងការបង្កើតកោសិកាទាំងនេះ។ ជាលទ្ធផល នៅពេលដែលហាត់ប្រាណកាន់តែតិច ការផលិតកោសិកាសរសៃប្រសាទក៏បានថយចុះយ៉ាងហោចណាស់ ៧០ភាគរយដែរ។
ដូច្នេះហើយ តាមរយៈការសិក្សាថ្មីនេះ ការហាត់ប្រាណនៅជើងក៏ត្រូវបានគេណែនាំឲ្យប្រើដើម្បីពង្រឹងដល់ប្រព័ន្ធសរសៃប្រសាទកណ្តាល និងមុខងារខួរក្បាលដែរ៕