ដូចដែលយើងបានឃើញហើយ ការទំនាក់ទំនងអហិង្សា គឺជាឧបករណ៍ដ៏ល្អមួយដើម្បី ពង្រឹង ទំនាក់ទំនងជាមួយអ្នកដទៃ។ ប៉ុន្តែវាមានអំណាចជាងនេះទៅទៀតដោយជួយអ្នកក្នុងការធ្វើ ឱ្យទំនាក់ទំនងរបស់អ្នកជាមួយខ្លួនឯងកាន់តែប្រសើរឡើង។
ជំហានទីមួយដើម្បីបង្កើតទំនាក់ទំនងជាមួយខ្លួនឯងអោយកាន់តែប្រសើរនោះគឺត្រូវដឹងថានៅពេលណាអ្នកមិនចេះអាណិតអាសូរដល់ខ្លួនអ្នក ហើយអ្នកអាចសម្គាល់ទម្លាប់នេះបានដោយ ការរិះគន់ខ្លួនឯង។ នេះគឺជាសំលេងនៅក្នុងក្បាលរបស់យើងដែលរិះគន់យើងសូម្បីតែកំហុសឆ្គងដែលតូចបំផុត។ អ្នកប្រហែលជាធ្លាប់បានឮខ្លួននិយាយថា “ខ្ញុំជាមនុស្សល្ងីល្ងើណាស់!” “ខ្ញុំមិនអាចជឿថាខ្ញុំបានធ្វើវាម្តងទៀតហើយ!” ឬ “តើម៉េចបានខ្ញុំឆ្កួតម៉្លេះ?”
ឥឡូវនេះ ជំនួសឱ្យការជាប់ឃាំងនៅក្នុងការសន្ទនាក្នុងក្បាលអ្នកថាស្អប់ខ្លួនឯង សូមព្យាយាមយល់កាន់តែច្បាស់និងកំណត់ពីតម្រូវការដែលកំពុងជំរុញឱ្យអ្នកវិនិច្ឆ័យខ្លួនឯង។ ការពិតទៅ ការវិនិច្ឆ័យខ្លួនឯង ក៏ដូចជាការវិនិច្ឆ័យផ្សេងទៀតទាំងអស់ដែរនោះ គឺវាជាការបង្ហាញពីតម្រូវការដែលមិនបំពេញ។ ដូច្នេះនៅពេលអ្នកចាប់ផ្តើមស្តាប់ការនិយាយរិះគន់ដោយខ្លួនឯង អ្នកគួរតែឈប់ស្តាប់វា ហើយផ្ដោតការយកចិត្តទុកដាក់របស់អ្នកទៅលើតម្រូវការដែលមិនបានបំពេញរបស់អ្នកវិញ។
ឧទាហរណ៍ថាអ្នកត្រៀមនឹងបង្រៀន។ គ្រាន់តែមុនពេលដែលអ្នកចាកចេញពីផ្ទះ អ្នកធ្វើកំពប់ទឹកដោះគោជូរដែលអ្នកកំពុងប្រញាប់ប្រញាល់ញុំាអោយអស់មុនពេលចូលថ្នាក់។ អ្នកអាចស្ដាប់ឮសម្តីនៅក្នុងក្បាលរបស់អ្នកដោយចាប់ផ្តើមពីដំបូងថា “តើខ្ញុំធ្វើឱ្យរញ៉េរញ៉ៃទៀតហើយឬ?” ជំនួសឱ្យការស្ដាប់តាមអវិជ្ជមាននេះ សូមផ្អាកហើយសួរខ្លួនឯងថា “តើតម្រូវការណាមួយរបស់ខ្ញុំដែលមិនបានបំពេញបើតាមការរិះគន់ខ្លួនឯងនេះ?”
អ្នកអាចចំណាយពេលមួយស្របក់ដើម្បីដោះស្រាយបញ្ហានេះ។ ប៉ុន្តែនៅទីបំផុត អ្នកអាចដឹងថាដោយការចង់ទៅបង្រៀនពេក អ្នកបានមើលរំលងតម្រូវការផ្ទាល់ខ្លួនរបស់អ្នកដើម្បីថែរក្សាខ្លួនឯង។ អ្នកមិនបានឱ្យពេលវេលាខ្លួនឯងដើម្បីញ៉ាំទេ ហើយដូច្នេះអ្នកបានជ្រើសរើសញុំាទឹកដោះគោជូរទៅវិញ ហើយអ្នកធ្វើអោយវាកំពប់។ ឥឡូវអ្នកអាចជំនួសការវិនិច្ឆ័យខ្លួនឯង ដោយសម្តីមេត្តាធម៌ថា “វាមិនអីទេ លើកក្រោយនឹងយកចិត្តទុកដាក់បន្ថែមទៀតចំពោះតម្រូវការខ្លួនឯង ” ។
ប្រសិនបើអ្នកអាចរៀនភ្ជាប់ទំនាក់ទំនងយ៉ាងពេញលេញជាមួយតម្រូវការដែលមិនបានបំពេញរបស់អ្នក អ្នកនឹងមានឱកាសសោកសង្រែងនឹងការពិតដែលថាអ្នកមិនល្អឥតខ្ចោះ។ ខណៈពេលដែលអ្នកអាចមានការសោកស្ដាយដោយមិនអាចបំពេញនូវរូបភាពដ៏ល្អឥតខ្ចោះរបស់ខ្លួនអ្នក យ៉ាងហោចណាស់អ្នកនឹងមិនស្អប់ខ្លួនអ្នកទៀតទេ។