តើអ្នកចង់មានអាយុវែងទេ? ចាំបន្តិចសិន! យោងទៅតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Mail Online បានឲ្យដឹងថា ការប្រឈមនឹងការស្លាប់របស់មនុស្សយើងអាចនឹងធ្លាក់ចុះក្រោយពីអាយុបាន ៨០ឆ្នាំ និងនៅពេលឈានដល់អាយុ ១០៥ឆ្នាំ ប៉ុន្តែយើងនៅតែមិនទាន់ឈានដល់ដែនកំណត់របស់យើងនៅឡើយទេ។
ការសិក្សាថ្មីមួយរបស់ប្រជាជនអ៊ីតាលីបានពិនិត្យទៅលើអត្រានៃការមានជីវិតរបស់ប្រជាជនអ៊ីតាលីច្រើនជាង ៣០០០នាក់ ដែលមានអាយុចាប់ពី ១០៥ឆ្នាំឡើងទៅ។ ការស្រាវជ្រាវនេះបានបង្ហាញថា ឱកាសនៃការស្លាប់ក្នុងឆ្នាំបន្ទាប់ៗបានកើនឡើងយ៉ាងលឿនសម្រាប់អ្នកដែលមានអាយុចន្លោះ ៦៥ ទៅ ៨០ឆ្នាំ។ ក្រោយពេលអាយុបាន ៨០ឆ្នាំ អត្រានៃការស្លាប់មានការថយចុះវិញ ហើយក៏វាអាចឈានដល់កម្រិតមួយស្មើ ក្រោយពីអាយុបាន ១០៥ឆ្នាំ។ អ្នកស្រាវជ្រាវបានណែនាំថា រឿងនេះអាចបញ្ជាក់ថា ជីវិតរបស់មនុស្សយើងប្រហែលជាអាចបន្តមានអាយុកាន់តែច្រើនថែមទៀត។
ថ្វីបើ ការស្រាវជ្រាវនេះកំពុងតែមានការចាប់អារម្មណ៍ក៏ដោយ យកល្អគួរតែសម្គាល់ឃើញថា ប្រទេសអ៊ីតាលីត្រូវបានគេដឹងថា មានអត្រាអ្នកមានសុខភាពល្អច្រើន។ ការស្រាវជ្រាវទាំងនេះមិនអាចប្រើទៅលើប្រជាជនជនជាតិផ្សេងៗបានឡើយ។
ការរកឃើញនេះក៏ប្រហែលជាត្រូវបានប៉ះពាល់ដោយកត្តារបៀបរស់នៅជាច្រើនដូចជា កម្រិតនៃការធ្វើសកម្មភាពរាងកាយ របបអាហារ អត្រានៃការជក់បារី និងការញ៉ាំគ្រឿងស្រវឹង ដែលការសិក្សានេះមិនបានរាប់បញ្ចូលផង។
ដើម្បីបញ្ជាក់ថាលទ្ធផលនៃការសិក្សានេះ យើងនឹងត្រូវការពិនិត្យមើលទៅលើលក្ខណៈទូទៅនៃប្រជាជនទូទាំងពិភពលោកដែលមានអាយុចាប់ពី១០០ឆ្នាំឡើងទៅ និងធ្វើការសិក្សារយៈពេលវែងផង។ ប៉ុន្តែយើងពិតជាដឹងថា ចំនួនមនុស្សអាយុចាប់ពី ១០០ឆ្នាំឡើងទៅដែលកំពុងតែរស់នៅក្នុងប្រទេសអង់គ្លេសបានកើនឡើងរហូតដល់ ៦៥ភាគរយច្រើនជាង ១០ឆ្នាំមុនទៅទៀត។ សម្រាប់មនុស្សចាស់ជាងគេបំផុតដែលកំពុងតែរស់នៅលើពិភពលោកយើងនេះមានអាយុរហូតដល់ ១១៧ឆ្នាំឯណោះ៕