មនុស្សគ្រប់គ្នាច្រើនតែចង់បានបបូរមាត់ដ៏ទន់រលោង ជាមួយនឹងស្បែកមុខផូផង់ និងស្រស់ស្អាត។ ហេតុដូច្នេះហើយវាអាចនឹងក្លាយទៅជារឿងសាំចិត្តយ៉ាងខ្លាំង នៅពេលដែលសុខៗស្រាប់តែឃើញមានស្នាមអ៊ុចៗពណ៌ខ្មៅលើបបូរមាត់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ទោះបីជាយ៉ាងណាក៏ដោយ មានហេតុផលខុសៗគ្នាច្រើនណាស់ដែលធ្វើឲ្យមានស្នាមអ៊ុចៗពណ៌ខ្មៅលើបបូរមាត់បែបនេះដូចជា៖
ខ្សោះជាតិទឹកក្នុងខ្លួន
ការដែលមិនអាចញ៉ាំទឹកបានប្រហែល ២លីត្រក្នុងមួយថ្ងៃ អាចធ្វើឲ្យបបូរមាត់ទៅជាស្ងួត ប្រេះ និងរបកបាន។ រឿងនេះអាចបណ្តាលឲ្យមានរបួសតិចតួចដល់ស្បែកដែលមានប្រតិកម្មខ្លាំង ជាពិសេសបបូរមាត់ រហូតដល់ទៅជាស្នាមអ៊ុចៗពណ៌ខ្មៅបែបនេះ។ ដូច្នេះចូរប្រាកដអ្នកបានញ៉ាំទឹកគ្រប់គ្រាន់ហើយ។
មានជាតិដែកក្នុងខ្លួនច្រើនពេក
ជាតិដែកជាសារធាតុដ៏សំខាន់សម្រាប់បង្កើតកោសិកាគ្រាប់ឈាមក្រហម។ វាក៏ជួយទប់ស្កាត់ការកង្វះគ្រាប់ឈាមបានដែរ ប៉ុន្តែការដែលទទួលបានជាតិដែកច្រើនពេក អាចបង្កជាបញ្ហាច្រើនបាន ហើយរឿងមួយក្នុងចំណោមនោះគឺកើតស្នាមអ៊ុចៗពណ៌ខ្មៅលើបបូរមាត់តែម្តង។
កង្វះវីតាមីន B12
ការដេលកង្វះវីតាមីនមួយនេះអាចបង្កជាអាការៈច្រើនណាស់ដូចជា អស់កម្លាំង ធីងធោង បេះដូងលោតញ៉ាប់ ឈឺឈៀបៗនៅស្បែក និងស្បែកស្លេកស្លាំង។ អ្នកខ្លះអាចចេញជាអាការៈស្នាមអ៊ុចៗពណ៌ខ្មៅលើបបូរមាត់ផងដែរ។ អ្នកអាចទទួលបានវីតាមីន B12 ពីអាហារជាច្រើនដូចជា ស៊ុត ត្រី និងសាច់ជាដើម។
ប៉ះពាល់នឹងពន្លឺព្រះអាទិត្យច្រើនពេក
បើសិនជាអ្នកចូលចិត្តសកម្មភាពក្រោមពន្លឺព្រះអាទិត្យច្រើន នោះវាពិតជាគ្មានអ្វីភ្ញាក់ផ្អើលឡើយបើសិនជាអ្នកសង្កេតឃើញស្នាមអ៊ុចៗពណ៌ខ្មៅនៅលើបបូរមាត់។ អ្នកនឹងឃើញស្នាមនេះកាន់តែខ្មៅទៅៗបើសិនជាបន្តធ្វើការក្រោមពន្លឺព្រះអាទិត្យទៀត។ ប៉ុន្តែអ្នកអាចការពាររឿងនេះបានតាមរយៈការប្រឡេលាបបបូរមាត់ដែលមាន SPF កុំឲ្យតិចជាង ៣០។
អតុល្យភាពអ័រម៉ូន
រឿងនេះកើតឡើងជាពិសេសលើស្រ្តីភាគច្រើនតែម្តង។ រឿងនេះអាចកើតឡើងម្តងជារៀងរាល់ខែក្នុងពេលពួកគេមករដូវ។ ការដែលមានស្នាមអ៊ុចៗពណ៌ខ្មៅលើបបូរមាត់កើតឡើងដោយសារតែអតុល្យភាពអ័រម៉ូនក្នុងខ្លួន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ករណីខ្លះរឿងនេះបង្កឡើងដោយប្រព័ន្ធបញ្ចេញអ័រម៉ូនក្នុងខ្លួនដែលត្រូវការពេទ្យពិនិត្យ និងព្យាបាលដែរ។
ជំងឺមហារីក
ករណីខ្លី ការលូតលាស់មហារីកនៅលើបបូរមាត់អាចសម្គាល់ដឹងតាមរយៈមានស្នាមអ៊ុចៗពណ៌ខ្មៅលើបបូរមាត់តែម្តង។ មានស្ថានភាពច្រើនណាស់ដែលវាអាចបង្ហាញឲ្យយើងដឹង ដូចជា ជាដុំដែលចាំង ឡើងក្រហម ឬមានលក្ខណៈដូចដំបៅបើកមុខ និងហូរឈាមជាដើម៕