យើងទាំងអស់គ្នាសុទ្ធតែដឹងហើយថា ការងារមួយក្នុងចំណោមការងារជាច្រើនរបស់ថ្លើមគឺច្រោះជាតិពុលពីក្នុងខ្លួនតាមរយៈការបន្សាបគ្រឿងស្រវឹង ថ្នាំ និងសារធាតុផ្សេងៗទៀតដែលធ្វើឲ្យជាលិកា និងសរីរាង្គជាច្រើនក្នុងខ្លួនមានការចុះខ្សោយ។ ប៉ុន្តែដោយសារតែថ្លើមគឺជាសរីរាង្គច្រោះជាតិពុលដ៏ឆ្លាតវៃ មិនមែនមានន័យថា វាតែងតែរក្សាខ្លួនឯងមិនអាចរងភាពពុលនោះដែរ។ ដូច្នេះដើម្បីអាចច្រោះជាតិពុលចេញពីក្នុងថ្លើម និងដើម្បីវាធ្វើការកាន់តែមានប្រសិទ្ធភាពថែមទៀត យកល្អគួរតែបញ្ចូលអាហារច្រោះជាតិពុលក្នុងថ្លើមក្នុងរបបអាហារប្រចាំថ្ងៃបន្ថែម ដូចខាងក្រោមនេះ៖
ក្រូចឆ្មា
ក្រូចឆ្មាផ្ទុកទៅដោយអង់ទីអុកស៊ីដង់ ដែលអាចជួយការពារសុវត្ថិភាពរបស់ថ្លើមចេញពីការបំផ្លាញពីជាតិពុលផ្សេងៗ និងរ៉ាឌីកាលសេរីបាន។ មធ្យោបាយដ៏ល្អបំផុតក្នុងការប្រើប្រាស់ក្រូចឆ្មាដើម្បីច្រោះជាតិពុលគឺ យកក្រូចឆ្មាមួយចំណិតដាក់ក្នុងទឹកសម្រាប់ផឹកធម្មតា។
ផ្លែប័រ
ផ្លែឈើមួយនេះត្រូវបានគេរកឃើញថាមានប្រយោជន៍ណាស់សម្រាប់ការសម្រកទម្ងន់។ ជាអាកុសល មិនមានមនុស្សជាច្រើនដឹងថា វាក៏ល្អសម្រាប់ពង្រឹងដល់សុខភាពថ្លើមឡើយ ដោយសារតែវាផ្ទុកទៅដោយជាតិខ្លាញ់ផ្តល់សុខភាព និងសារធាតុប្រឆាំងការរលាក។
ប៉េងប៉ោះ
គ្រប់គ្នាដឹងហើយថា ប៉េងប៉ោះសម្បូរទៅដោយវីតាមីន C ដែលអាចប្រឆាំងនឹងរ៉ាឌីកាលសេរីបាន ដូច្នេះវាក៏ជួយការពារសីរាង្គជាច្រើនក្នុងខ្លួនបានដែរ។ មួយវិញទៀត ប៉េងប៉ោះអាចជួយរក្សាសុវត្ថិភាពរបស់ថ្លើម បាន ដោយសារតែវាមានសារធាតុ Lycopene ដែលជាអង់ទីអុកស៊ីដង់ដ៏អស្ចារ្យ។
ផ្លែប៉ោម
ការញ៉ាំផ្លែប៉ោមមួយថ្ងៃមួយផ្លែ ក៏ប្រហែលជាជួយការពារថ្លើមពីជំងឺជាច្រើនបានដែរ។ នេះដោយសារតែផ្លែប៉ោមមានសារធាតុ Pectin ដែលជាជាតិសរសៃមួយប្រភេទជួយរំលាយជាតិពុល និងកូឡេស្តេរ៉ុលចេញពីក្នុងថ្លើមបាន។
ខ្ទឹមស
និយាយដល់រឿងខ្ទឹមស វាមិនមានអ្វីដែលអ្នកចាំបាច់ត្រូវរកមើលឆ្ងាយពីក្នុងផ្ទះបាយឡើយ ព្រោះខ្ទឹមសល្អបំផុតសម្រាប់ច្រោះជាតិពុលក្នុងថ្លើម។ មិនត្រឹមតែប៉ុណ្ណោះវាក៏មានសមត្ថភាពសម្លាប់មេរោគ និងបន្សាបជាតិពុលផ្សេងៗផងដែរ។
ខ្ទឹមបារាំង
យោងទៅតាមអ្នកជំនាញបានឲ្យដឹងថា ការបន្ថយខ្ទឹមបារាំងទៅក្នុងរបបអាហារញ៉ាំជាទៀងទាត់ អាចជួយបញ្ចេញចោលជាតិពុល និងច្រោះភាពកកកុញជាតិពុលដែលមានស្រាប់ក្នុងថ្លើមបាន។
ស្ពៃក្តោប
ស្ពៃក្តោបមានសារធាតុ Sulfur ជាមួយគ្នានឹងជាតិសរសៃដ៏ច្រើន ហើយវាក៏ត្រូវបានគេចាត់ទុកថាជាអាហារអស្ចារ្យមួយប្រភេទសម្រាប់បន្សាបជាតិពុលដែលមានក្នុងថ្លើម និងសីរាង្គផ្សេងៗទៀត។ ក្រៅពីស្ពៃក្តោប ពពួកបន្លែប្រភេទក្តោបផ្សេងៗទៀតក៏មានឥទ្ធិពលដូចគ្នាដែរដូចជា ប្រូខូលី ឬផ្កាខាត់ណាជាដើម។
តែបៃតង
ជឿឬអត់ថា របស់ដែលងាយស្រួលរកទិញដូចតែបៃតងនេះគឺមានសមត្ថភាពខ្ពស់ក្នុងការការពារថ្លើមបានយ៉ាងល្អ។ វាគឺជាចំណេះដឹងទូទៅមួយដែលថា រាល់តែបៃតងមួយពែងៗសុទ្ធតែមានអង់ទីអុកស៊ីដង់ទាំងអស់។ ទោះបីជាយ៉ាងណាក៏ដោយ ការបន្ថែមតែបៃតងទៅក្នុងរបបអាហារប្រចាំថ្ងៃ អាចជួយថែរក្សាសុវត្ថិភាពរបស់ថ្លើមបាន៕