យោងទៅតាមសារព័ត៌មាន BBC News បានឲ្យដឹងថា តើការលេបថ្នាំរបស់យើងកំពុងតែធ្វើឲ្យបាក់ទឹកចិត្តដែរទេ? រឿងនេះគឺជាសេចក្តីរាយការណ៍ថ្មីមួយរបស់ការសិក្សាអាមេរិកដែលពិនិត្យទៅលើភាពអាចទៅរួចរវាងថ្នាំមានវេជ្ជបញ្ជា និងការបាក់ទឹកចិត្ត។
អ្នកស្រាវជ្រាវបានពិនិត្យទៅលើថ្នាំមានវេជ្ជបញ្ជាទៅលើមនុស្សធំប្រមាណ ២៦១៩២នាក់ ក្នុងសហរដ្ឋអាមេរិករវាងឆ្នាំ ២០០៥ និង ២០១៤។ ពួកគេបានរកឃើញថា ច្រើនជាងមួយភាគបីធ្លាប់ប្រើថ្នាំជាមួយនឹងការបាក់ទឹកចិត្តដែលជាផលរំខានរបស់វា។ លទ្ធផលបានបង្ហាញថា ប្រហែល ១ក្នុងចំនួន ៧នាក់ មានការបាក់ទឹកចិត្តក្នុងចំណោមអ្នកដែលលេបថ្នាំចាប់ពី ៣គ្រាប់ឡើងទៅ។
យ៉ាងណាមិញ មានហេតុផលច្រើនណាស់ដែលត្រូវប្រុងប្រយ័ត្នចំពោះការរកឃើញនេះ។ ថ្នាំជាច្រើនសុទ្ធតែមានផលរំខានធ្ងន់ធ្ងររបស់វា ដែលមិនមែនមានន័យថា មនុស្សគ្រប់គ្នាដែលកំពុងតែប្រើថ្នាំសុទ្ធតែមានផលរំខានទាំងអស់នោះឡើយ។ ជាមួយគ្នានេះដែរ អ្នកដែលលេបថ្នាំចាប់ពី ៣គ្រាប់ឡើងទៅទំនងជាមានជំងឺរយៈពេលយូរជាងអ្នកដែលមិនប្រើថ្នាំ។ ការដែលមានជំងឺរយៈពេលយូរត្រូវបានគេដឹងថាបង្កើនការប្រឈមនឹងការបាក់ទឹកចិត្ត ដោយមិនគិតថា មានជាប់ទាក់ទងនឹងផលរំខានរបស់ថ្នាំឡើយ៕