នៅពេលដែលមានបុរសមិនល្អមកញ៉ែ អ្នកអាចប្រើក្បាច់ទាំងនេះ ដើម្បីបណ្តេញគេឲ្យទៅឆ្ងាយពីអ្នក។ តើមានអ្វីខ្លះទៅ?
1. អ្នកអាចនិយាយបានថា តាមពិតទៅអ្នកក៏ចង់ផ្តល់ក្តីស្រឡាញ់របស់អ្នកចំពោះគេដែរ ប៉ុន្តែអ្នកមិនអាចកុហកខ្លួនឯងបានឡើយ ហើយរឹតតែមិនចង់បោកប្រាស់មនោសញ្ចេតនាគេទៀត។ នៅពេលដែលអ្នកនិយាយបែបនេះ នោះគេនឹងអាចដឹងខ្លួនហើយ។
2. អ្នកក៏អាចនិយាយប្រាប់គេថា នៅពេលដែលអ្នកនៅជិតគេ គឺមានអារម្មណ៍ថាកក់ក្តៅ ប៉ុន្តែភាពកក់ក្តៅនេះ មិនមែនជារបៀបស្នេហាទេ តែបែរជាបែបមិត្តភក្តិទៅវិញ។ នៅពេលដែលអ្នកបង្ហាញគេបែបនេះ គេនឹងអាចដឹងពីចិត្តអ្នក ហើយមិនរំខានអ្នកទៀតទេ។
3. អ្នកក៏អាចប្រាប់គេថា អ្នកគិតថា អ្នកមិនអាចផ្តល់អ្វីដែលគេចង់បានឡើយ។ នៅពេលដែលអ្នកមានចិត្តក្លាហានដើម្បីនិយាយបែបនេះ នោះអ្នកនឹងអាចដកខ្លួនចេញពីមនុស្សដែលអ្នកមិនស្រឡាញ់បាន។
4. អ្នកក៏អាចបង្ហាញគេដោយប្រាប់គេថា បច្ចុប្បន្ននេះអ្នកមិនទាន់អាចកំណត់ចិត្ត និងអារម្មណ៍អ្នកបានឡើយ ដូចនេះ អ្នកនៅមិនទាន់ចង់ចាប់ផ្តើមមនោសញ្ចេតនាថ្មីទេ។ បើអ្នកអាចបញ្ជាក់ប្រាប់ពីចិត្តរបស់អ្នកច្បាស់បែបនេះ នោះគេនឹងអាចយល់ជាមិនខានឡើយ។
5. អ្នកក៏អាចនិយាយប្រាប់គេថា អ្នកបារម្ភពីគេ ប៉ុន្តែមិនមែនស្រឡាញ់គេទេ ដោយបារម្ភបែបជាមិត្តភក្តិ ឬដូចបងប្អូនប៉ុណ្ណោះ។ បើអ្នកមិនផ្តល់ក្តីសង្ឃឹមដល់គេបែបនេះ គេនឹងអាចចេញដោយខ្លួនឯង។ ដូចនេះ អ្នកនឹងអាចដកខ្លួនចេញជាមិនខានឡើយ៕