វ៉ាក់សាំងបង្ការមេរោគអេស៍ដែលគេពិសោធន៍រួចបានការពារសត្វពីវីរុសជំងឺនេះបានច្រើនប្រភេទ។ យោងទៅតាមអ្នកស្រាវជ្រាវអាមេរិកបានឲ្យដឹងថា ការសិក្សាទៅលើវ៉ាក់សាំងនេះលើមនុស្សត្រូវបានគេរំពឹងទុកថាចាប់ផ្តើមនៅត្រីមាសទីពីរឆ្នាំ ២០១៩ខាងមុខនេះដែរ។
យោងទៅតាមអ្នកស្រាវជ្រាវជាមួយនឹង National Institute of Allergy and Infectious Disease (NIAID) របស់សហរដ្ឋអាមេរិក បានឲ្យដឹងថា វ៉ាក់សាំងនេះតម្រងគោលដៅទៅលើវីរុសបង្កជំងឺអេដស៍ និងជម្រុញឲ្យបង្កើតជាអង់ទីគ័រក្នុងសត្វកណ្តុរ ជ្រូក និងស្វា។
វេជ្ជបណ្ឌិត Anthony Fauci នាយករបស់ NIAID បាននិយាយក្នុងសេចក្តីប្រកាសព័ត៌មានថា អ្នកស្រាវជ្រាវបានប្រើប្រាស់ចំណេះពេញលេញនៃរចនាសម្ព័ន្ធរបស់មេរោគបង្កជំងឺអេដស៍របស់ពួកគេដើម្បីស្វែងរកកន្លែងមិនធម្មតានៅលើវីរុសនេះ និងបង្កើតជាវ៉ាក់សាំងដែលខ្លាំងក្លា និងពិតប្រាកដមួយ។ គាត់បានបន្ថែមទៀតថា ការសិក្សានេះគឺជាជំហ៊ាណដ៏សំខាន់មួយដើម្បីឆ្ពោះទៅកាន់ការអភិវឌ្ឈន៍វ៉ាក់សាំងដែលមានសុវត្ថិភាព និងប្រសិទ្ធភាពផង។
អ្នកវិទ្យាសាស្រ្តកំពុងតែបង្កើតនូវភាពរីកចម្រើនរបស់វ៉ាក់សាំងដូចជា បង្កើនភាពខ្លាំងរបស់វា ដើម្បីផលិតនូវវ៉ាក់សាំងមួយប្រភេទដែលស័ក្តិសមសម្រាប់ធ្វើតេស្តលើមនុស្សតែម្តង។ ការសិក្សានេះដឹកនាំដោយ Peter Kwong និងវេជ្ជបណ្ឌិត John Mascola មកពី NIAID Vaccine Research Center និងត្រូវបានចុះផ្សាយក្នុងសារព័ត៌មាន Nature Medicine លើប្រព័ន្ធអនឡាញ កាលពីថ្ងៃទី ៤ ខែមិថុនានេះ៕