ជំងឺពុលថ្លើមគឺជាការខូចខាតមួយទៅលើសុខភាពថ្លើម។ វាអាចបង្កជារោគសញ្ញាគ្រោះថ្នាក់ជាច្រើន ឬខូចថ្លើមបានបើសិនជាមិនមានការព្យាបាលទេនោះ។ ការប្រើប្រាស់ថ្នាំ ការប្រើថ្នាំបូរាណ សារធាតុគីមី និងគ្រឿងស្រវឹងសុទ្ធសឹងតែធ្វើឲ្យពុលថ្លើមបានទាំងអស់។
ថ្លើមរបស់មនុស្សយើងមាននាទីច្រោះរឿងគ្រប់យ៉ាងដែលចូលទៅក្នុងរាងកាយ។ វានឹងជួយបន្សាបគ្រឿងស្រវឹង ថ្នាំ និងសារធាតុគីមីផ្សេងៗចេញពីឈាម។ បន្ទាប់មក វានឹងបញ្ចេញចោលសារធាតុទាំងនេះទោតាមទឹកនោម ឬទឹកប្រមាត់។ ពេលខ្លះនៅពេលថ្លើមធ្វើការរបស់វាដើម្បីច្រោះឈាម ជាតិពុលនឹងបង្កើតឡើង។ វាអាចធ្វើឲ្យរលាក និងខូចខាតដល់ថ្លើមបានផងដែរ។
ជំងឺពុលថ្លើមប្រហែលជាមានលក្ខណៈតិចតួច ឬធ្ងន់ធ្ងរបាន។ បើសិនជាវាកើតឡើងមួយរយៈហើយ វាអាចធ្វើឲ្យថ្លើមសម្លាក ឬក្រិនជាប់រហូតដែរ។ រឿងនេះអាចធ្វើឲ្យខ្សោយថ្លើម ឬស្លាប់បាន។ ករណីធ្ងន់ធ្ងរមួយចំនួន ទោះបីជាប្រើថ្នាំ Ascetaminophen រយៈពេលខ្លះក៏គ្រប់គ្រាន់ធ្វើឲ្យខ្សោយថ្លើមបានដែរ។
អ្នកអាចសម្គាល់សញ្ញានៃការពុលថ្លើមបានតាមរយៈអាការៈមួយចំនួនដូចខាងក្រោមនេះ៖
- ក្តៅខ្លួន
- រាករូស
- ទឹកនោមពណ៌ខាប់
- រមាស់ស្បែក
- ភ្នែក និងស្បែកទៅជាលឿង
- ឈឺក្បាល
- មិនឃ្លានអាហារ
- ចង្អោ
- ឈឺក្នុងក្រពះ
- ក្អួត
- ស្រកទម្ងន់
- លាមកពណ៌ស្លេកៗ ឬប្រផេះ
រោគសញ្ញានេះអាចកើតឡើងរយៈពេលច្រើនម៉ោងក្រោយពីអ្នកប៉ះពាល់នឹងមូលហេតុរបស់វារួច។ អ្នកក៏ប្រហែលជាមានអារម្មណ៍ថា អាការៈទាំងនោះកាន់តែធ្ងន់ធ្ងរបន្តិចម្តងៗពីមួយថ្ងៃទៅមួយថ្ងៃ៕