អ្នកប្រហែលជាមិនធ្លាប់លឺ ឬល្បីឈ្មោះទឹកឃ្មុំយីហោ Manuka នៅឡើយទេ ដោយសារតែវាមានតម្លៃថ្លៃ ហើយក៏ប្រហែលជាមិនមានលក់នៅលើទីផ្សាធម្មតាដែរ។ ប៉ុន្តែអ្នកអាចរកវាបាននៅតាមផ្សាទំនើបធំៗ។ ទឹកឃ្មុំដើមកំណើតពីប្រទេសញ៉ូហ្សេឡេនមួយនេះផ្ទុកទោដោយសារធាតុប្រឆាំងនឹងបាក់តេរីដែលមានប្រយោជន៍ខ្លាំងលើការព្យាបាលជំងឺជាច្រើនប្រភេទដូចជា ការរលាក របួស និងដំបៅផ្សេងៗ។ អ្វីដែលជាការពិតនោះគឺថា ក្នុងមន្ទីរពេទ្យជាច្រើនកំពុងតែប្រើប្រាស់ទឹកឃ្មុំប្រភេទ Manuka នេះលើអ្នកជំងឺរបស់ពួកគេដែលបានវះកាត់រួច ដើម្បីជួយពន្លឿនដល់ការជាសះរបស់របួស។ ក្រៅពីព្យាបាលរបួសស្បែក ទឹកឃ្មុំប្រេនមួយនេះក៏អាចប្រើក្នុងគោលបំណងដូចខាងក្រោមនេះបានដែរ៖
បំបាត់ការរលាកក្រពះ
ទឹកឃ្មុំ Manuka ត្រូវបានគេរកឃើញថាមានប្រសិទ្ធភាពក្នុងការព្យាបាលការរលាកក្រពះដែលបង្កឡើងដោយការបង្ករោគដោយបាក់តេរី ញ៉ាំគ្រឿងស្រវឹងច្រើនៗ ការច្រាលទឹកប្រមាត់ ឬប្រើប្រាស់ថ្នាំប្រឆាំងនឹងការរលាកទៀងទាត់។ ការរលាកក្រពះធ្វើឲ្យឈឺក្នុងពោះ ក្អួត ក្រហាយដើមទ្រូង និងហើមពោះ។ ការញ៉ាំទឹកឃ្មុំមួយនេះអាចជួយប្រឆាំងនឹងបាក់តេរីដែលធ្វើឲ្យក្រពះរលាកតាំងពីដំបូងមកម្លេះ។
បំបាត់ជំងឺផ្តាសាយ
មធ្យោបាយមួយផ្សេងទៀតដើម្បីប្រើប្រាស់ទឹកឃ្មុំ Manuka គឺវាទៅបង្កើនមុខងារប្រព័ន្ធភាពស៊ាំ ដូច្នេះអ្នកក៏នឹងមិនងាយមានជំងឺផ្តាសាយ ក្អក និងផ្តាសាយធំដែរ។ ទឹកឃ្មុំមួយនេះមានអង់ទីអុកស៊ីដង់ខ្ពស់ សារធាតុប្រឆាំងការរលាក និងសម្លាប់បាក់តេរី ហើយការពារប្រព័ន្ធភាពស៊ាំបានថែមទៀត។
ព្យាបាលការរលាកប្រហោងឆ្អឹងនៅមុខរ៉ាំរ៉ៃ
បើសិនជាអ្នកកំពុងតែមានជំងឺរលាកប្រហោងឆ្អឹងរ៉ាំរ៉ៃ អ្នកនឹងរីករាយជាមួយនឹងអត្ថប្រយោជន៍របស់ទឹកឃ្មុំ Manuka ហើយ។ មូលហេតុដែលការរលាកប្រហោងឆ្អឹងនៅមុខមិនព្រមជា គឺដោយសារតែមេរោគដែលមានក្នុងប្រហោងឆ្អឹងនៅច្រមុះបង្កើតជាខ្ទុះច្រើន ហើយក៏ធ្វើឲ្យថ្នាំផ្សះមិនអាចធ្វើការងាររបស់វាបានថែមទៀត។ ម៉្យាងវិញទៀត ទឹកឃ្មុំនេះអាចធ្វើឲ្យភ្នាសក្នុងច្រមុះស្ងួត ដូច្នេះអ្នកក៏មិនងាយមានការស្ទះក្នុងប្រហោងឆ្អឹងមុខដែរ៕