ផ្លែប័រគឺជាផ្លែឈើដ៏មានប្រជាប្រិយមួយប្រភេទ មិនថាក្នុងស្រុក ឬក្រៅស្រុកទេ។ ក្រៅពីមានរូបរាងស្អាត និងរសជាតិឆ្ងាញ់ តែវាក៏មានប្រយោជន៍ចំពោះសុខភាពយ៉ាងច្រើនណាស់ដែរ។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ចំពោះសុខភាពល្អនៃការទទួលទានផ្លែប័រ ហើយកាលណាអ្នកអានចប់ហើយ ប្រាកដថាចង់ទទួលទានវាកាន់តែច្រើនផងដែរ។
ល្អជាងផ្លែចេក
រាងកាយរបស់មនុស្សយើងត្រូវការជាតិប៉ូតាស្យូមដើម្បីធ្វើការបានធម្មតា។ ឧទាហរណ៍ ជាតិរ៉ែមួយនេះជួយរក្សាចង្វាក់បេះដូងលោតហ្នឹងល្អ។ មនុស្សភាគច្រើនតែងគិតអំពីផ្លែចេក នៅពេលពួកគេចង់ទទួលបានជីវជាតិមួយនេះកាន់តែច្រើន។ ប៉ុន្តែផ្លែប័រមានចំនួនជីវជាតិមួយនេះច្រើនជាងផ្លែចេកទៅទៀត។
ការពារភ្នែក
ផ្លែប័រមានសារធាតុ Lutein និង Zeaxanthin ដែលជួយបឺតស្រូបរលកពន្លឺដែលអាចបង្កគ្រោះថ្នាក់ដល់ភ្នែកបាន។ អ្នកដែលញ៉ាំអាហារសម្បូរអង់ទីអុកស៊ីដង់ប្រភេទនេះច្រើនទំនងជាមិនងាយមានបញ្ហាភ្នែកនៅពេលចាស់ ដែលនាំឲ្យកើតជាការពិការភ្នែកលើមនុស្សចាស់។ អង់ទីអុកស៊ីដង់របស់ផ្លែប័រភាគច្រើនមាននៅក្នុងសាច់ពណ៌បៃតងជិតនឹងគ្រាប់របស់វាតែម្តង។
ជួយដល់ការស្រកទម្ងន់
សាច់ផ្លែប័រពាក់កណ្តាលមានជាតិសរសៃប្រហែល ៦ក្រាម ដែលវាស្មើនឹងមួយភាគបួននៃតម្រូវការជាតិសរសៃប្រចាំថ្ងៃរបស់មនុស្សយើង។ ជាតិសរសៃជួយឲ្យមានអារម្មណ៍ឆាប់ឆ្អែត ដូច្នេះអ្នកក៏មិនងាយញ៉ាំច្រើនដែរ។ ថ្វីបើផ្លែប័រសម្បូរជាតិខ្លាញ់ក៏ដោយ តែវាជាខ្លាញ់ដែលល្អ។ តាមការស្រាវជ្រាវបានរកឃើញថា ខ្លាញ់ប្រភេទនេះជួយរក្សាការរីកធំរបស់ចង្កេះ។
បង្កើនការមានអារម្មណ៍ល្អ
ផ្លែប័រមួយចំហៀងមានសារធាតុ Folate ប្រហែល ១១៨ម៉ៃក្រូក្រាម ដែលវាស្ទើរតែស្មើនឹងមួយភាគបីនៃតម្រូវការសារធាតុនេះប្រចាំថ្ងៃរបស់មនុស្សយើងទៅហើយ។ អ្នកដែលទទួលបានវីតាមីនប្រភេទនេះមិនគ្រប់គ្រាន់ គឺងាយនឹងមានបញ្ហាបាក់ទឹកចិត្តណាស់ ហើយក៏មិនងាយឆ្លើយតបនឹងការប្រឆាំងនឹងការបាក់ទឹកចិត្តដែរ។ Folate ក៏ដើរតួនាទិដ៏សំខាន់មួយក្នុងការបង្ការកូនកើតមកខូចអវៈយវៈដែរ ដូច្នេះសម្រាប់ស្រ្តីមានផ្ទៃពោះគួរតែទទួលទានវាឲ្យបានច្រើន។
បង្កើនថាមពល
ផ្លែឈើពណ៌បៃតងនេះផ្ទុកទៅដោយវីតាមីន B ផ្សេងៗទៀតផងដែរដូចជា វីតាមីន B1, B2, និង B3។ វាមាននាទីជួយដល់រាងកាយបំលែងអាហារដែលអ្នកញ៉ាំទៅជាថាមពល។ ផ្លែប័រគឺជាផ្លែឈើដ៏ពិសេសមួយដែលសម្បូរទៅដោយសារធាតុ Niacin ដែលអាចប្រឆាំងការរលាកក្នុងរាងកាយ និងការពារសរសៃឈាមអាក់ទែបានតាមរយៈការសម្រួលដល់ចំនួនកូឡេស្តេរ៉ុល និងTriglycerides ក្នុងឈាម។
ល្អចំពោះសុខភាពបេះដូង
បើយើងនិយាយអំពីសរសៃឈាម សមាគមន៍ជំងឺបេះដូងអាមេរិកបានណែនាំថា ភាគច្រើននៃជាតិខ្លាញ់ដែលអ្នកញ៉ាំគួរតែជាប្រភេទ Unsaturated ដែលមានក្នុងផ្លែប័រចៀសជាងខ្លាញ់ Saturated ដែលមានក្នុងអាហារដូចជា សាច់ក្រហម និងអាហារធ្វើពីទឹកដោះគោ។ ការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថា ផ្លែប័រគឺជាអាហារដ៏ពិសេសដែលអាចជួយបញ្ចុះកូឡេស្តេរ៉ុលអាក្រក់ ខ្លាញ់ Triglyceride និងសម្ពាធឈាមបាន៕