អ្នកប្រាកដជាធ្លាប់ល្បីយូរហើយអំពីអត្ថប្រយោជន៍ជាច្រនើនៃការញ៉ាំតែដូចជា តែខ្មៅ តែស បៃតង ឬតេអ៊ូឡុងជាដើម។ ហេតុដូច្នេះហើយបានជាអ្នកអាចនឹងមានទម្លាប់ញ៉ាំតែនេះជាទៀងទាត់។ ប៉ុន្តែមិនមែនដោយសារតែតែមានប្រយោជន៍ច្រើនបែបនេះ មានន័យថាអ្នកអាចញ៉ាំវាក្នុងទម្រងអ្វីក៏បានតាមចិត្តចង់ឡើយ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អ្នកជំនាញនិយាយថា មានមធ្យោបាយច្រើនណាស់ដែលយើងអាចញ៉ាំតែបាន ប៉ុន្តែគេបានដាក់បម្រាមរឿងមួយចំនួនក្នុងពេលញ៉ាំតែម្តងៗ។ បម្រាមទាំងនោះមានដូចជា៖
១. ញ៉ាំភ្លាមៗក្រោយបាយរួច
ចូរតមការញ៉ាំតែភ្លាមក្រោយពីបាយរួច ព្រោះរឿងនេះអាចរំខានដល់ការរំលាយអាហារបាន ដូច្នេះរាងកាយនឹងកង្វះជីវជាតិដែលរាងកាយត្រូវការ។ យកល្អអ្នកគួរតែរងចាំញ៉ាំតែយ៉ាងហោចណាស់កន្លះម៉ោងសិនក្រោយពីញ៉ាំអាហាររួច។ តែបើសិនជាអ្នកកំពុងតែជួបបញ្ហាក្រពះមិនកិន អ្នកអាចញ៉ាំតែខ្ញីបានដើម្បីសម្រួលដល់ការរំលាយអាហារវិញ។
២. ញ៉ាំមុនបាយ
វាមិនសូវខុសគ្នាឡើយ អ្នកគួរតែកុំញ៉ាំតែឲ្យសោះរយៈពេលមួយម៉ោងមុនពេលអង្គុយញ៉ាំបាយ។ ព្រោះការញ៉ាំតែហើយញ៉ាំបាយភ្លាម នោះវានឹងធ្វើឲ្យអាហារដែលញ៉ាំរួចនឹងគ្មានប្រយោជន៍ទាំងអស់។ ប៉ុន្តែបើសិនជាអ្នកចង់សម្រកទម្ងន់ ការញ៉ាំតែមុនអាហារ អាចជារឿងល្អ ហើយវាក៏មិនអាចធ្វើឲ្យអ្នកញ៉ាំបាយច្រើនជ្រុលបានដែរ។
៣. ការញ៉ាំតែក្នុងកម្រិតខ្លាំងពេក
អ្នកអាចទទួលបានប្រយោជន៍ពីការញ៉ាំតែមិនខ្វល់ថា វាជាតែក្តៅ ត្រជាក់ ឬសីតុណ្ហភាពធម្មតាឡើយ។ ប៉ុន្តែវានឹងក្លាយទៅជារឿងខុសគ្នាដាច់វិញបើសិនជាអ្នកញ៉ាំតែក្នុងសីតុណ្ហភាពក្តៅពេក ព្រោះវានឹងផ្តល់ផលប៉ះពាល់ជាងផលល្អ។ ក្រៅពីធ្វើឲ្យរលាកមាត់ ការញ៉ាំតែក្តៅពេកនឹងបង្កើនការប្រឈមនឹងជំងឺមហារីកក្នុងមាត់ ក្រពះ និងបំពង់លើក្រពះ។
៤. ការញ៉ាំតែចាស់ពេក
សម្រាប់អ្នកដែលចូលចិត្តញ៉ាំតែ វាពិតជាអាស្រ័យទៅលើចំណង់ចំណូលចិត្តអ្នកផ្ទាល់ទេ ថាត្រូវការញ៉ាំតែមួយពែកដែលចាស់ ឬស្តើងទើបឆ្ងាញ់។ ប៉ុន្តែអ្នកជំនាញបានណែនាំច្បាស់ថា មនុស្សគ្រប់គ្នាមិនគួរណាញ៉ាំតែដែលចាស់ពេកឡើយ ព្រោះថាវានឹងផ្ទុកជាតិកាហ្វេអ៊ីនច្រើនដូចកាហ្វេ រហូតដល់ប៉ះពាល់ដល់ការគេងនៅពេលយប់បាន។
៥. ឆុងភ្លាមគួរកុំទុកយូរពេក
ក្បួនដ៏ល្អមួយដែលអ្នកគួរធ្វើនោះគឺ ចូរញ៉ាំតែភ្លាមនៅពេលឆុងរួច។ នេះដោយសារតែវាផ្ទុកទៅដោយអង់ទីអុកស៊ីដង់ជាច្រើន ប៉ុន្តែបើសិនជាអ្នកទុកវាចោលយូរពេក វានឹងបាត់បង់កាន់តែច្រើនដែរ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ហេតុដូច្នេះហើយទើបការញ៉ាំតែគឺមិនត្រូវធ្វើឡើងយូរជាងមួយថ្ងៃឡើយសម្រាប់មួយប៉ាន់ល្មមដែលឆុងរួច៕