អ្នកជំនាញថែរក្សាស្បែកនិយាយថា អ្នកខ្លះចោទហ្សែនរបស់ពួកគេថាធ្វើឲ្យរន្ធញើសនៅលើស្បែកមុខរីកធំ ដែលជាហេតុនាំឲ្យពួកគេបន្តផូសរឿងនេះច្រើនៗក្នុងបណ្តាញសង្គមដើម្បីកាត់សាញ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ពិតណាស់ ក្រៅពីហ្សែន វាក៏មានរឿងជាច្រើនផ្សេងទៀតដែលអាចធ្វើឲ្យរន្ធញើសនៅស្បែករីកធំដែរ ហើយខ្លះវាបង្កឡើងដោយទម្លាប់ប្រចាំថ្ងៃរបស់អ្នក ទាំងអ្នកខ្លួនឯងក៏មិនបានដឹងផង។ តើទម្លាប់អាក្រក់ទាំងនោះមានអ្វីខ្លះទៅ?
មិនបានប្រើផលិតផលលាងសម្អាតស្បែកដែលត្រឹមត្រូវ
ការដែលស្បែកមានជាតិប្រេងច្រើន នោះអាចនឹងធ្វើឲ្យរន្ធញើសលើស្បែករីកធំ ហើយវាក៏ជាសុបិន្តអាក្រក់សម្រាប់សុខភាពសម្រស់របស់ពួកគេផងដែរ។ ប៉ុន្តែកុំបារម្ភអីបើសិនជាស្បែកមានជាតិប្រេងច្រើនៗបែបនេះ ចូរប្រាកថា អ្នកបានប្រើប្រាស់ផលិតផលសម្អាតមុខដែលត្រូវនឹងស្បែកអ្នកផង។ នៅចន្លោះពេលសម្អាតមុខ អ្នកអាចបំបាត់ការចេញជាតិប្រេងតាមរយៈការប្រើក្រដាសពិសេសសម្រាប់ផ្តិតស្បែកបាន។
កំពុងតែញ៉ាំអាហារខុស
របបអាហារដែលមានជាតិផ្អែម និងកាបូអ៊ីដ្រាតខ្ពស់ អាចធ្វើឲ្យស្បែកភ្លឺរលោងបានដោយសារតែអតុល្យភាពអ័រម៉ូន។ ប៉ុន្តែវាអាចបង្កជាបញ្ហាវិញបើសិនជាអ្នកញ៉ាំអាហារកៃឆ្នៃច្រើនពេក។ ដូច្នេះដើម្បីលុបបំបាត់ការចេញជាតិប្រេងលើស្បែកច្រើន និងរន្ធញើសរីកធំ ចូរប្រាកដថា អ្នកបានបញ្ចូលបន្លែ និងផ្លែឈើស្រស់ៗក្នុងរបបអាហារទទួលទានជាប្រចាំ។
មិនបានធ្វើការជម្រះកោសិកាស្បែកងាប់ៗជាប្រចាំ
បញ្ហាសម្រស់លើអ្នកដែលមានស្បែកចេញជាតិប្រេងច្រើននោះគឺវត្តមានមុនក្បាលខ្មៅច្រើន។ តាមពិតទៅ រឿងនេះមិនធ្វើឲ្យរន្ធញើសរីកធំទេ តែវាអាចធ្វើឲ្យយើងមើលឃើញរន្ធញើសច្បាស់ៗ ហើយច្រើនទៀតផង។ ដើម្បីបំបាត់មុនក្បាលខ្មៅនេះ យកល្អគួរតែធ្វើការជម្រះកោសិកាស្បែកងាប់ៗជាប្រចាំ ដើម្បីបំបាត់ភាពស្ទះរបស់រន្ធញើសផង។
មិនបានលាបក្រែមផ្តល់សំណើមឡើងវិញជាប្រចាំ
ដោយសារតែអ្នកមានស្បែកដែលចេញជាតិប្រេងច្រើនមិនមែនមានន័យថា អ្នកអាចផ្អាកការលាបក្រែមផ្តល់សំណើមជាប្រចាំនោះទេ។ ជាតិប្រេងមិនមែនទឹកឡើយ ដូច្នេះវាមិនអាចជួយបង្គ្រប់ជាតិទឹកដល់កោសិកាស្បែកបានឡើយ។ ទោះបីជាស្បែកដែលមានប្រេងហើយក៏ងាយនឹងស្ងួតដែរ ហើយក៏ធ្វើឲ្យរន្ធញើសមើលទៅរីកធំៗទៀតផង។ ដូច្នេះចូរទិញក្រែមផ្តល់សំណើមដើម្បីលាបជាប្រចាំផងទោះបីជាស្បែកអ្នកមានជាតិប្រេងហើយក៏ដោយ។
ប៉ះពាល់នឹងពន្លឺព្រះអាទិត្យច្រើនពេក
ការដែលទទួលបានវីតាមីន D ច្រើនអាចជួយថែរក្សាឆ្អឹង និងធ្មេញរឹងមាំ ហើយដើម្បីទទួលបានវា វិធីសាស្រ្តដ៏ល្អបំផុតគឺបណ្តោយឲ្យស្បែកប៉ះពាល់នឹងពន្លឺព្រះអាទិត្យ។ ប៉ុន្តែការដែលធ្វើបែបនេះច្រើនពេក ជាពិសេសនៅចន្លោះម៉ោង ១០ព្រឹកដល់ម៉ោង ៤ល្ងាច អាចជាវិធីបំផ្លាញស្បែកទៅវិញទេ ហើយវាក៏ជារឿងមួយដែលនាំឲ្យរន្ធញើសរីកធំៗផងដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ដូច្នេះបើសិនជាមិនអាចចៀសបាន ចូរគិតគូរប្រើប្រាស់ឡេការពារកម្តៅព្រះអាទិត្យដែលមាន SPF កុំឲ្យតិចជាង ៣០ឲ្យសោះ ហើយចូរលាបវាមុនចេញទៅខាងក្រៅរយៈពេល ៣០នាទី៕