ពលរដ្ឋខ្មែរយើង មិនសូវចាប់អារម្មណ៍ នឹងអាការៈជំងឺតូចតាចមួយចំនួននោះទេ ពីព្រោះ ពួកគេគិតថា មិនសំខាន់ ឬមិនមានទម្លាប់តាមដានសុខភាពខ្លួនឯងជាទៀងទាត់ ហើយក្រៅពីនេះ គឺទាក់ទងទៅនឹងបញ្ហាលុយកាក់។ ប៉ុន្តែ ទោះបីជាយ៉ាងនេះក្តី សម្រាប់ស្ត្រីមួយចំនួន អ្នកមិនគួរណាមើលរំលង ឬធ្វេសប្រហែស ចំពោះរោគសញ្ញា និងអាការៈខាងក្រោមនេះឡើយ ពីព្រោះ វាអាចនឹងធ្ងន់ធ្ងរ ជាងអ្វីដែលអ្នកគិតឆ្ងាយណាស់។
១. ការធ្លាក់ឈាម ទោះបីជាក្រោយពេលអស់រដូវក្តី គឺជារឿងដែលអ្នក ត្រូវតែប្រញាប់ទៅជួបនឹងគ្រូពេទ្យ ដើម្បីស្វែងរកមូលហេតុ។ វាអាចបណ្តាលមកពីបញ្ហាអ័រម៉ូន ឬជំងឺមហារីកប្រព័ន្ធបន្តពូជ។
២. ការធ្លាក់ស ឬធុំក្លិនទឹករំអិលខុសធម្មតា ស្ត្រីមួយចំនួន តែងតែព្រងើយកន្តើយ ហើយទុកឲ្យវាជាដោយខ្លួនឯង ប៉ុន្តែ អ្នកត្រូវចងចាំថា វាអាចជាសញ្ញា នៃជំងឺមហារីកមាត់ស្បូន ឬបំពង់ដៃស្បូន។
៣. ប្រសិនបើអ្នកស្រាប់តែស្រកទម្ងន់ច្រើន ភ្លាមៗដោយមិនដឹងមូលហេតុ សូមប្រញាប់ទៅប្រឹក្សា ជាមួយគ្រូពេទ្យជាបន្ទាន់។ អ្នកប្រហែលជាមានជំងឺទឹកនោមផ្អែម ឬជំងឺអ័រម៉ូនហើយ។
៤. ការតឹងណែនពោះម្តងម្កាល ជាពិសេស ពេលមករដូវ វាជារឿងធម្មតានោះទេ ប៉ុន្តែ ប្រសិនបើវាចេះតែបែបនេះ ហើយដោយមិនដឹងមូលហេតុទៀតនោះ អ្នកគួរតែទៅជួបគ្រូពេទ្យជំនាញហើយ ពីព្រោះ វាអាចជាសញ្ញានៃជំងឺដុំសាច់ក្នុងពោះ ឬជំងឺមហារីកមាត់ស្បូន៕