ការកាន់ដៃគ្នាពិតជាឥរិយាបថមួយសាមញ្ញបំផុត។ វាច្រើនតែកើតឡើងលើគូរស្នេហ៍ដែលរៀបការរួច ណាត់ជួបគ្នា មិត្តល្អ បងប្អូន និងឪពុកម្តាយជាមួយកូនៗ។ ប៉ុន្តែតើអ្នកមានដឹងថា ការកាន់ដៃបែបនេះផ្តល់ប្រយោជន៍ដល់សុខភាពមួយចំនួនច្រើនជាងការបង្ហាញអំពីសេចក្តីស្រឡាញ់ យកចិត្តទុកដាក់ និងភាពស្និទ្ធស្នាលដែរទេ?
ខាងក្រោមនេះគឺជាការពិតមួយចំនួននៃការកាន់ដៃគ្នាដែលវាឆ្លុះបញ្ចាំងអំពីរឿងជាច្រើនដែលមានប្រយោជន៍ចំពោះសុខភាពមនុស្សយើង៖
បន្ថយស្រ្តេស
ការសរសេរកំណត់ហេតុ ស្តាប់ចម្រៀង ការម៉ាស្សា ហាត់យូហ្គា ដើរលេងជាមួយឆ្កែ និងថែសួន គឺជាវិធីដ៏ពេញនិយមដែលគេចំណាំប្រើដើម្បីបន្ថយស្រ្តេសក្នុងខ្លួន។ តើអ្នកមានដឹងទេថា អ្នកក៏អាចបន្ថយស្រ្តេសបានយ៉ាងច្រើនដែរតាមរយៈការកាន់របស់នរណាម្នាក់។ ពិតណាស់វានឹងជួយបានច្រើនបើសិនជាអ្នកធ្វើបែបនេះជាមួយនរណាម្នាក់ដែលអ្នកស្រឡាញ់។
បន្ថយការថប់អារម្មណ៍
នៅពេលអ្នកមានអារម្មណ៍តក់ស្លុត អ្នកអាចលេបថ្នាំរំងាប់អារម្មណ៍ ហើយរងចាំពីរបីនាទី នោះនឹងមានប្រសិទ្ធភាពរបស់វាហើយ។ ឬអ្នកក៏អាចប្រើវិធីកាន់ដៃរបស់នរណាម្នាក់ជំនួសក៏បាន។ ការកាន់ដៃគ្នាពេលដែលអ្នកកំពុងតែថប់អារម្មណ៍ វានឹងធ្វើឲ្យអ្នកដឹងថា អ្នកមិនមែនជាមនុស្សឯកាដែលកំពុងតែរស់នៅក្នុងពិភពដ៏ឆ្គួតៗនេះឡើយ ហើយវាក៏ជារឿងដ៏មានថាមពលគ្រប់គ្រាន់ដើម្បីបន្ថយការគិតថប់អារម្មណ៍ទាំងនោះដែរ។
លុបបំបាត់ការភ័យខ្លាច
ការឆ្នៃប្រឌិតបែបធម្មជាតិរបស់ខួរក្បាលមនុស្សយើងគឺអាចមានការភ័យខ្លាចដែរ ហើយវាក៏ងាយនឹងចេញជារោគសញ្ញាឲ្យមនុស្សយើងដឹងថែមទៀតផង។ នៅពេលដែលអ្នកមើលរឿងកុនដែលភ័យរន្ធត់ ឬមុនពេលនិយាយចំពោះមុខមនុស្សជាច្រើន ចូរកាន់ដៃនរណាម្នាក់ទៅដើម្បី ព្រោះវាអាចបន្ថយការភ័យខ្លាចបានយ៉ាងមានប្រសិទ្ធភាព។
បន្ថយការឈឺចាប់
អ្នកអាចលេបថ្នាំពពួក NSAID គ្រប់ពេលដែលអ្នកមានការឈឺចាប់។ ឬដំបូងឡើយ អ្នកក៏អាចកាន់ដៃនរណាម្នាក់ដែលអ្នកយកចិត្តទុកដាក់ និងក៏ចង់ឲ្យគេយកចិត្តទុកដាក់ចំពោះអ្នកដែរ។ ជឿរឬអត់ ការកាន់ដៃនរណាម្នាក់ៗបែបសាមញ្ញៗនេះអាចជួយបន្ថយការឈឺចាប់បានយ៉ាងងាយ ជាពិសេសអ្នកដែលត្រូវការប្រើថ្នាំបំបាត់ការឈឺចាប់រ៉ាំរ៉ៃ។
បន្ថយសម្ពាធឈាម
អារម្មណ៍តានតឹងខ្លាំងអាចធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់បាន។ បើសិនជាអ្នកចង់ឲ្យសម្ពាធឈាមវិលមកធម្មតាវិញ ចូរកាន់ដៃនរណាម្នាក់ទៅ។ ដើម្បីជួយឲ្យសម្ពាធឈាមមកចុះទាបវិញ គួរឲ្យកាន់ដៃនរណាម្នាក់ជាទៀងទាត់។ ចូរកុំភ្លេចសារសំខាន់នៃការបន្ថយស្រ្តេស ឈប់ជក់បារី ហាត់ប្រាណ និងញ៉ាំអាហារផ្តល់សុខភាព។
បង្កើនការមានសុភមង្គល
ការមានសុភមង្គលមិនមែនកើតជាមួយនឹងការមានរបស់ប្រើប្រាស់គ្រប់យ៉ាងទាំងអស់ទេ តែរឿងដ៏សាមញ្ញបំផុតមួយដែលនាំឲ្យមានសុភមង្គលដែរនោះ គឺជាការកាន់ដៃគ្នាទៅវិញទៅមកច្រើន ព្រោះវានឹងធ្វើឲ្យមានអារម្មណ៍ល្អ និងសំខាន់ចំពោះគ្នា៕