ថ្វីបើទឹកម្រះមានរសជាតិល្វីងបន្តិចមែនក៏ដោយ តែវាមានជីវជាតិសំខាន់ៗច្រើន។ វាមិនគ្រាន់តែផ្តល់សុខភាពល្អ និងជីវជាតិល្អបំផុតសម្រាប់ជម្រុញដល់សុខភាពមនុស្សយើង។ ពិតណាស់ តាមការស្រាវជ្រាវ ទឹកម្រេះគឺមានប្រយោជន៍ចំពោះសុខភាពច្រើនយ៉ាង ប៉ុន្តែក្នុងនោះ វាត្រូវបានគេរកឃើញថា អាចជួយគ្រប់គ្រងជាតិស្ករក្នុងឈាម និងបញ្ចុះកូឡេស្តេរ៉ុលក្នុងឈាមយ៉ាងឡូយ។
បញ្ចុះកូឡេស្តេរ៉ុល
ទឹកម្រះដ៏ល្វីងនេះគឺជាភេសជ្ជៈប្រឆាំងការរលាក និងអាចជួយបញ្ចុះកូឡេស្តេរ៉ុលក្នុងឈាមថែមទៀត។ ដូច្នេះហើយ វាអាចបន្ថយការប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាល និងគាំងបេះដូងបាន។ ជាមួយគ្នានេះដែរ វានឹងជួយរក្សាសម្ពាធឈាមរាងកាយ ដោយសារតែសម្បូរជាតិប៉ូតាស្យូម ដែលជួយបឺតស្រូបជាតិសូដ្យូមក្នុងរាងកាយបានទៀត។ ទឹកម្រះក៏សម្បូរទៅអាស៊ីតហ្វូលិក និងជាតិដែកដែលត្រូវបានគេដឹងថា ជួយថែរក្សាសុខភាពបេះដូង និងបន្ថយការប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាល។
រក្សាជាតិស្ករក្នុងឈាម
ទឹកម្រះផ្ទុកទៅដោយសារធាតុមានលក្ខណៈដូចអាំងស៊ុយលីន ដែលត្រូវបានគេស្គាល់ថាជា Polypeptide-p ឬ P-insulin ដែលវាអាចជួយគ្រប់គ្រងជំងឺទឹកនោមផ្អែមតាមបែបធម្មជាតិបាន។ យោងទៅតាមការសិក្សាមួយក្នុងឆ្នាំ ២០១១ ដែលចុះផ្សាយក្នុងសារព័ត៌មាន Journal Ethnopharmacology បានឲ្យដឹងថា អ្នកដែលញ៉ាំម្រេះ ២០០០មីលីក្រាម ជាទៀងទាត់ អាចជួយបន្ថយជាតិស្ករក្នុងឈាមបានយ៉ាងគួរឲ្យកត់សម្គាល់ ជាពិសេសអ្នកជំងឺដែលមានជំងឺទឹកនោមផ្អែមប្រភេទទី២តែម្តង។
ការសិក្សាបានឲ្យដឹងថា រុក្ខជាតិមួយនេះមានសារធាតុអាំងស៊ុយលីន ដែលជួយបានទាំងអ្នកជំងឺទឹកនោមផ្អែមប្រភេទទី១ និងទី២។ ម្រះក៏ជួយបង្កើនការបឺតស្រូបជាតិស្ករចូលក្នុងកោសិកា និងពង្រឹងដល់ការគ្រប់គ្រងជាតិស្ករក្នុងឈាមបាន។ អ្នកដែលកំពុងតែមានជំងឺទឹកនោមផ្អែម និងលេបថ្នាំបញ្ចុះជាតិស្ករទៀតប្រហែលជាត្រូវការផ្លាស់ប្តូរកម្រិតថ្នាំប្រើប្រាស់បើសិនជាពួកគេចង់ញ៉ាំទឹកម្រះជារឿងរាល់ថ្ងៃ។
គ្រឿងផ្សំ
- ម្រះពីរផ្លែ
- ទឹកក្រូចឆ្មាមួយស្លាបព្រាបាយ
- ទឹកឃ្មុំមួយស្លាបព្រាបាយ
- ខ្ញីកញ្ច្រាំម៉ត់មួយស្លាបព្រាយបាយ
- ដាក់អំបិលបន្តិចដើម្បីបានរសជាតិ
- ម្រេចខ្មៅបន្តិច
របៀបធ្វើ
- លាងសម្អាតម្រះឲ្យបានស្អាតល្អ
- យកគ្រាប់ និងសាច់សរចេញ ហើយទុកតែសាច់ខាងក្រៅពណ៌បៃតងបានហើយ
- កាត់វាជាដុំៗ
- ត្រាំក្នុងទឹកអំបិល ឬទឹកក្រូចឆ្មារយៈពេលពីរបីនាទី
- បន្ទាប់មកយកវាទៅកិន
- អ្នកអាចចាក់ទឹកផ្លែប៉ោម ទឹក ឬទឹកក្រូចឆ្មាចូលទៅក្នុងម៉ាស៊ីនក្រឡុកនោះដើម្បីបន្ថយជាតិល្វីង
- បន្ថែមទឹកឃ្មុំ ម្រេច និងខ្ញីចូល
- កិនគ្រឿងផ្សំទាំងអស់រហូតដល់ក្លាយទៅជាល្បាយស្មើសាច់
- ចាក់យកតែទឹក និងចោលដុំដែលធំៗចេញ
- ចូរចាក់វាចូលទៅក្នុងកែវ និងញ៉ាំបានហើយ៕