ជំងឺទឹកនោមផ្អែមត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជាការលើសជាតិស្ករក្នុងឈាម ដូច្នេះបើសិនជាអ្នកមានជំងឺនេះហើយ គ្រូពេទ្យតែងតែណែនាំឲ្យគ្រប់គ្រងជាតិស្ករជាទៀងទាត់។ ម៉្យាងវិញទៀត បើសិនជាអ្នកមានគម្រោងបង្កើតគ្រួសារមែននោះ ជំងឺនេះអាចនឹងប៉ះពាល់ដល់ជីវិតផ្លូវភេទបានដែរ។ ស្រ្តីអាចមានជំងឺទឹកនោមផ្អែមក្នុងពេលមានផ្ទៃពោះ ដែឡវាអាចធ្វើឲ្យស្រ្តីខ្លួនឯង និងទារកប្រឈមនឹងជំងឺនេះនៅថ្ងៃអនាគតបាន ប៉ុន្តែការដែលើសជាតិស្ករក្នុងឈាមចំពោះបុរស (បើសិនជាមិនបានគ្រប់គ្រង ឬព្យាបាល) ក៏អាចធ្វើឲ្យគេមិនងាយមានកូនបានដែរ។
មិនសូវមានមនុស្សច្រើនទេដែលដឹងថា បុរសដែលកើតជំងឺទឹកនោមផ្អែមអាចនឹងត្រូវការពេលយូរជាងស្រ្តីទៅទៀតក្នុងការមានកូន។ ជំងឺទឹកនោមផ្អែមប៉ះពាល់ដល់លទ្ធភាពមានកូនរបស់មនុស្សយើងដោយផ្ទាល់តែម្តង ហើយឱកាសនោះគឺខ្ពស់ជាងស្រ្តីទៅទៀត។ នេះដោយសារតែ ជាតិស្ករដែលឡើងខ្ពស់នឹងដាក់សម្ពាធអុកស៊ីតកម្មដែលអាចបំផ្លាញ DNA របស់មេជីវិតឈ្មោលបាន។ ដូច្នេះកាលណាកោសិកាដែលខូច DNA ហើយគឺមិនអាចបង្កកំណើតបានឡើយ។ លើសពីនេះទៅទៀត ជំងឺទឹកនោមផ្អែមដែលមិនបានគ្រប់គ្រង ឬព្យាបាលអាចប៉ះពាល់ដល់សរសៃឈាមតូចៗ និងសរសៃប្រសាទដែលមាននាទីបាញ់ទឹកកាម ដូច្នេះ វាងាយនឹងធ្វើឲ្យលិង្គរបស់អ្នកជំងឺក្រឡើងរឹងបានណាស់។ ការលើសជាតិស្ករក្នុងឈាមអាចបន្ថយចំនួនអ័រម៉ូនភេទប្រុសតេស្តូស្តេរ៉ូន ដូច្នេះអ្នកជំងឺងាយនឹងបាត់បង់ចំណង់ផ្លូវភេទថែមទៀត។
ម៉្យាងវិញទៀត បើសិនជាប្រពន្ធអ្នកមានផ្ទៃពោះជាមួយនឹងជំងឺទឹកនោមផ្អែមប្រភេទទី១ និងទី២ នាងប្រហែលជាប្រឈមខ្ពស់នឹងការរលូតកូន។ ចំពោះទារកដែលកើតពីម្តាយដែលមានជំងឺទឹកនោមផ្អែមកំពុងតែមានផ្ទៃពោះ ទំនងជាអាចស្លាប់ក្នុងផ្ទៃ ឬកង្វះអាហារូបត្ថម្ភ។
តើអាចគ្រប់គ្រងបានទេ?
ជំងឺទឹកនោមផ្អែមគឺជាជំងឺរ៉ាំរ៉ៃ ដែលបណ្តាលមកពីលំពែងមិនអាចផលិតអាំងស៊ុយលីនគ្រប់គ្រាន់ និងកោសិកាក្នុងរាងកាយមិនអាចប្រើប្រាស់អាំងស៊ុយលីនបាន។ យ៉ាងណាមិញ ជំងឺនេះអាចគ្រប់គ្រងបានតាមរយៈការផ្លាស់ប្តូររបៀបរស់នៅដូចជា ញ៉ាំអាហារផ្តល់សុខភាព និងហាត់ប្រាណជាទៀងទាត់។ យកល្អគួរតែធ្វើយ៉ាងណារក្សាកម្រិតជាតិស្ករក្នុងឈាមឲ្យនៅធម្មតាសិនមុននឹងវាប៉ះពាល់ដល់ជីវិតផ្លូវភេទ រហូតដល់មិនអាចមានកូន។ ការដែលលិង្គមិនងាយឡើងរឹង អាចគ្រប់គ្រងបានតាមរយៈការប្រើថ្នាំសម្រាប់ពង្រឹងដល់លំហូរឈាមទៅសរីរាង្គប្រដាប់បន្តពូជ។ យ៉ាងណាមិញ ដើម្បីដោះស្រាយរឿងនេះ យកល្អគួរតែស្វែងយល់អំពីរោគសញ្ញាជំងឺទឹកនោមផ្អែម ហើយគ្រប់គ្រងវា។ បើសិនជាអ្នកអាយុចាប់ពី ៣០ឆ្នាំឡើង ធាត់ ឬធាត់ជ្រុលដែលមានសន្ទស្សទម្ងន់ធៀបនឹងកម្ពស់ ២៣ ទៅ ២៤.៩ ឬ គ្រួសារធ្លាប់មានប្រវត្តិកើតជំងឺទឹកនោមផ្អែមហើយ យកល្អគួរតែស្វែងរកការពិគ្រោះជាមួយគ្រូពេទ្យដើម្បីទទួលបានដំបូន្មានមុននឹងវាវិវដ្តន៍ទៅជាផលវិបាកធ្ងន់ធ្ងរ៕