ជម្រុញដល់ការជាសះរបួស
គ្រាន់តែផ្លែប៉េសមួយផ្លែមានវីតាមីន C ដែលជាតម្រូវការរបស់រាងកាយមនុស្សយើងក្នុងមួយថ្ងៃ ១៥ភាគរយទៅហើយ។ ជីវជាតិមួយនេះនឹងជួយដល់ការជាសះរបួស និងថែរក្សាប្រព័ន្ធភាពស៊ាំកាន់តែខ្លាំង។ វាក៏ជួយលុបបំបាត់រ៉ាឌីកាលសេរី ដែលជាសារធាតុគីមីជាប់ទាក់ទងនឹងជំងឺមហារីក។
ជួយភ្នែកមើលឃើញកាន់តែច្បាស់
អង់ទីអុកស៊ីដង់មួយឈ្មោះថា Beta-carotene ជាអ្នកផ្តល់ពណ៌លឿងមាសដល់ផ្លែប៉េស។ នៅពេលអ្នកញ៉ាំផ្លែនេះ រាងកាយនឹងបំលែងសារធាតុរបស់វាទៅជាវីតាមីន A ដែលជាគន្លឹះដ៏សំខាន់មួយសម្រាប់ភ្នែកមានសុខភាពល្អ។ វាក៏ជួយថែរក្សាផ្នែកផ្សេងៗនៃរាងកាយដូចជា ប្រព័ន្ធភាពស៊ាំធ្វើការកាន់តែល្អផងដែរ។
រក្សាប្រព័ន្ធរំលាយអាហារធ្វើការកាន់តែល្អ
ផ្លែប៉េសទំហំមធ្យមមួយផ្លែអាចផ្តល់នូវជាតិសរសៃត្រូវការតម្រូវការរាងកាយក្នុងមួយថ្ងៃប្រហែល ៩ភាគរយដែរ។ អាហារមានជាតិសរសៃខ្ពស់អាចការពារសុខភាពពីជំងឺជាច្រើនដូចជា ជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងមហារីកពោះវៀនធំ។ ប៉ុន្តែអត្ថប្រយោជន៍ដែលអ្នកអាចនឹងសម្គាល់ខើញច្រើននោះគឺ ទទួលបានជាតិសរសៃខ្ពស់ ដើម្បីបង្ការការទល់លាមក។
ជួយរក្សាទម្ងន់ឲ្យមានសុខភាពល្អ
ផ្លែប៉េសមិនមានជាតិខ្លាញ់ Saturated Fats កូឡេស្តេរ៉ុល ឬសូដ្យូមឡើយ តែវាមានជាតិទឹកច្រើនជាង ៨៥ភាគរយទៅទៀត។ ជាមួយគ្នានេះដែរ វាជាអាហារដែលមានជាតិសរសៃខ្ពស់។ កាលណាអ្នកញ៉ាំវាច្រើន អ្នកនឹងមិនសូវឃ្លានអាហារបានយូរ ហើយក៏មិនងាយឡើងទម្ងន់ដែរ។
ទទួលបានវីតាមីន E
គ្រាប់ផ្លែឈើ និងធញ្ញជាតិគឺជាប្រភពដ៏ល្អបំផុតនៃវីតាមីនមួយនេះ ប៉ុន្តែផ្លែប៉េសដែលទុំក៏មានជីវជាតិមួយនេះដែរ។ អង់ទីអុកស៊ីដង់នេះសំខាន់សម្រាប់កោសិការាងកាយយើងភាគច្រើន។ វាក៏ជួយថែរក្សាប្រព័ន្ធភាពស៊ាំឲ្យមានសុខភាពល្អ និងជួយពង្រីកសរសៃឈាមដើម្បីឲ្យលំហូរឈាមហូរបានល្អ។
ថែរក្សាឆ្អឹងឲ្យមានសុខភាពល្អ
ជាតិប៉ូតាស្យូមអាចជួយរក្សាតុល្យភាពឥទ្ធិពលនៃរបបអាហារមានជាតិប្រៃខ្ពស់បាន។ វាក៏ប្រហែលជាជួយបញ្ចុះសម្ពាធឈាម ជាមួយគ្នានឹងបន្ថយឱកាសកើតគ្រួសក្នុងតម្រងនោម និងបាត់បង់កំហាប់ឆ្អឹង។ អ្នកត្រូវការជាតិកាលស្យូមប្រហែល ៤៧០០មីលីក្រាមជារៀងរាល់ថ្ងៃ។ តែផ្លែប៉េសមួយផ្លែមានប៉ូតាស្យូមច្រើនបំផុត ២៥០មីលីក្រាមប៉ុណ្ណោះ៕