ការមានរបួស ការប្រើប្រាស់ច្រើនជ្រុលនិងកង្វះសកម្មភាពរាងកាយសុទ្ធតែជាដើមហេតុដែលអាចធ្វើឲ្យសន្លាក់ឈឺចាប់បានទាំងអស់។ ប៉ុន្តែតើអ្នកមានដឹងទេថា វាក៏មានជំងឺជាច្រើនដែលអាចធ្វើឲ្យសន្លាក់អ្នកឈឺដែរទេ? ខាងក្រោមនេះអ្នកនឹងបានដឹងថាជំងឺខ្លះធ្វើឲ្យអ្នកស្ទើរមិនជឿថា អាចធ្វើឲ្យឈឺសន្លាក់បានសោះផង។
ជំងឺរលាកឆ្អឹងខ្ចីក្នុងសន្លាក់
ការឈឺសន្លាក់មានរាប់រយប្រភេទ ហើយការរលាកឆ្អឹងខ្ចីក្នុងសន្លាក់គឺជាជំងឺដែលកើតឡើងញឹកញាប់បំផុតតែម្តង។ នៅពេលការខូចខាតរបស់ឆ្អឹងខ្ចីកើតឡើង ឆ្អឹងនៅពីក្រោមនោះនឹងកកិតគ្នា និងបង្កជាការឈឺចាប់ និងរលាកបាន។ កត្តានៃការរលាកឆ្អឹងខ្ចីក្នុងសន្លាក់ខ្លះមានដូចជា ប្រវត្តិគ្រួសារ អាយុ ធាត់ ឬធាត់ជ្រុល ធ្លាប់មានរបួសនៅសន្លាក់ពីមុន និងការប្រើប្រាស់សន្លាក់ច្រើនជ្រុល។
ជំងឺរលាកសន្លាក់ប្រភេទ Rheumatoid Arthritis
ប្រភេទរលាកសន្លាក់ញឹកញាប់បំផុតមួយនេះច្រើនតែកើតឡើងលើសន្លាក់តូចៗដូចជាប្រអប់ដៃ និងករដៃ។ វាទំនងជាកើតឡើងលើអ្នកជំងឺជាទម្រងដុំៗនៅក្រោមស្បែកផង។ បញ្ហានេះអាចមានឥទ្ធិពលច្រើនទៅលើផ្នែកជាច្រើននៃរាងកាយដូចជា សួត និងសរសៃឈាម។ អ្នកជំនាញជាច្រើននិយាយថា ការរលាកសន្លាក់ប្រភេទ Rheumatoid Arthritis អាចបង្កើនការប្រឈមនឹងជំងឺបេះដូងបាន។
ជំងឺរលាកសន្លាក់ហ្គោដ
ទម្រងនៃការរលាកសន្លាក់ប្រភេទនេះគឺឈឺចាប់ខ្លាំងណាស់ ជាពិសេសនៅពេលភ្ញាក់ពីគេងនៅកណ្តាលយប់តែម្តង។ ការឈឺចាប់ច្រើនតែកើតឡើងនៅម្រាមមេជើង។ ម្រាមមេជើងក៏អាចមានលក្ខណៈជាពណ៌ក្រហម និងហើម ហើយក៏មានអារម្មណ៍ក្តៅៗដែរនៅពេលស្ទាប់ប៉ះ។
ជំងឺ Lupus
Lupus គឺជាជំងឺប្រព័ន្ធភាពស៊ាំ ដែលមានន័យថា វាកើតឡើងដោយសារតែប្រព័ន្ធភាពស៊ាំធ្វើការខុសប្រក្រតីដោយខ្លួនឯង។ ជំងឺនេះធ្វើឲ្យខូចខាតដល់សរីរាង្គ និងសន្លាក់ជាច្រើន ហេតុដូច្នេះហើយការឈឺចាប់គឺជារឿងមួយនៃរោគសញ្ញារបស់វា។
ជំងឺប្រមេះទឹកបាយ
បើសិនជាអ្នកគិតថា ជំងឺប្រមេះទឹកបាយគឺជាជំងឺកាមរោគ ដែលប៉ះពាល់តែលើប្រដាប់ភេទទេ យកល្អគួរតែគិតឡើងវិញ។ យោងទៅតាមអ្នកជំនាញបានឲ្យដឹងថា វាគឺជារឿងដែលអាចធ្វើឲ្យសន្លាក់អ្នកឈឺដែរ។ ការឈឺសន្លាក់គឺជាផលវិបាកមួយនៃជំងឺប្រមេះទឹកបាយ ហើយវាក៏ជារឿងមួយដែលធ្វើឲ្យឈឺចាប់ខ្លាំង និងហើមសន្លាក់ថែមទៀត៕