បេះដូង ជាសរីរាង្គដ៏សំខាន់មួយក្នុងរាងកាយដែលត្រូវការការមើលថែ និងយកចិត្តទុកដាក់ជាពិសេស ដើម្បីរក្សាបាននូវសុខភាពល្អធ្វើឲ្យអ្នកមានអាយុវែង ឬរស់បានយូរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ការធ្វើលំហាត់ប្រាណជាប្រចាំ និងជ្រើសរើសរបបអាហារបានត្រឹមត្រូវ គឺចាំបាច់ណាស់សម្រាប់រក្សាបាននូវសុខភាពបេះដូងល្អប្រសើរជៀសផុតពីជំងឺគួរឲ្យព្រួយបារម្ភផ្សេងៗដែលគម្រាមកំហែងដល់អាយុជីវិត។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីប្រភេទនៃអាហារដែលអ្នកគួរទទួលទានឲ្យបានច្រើន ដើម្បីរក្សាបាននូវសុខភាពបេះដូងល្អប្រសើរជៀសផុតពីបញ្ហាផ្សេងៗ ៖
១. ត្រីសាលម៉ុន
ជាប្រភពដ៏ល្អបំផុតមួយនៃអាស៊ីតខ្លាញ់អូមេហ្គា ៣, អូមេហ្គា ៣ DHA និង EPA ដែលជួយកាត់បន្ថយហានិភ័យនៃបញ្ហាស្ទះសសៃឈាមបេះដូង, ជំងឺបេះដូងដទៃទៀត រួមទាំងបញ្ហាសម្ពាធឈាមផងដែរ។ ហើយត្រីសាលម៉ុនស្រស់ គឺប្រសើរជាងត្រីសាលម៉ុនកំប៉ុង ក៏ព្រោះភាគច្រើនត្រីសាលម៉ុនកំប៉ុងមានផ្ទុកសារធាតុគីមីច្រើន ក៏ដូចជាសារធាតុរក្សាទុកបានយូរដែលប៉ះពាល់ខ្លាំងចំពោះសុខភាព។ ទោះជាយ៉ាងណា ត្រីធូណា, ត្រីសាឌីន, ត្រី mackerel ជាដើម ក៏ល្អសម្រាប់សុខភាពមនុស្សដែរ។
២. គ្រាប់ធញ្ញជាតិ
គ្រាប់ធញ្ញជាតិមានផ្ទុកសម្បូរទៅដោយជាតិប្រូតេអ៊ីន, ជាតិសសៃ និងអាស៊ីតខ្លាញ់អូមេហ្គា ៣ ព្រមទាំងជាតិខ្លាញ់ល្អៗដែលចាំបាច់សម្រាប់រក្សាសុខភាពបេះដូងល្អរឹងមាំ។ ទោះជាយ៉ាងណា អ្នកមិនគួរទទួលទានគ្រាប់ធញ្ញជាតិលើសពីមួយក្ដាប់ដៃពេញក្នុងមួយថ្ងៃឡើយ។
៣. ផ្លែបឺរ
ផ្លែបឺរ គឺជាផ្លែឈើដែលមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់ល្អ monounsaturated, ជាតិសសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ វាមិនត្រឹមតែផ្ដល់ប្រយោជន៍យ៉ាងប្រសើរចំពោះស្បែកប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់សុខភាពសសៃឈាម និងបេះដូងផងដែរ។ ផ្លែបឺរជាប្រភពនៃវីតាមីន E ដែលអាចបញ្ឈប់អុកស៊ីតកម្មនៃកូឡេស្តេរ៉ូល។ ដូច្នេះដើម្បីជៀសផុតពីបញ្ហាស្ទះសសៃឈាម ចូរព្យាយាមទទួលទានផ្លែបឺររាល់ថ្ងៃជាប្រចាំ។
៤. ប្រេងអូលីវ
ប្រេងអូលីវ ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្ម និងជាតិខ្លាញ់ល្អ ហើយគ្មានផ្ទុកជាតិកូឡេស្តេរ៉ូលឡើយ ដូច្នេះវាក្លាយជាប្រភេទនៃអាហារល្អបំផុតសម្រាប់សុខភាពបេះដូង។
៥. បន្លែ និងផ្លែឈើ
ការទទួលទានបន្លែផ្លែឈើ ក៏ប្រសើរបំផុតសម្រាប់សុខភាពបេះដូងគួរឲ្យកត់សម្គាល់។ បន្លែគ្រប់ប្រភេទ និងផ្លែឈើមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម, វីតាមីន រួមទាំងជាតិរ៉ែ និងសារធាតុចិញ្ចឹមចាំបាច់ច្រើនប្រភេទដែលប្រសើរណាស់ចំពោះសុខភាពបេះដូង និងរាងកាយទាំងមូល។ ទោះជាយ៉ាងណាបន្លែពិសេសមួយចំនួនដូចជា ការ៉ុត, ប៉េងប៉ោះ, ផ្កាខាត់ណាខៀវ មានផ្ទុកសម្បូរទៅដោយវីតាមីន A, B និង C ព្រមទាំងសារធាតុ beta-carotene ដែលជួយកាត់បន្ថយហានិភ័យនៃជំងឺគាំងបេះដូង និងស្ទះសសៃឈាមបេះដូង។
៦. តែបៃតង
មានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម flavonoidsដែលជួយរក្សាសុខភាពសសៃឈាមល្អប្រសើរ។ វាក៏មានលក្ខណៈសម្បត្តិកាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍ផងដែរ៕