សម្រាប់អាកាសធាតុក្នុងរដូវក្តៅ គឺពិតជាក្តៅមែនហើយ ដូច្នេះយកល្អគួរតែសម្គាល់រោគសញ្ញានៃការក្តៅខ្លាំងផងទៅ។ ជាធម្មតា រាងកាយរបស់យើងអាចសម្របខ្លួនបានតាមរយៈការបញ្ចេញញើសនៅពេលក្តៅ។ ប៉ុន្តែករណីខ្លះ ប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពរបស់រាងកាយធ្វើការច្រើនពេក ហើយពេលនោះសីតុណ្ហភាពក៏កើនឡើងលឿនពេកដែរ។
ការដែលរាងកាយមានកម្តៅខ្លាំងពេកអាចធ្វើឲ្យខូចខាតដល់ខួរក្បាល និងសរីរាង្គផ្សេងៗទៀតនៃរាងកាយ។ អ្នកដែលមានការប្រឈមមុខខ្ពស់នឹងជំងឺទាក់តងនឹងការក្តៅមានដូចជា៖ ទារកទើបនឹងកើត និងក្មេងៗអាយុចាប់ពី ៤ឆ្នាំចុះ មនុស្សចាស់អាយុចាប់ពី ៦៥ឆ្នាំឡើង អ្នកធាត់ៗ និងកំពុងប្រើថ្នាំព្យាបាលជំងឺ។
រោគសញ្ញានៃការក្តៅខ្លាំងមានដូចជា៖
- សីតុណ្ហភាពរាងកាយឡើងខ្ពស់ជាង ៣៩.៥ឡើងទៅ
- ស្បែកទៅជាក្រហម ក្តៅ និងស្ងួត និងមានញើសតិចតួច ឬគ្មានសោះ
- ជីពចរលោតញ៉ាប់ និងខ្លាំង
- ឈឺក្បាលខ្ទកៗ
- វិលមុខ
- ចង្អោ
- វង្វេងវង្វាន់
- បាត់បង់ស្មារតី៕