អ្នកមិនមានបញ្ហាពុកធ្មេញទេ។ អ្នកក៏បានដុសសម្អាតធ្មេញជាទៀងទាត់ហើយដែរ ចុះហេតុអ្វីបានជាមាត់នៅតែមានក្លិនអាក្រក់ទៀត? បើសិនជាអ្នកចេះតែមានក្លិនមាត់អាក្រក់ជាប់ ហើយដឹងថា អ្នកមិនមានបញ្ហាលើការអនាម័យមាត់ធ្មេញទេ វាអាចជារឿងទៅរួចមួយទាក់ទងនឹងបញ្ហានៅផ្លូវរំលាយអាហារ។ មានបញ្ហាច្រើនណាស់ដែលកើតឡើងលើផ្លូវរំលាយអាហារ ដែលធ្វើឲ្យមាត់មានក្លិនអាក្រក់ ហើយមិនបាត់សោះ។ ខាងក្រោមនេះគឺជាបញ្ហាទាក់ទងនឹងផ្លូវរំលាយអាហារញឹកញាប់បំផុតដែលធ្វើឲ្យមានក្លិនមាត់អាក្រក់៖
ច្រាលទឹកអាស៊ីតពីក្រពះ
ការក្រហាយដើមទ្រូង ពិបាកឬភឺច្រើន មាត់មានរសជាតិជូរ ការឈឺបំពង់កររ៉ាំរ៉ៃ មិនស្រួលក្នុងពេលលេបអាហារ សុទ្ធតែជាអាការៈនៃការច្រាលអាស៊ីតពីក្រពះទាំងអស់។ ហើយវាក៏អាចធ្វើឲ្យមានក្លិនមាត់អាក្រក់ផងដែរ។ យកល្អគួរតែគ្រប់គ្រងជំងឺនេះតាមរយៈការផ្លាស់ប្តូររបបអាហារ របៀបរស់នៅ និងប្រាស់ថ្នាំ។
ការទល់លាមក
យើងទាំងអស់គ្នាសុទ្ធតែដឹងហើយថា ការទល់លាមកគឺជារឿងដែលអាចធ្វើឲ្យប្រឹងក្នុងពេលបន្ទោបង់ម្តងៗ តែវាក៏អាចធ្វើឲ្យឈឺពៅះ ហើមពោះ និងឈឺពោះបែបរមួលៗផងដែរ។ បើសិនជាអ្នកទល់លាមក ដុំលាមកនឹងកកជាប់ក្នុងពោះវៀនធំច្រើនថ្ងៃ ឬដល់សប្តាហ៍ឯណោះ។ ក្លិនដែលវាបន្សល់ទុកអាចចូលទៅក្នុងមាត់ រហូតដល់បង្កជាក្លិនមិនល្អបាន។ សំណាងដែរ ការទល់លាមកងាយនឹងព្យាបាលតាមរយៈការញ៉ាំងាហារសម្បូរជាតិសរសៃ ញ៉ាំទឹកច្រើន និងហាត់ប្រាណច្រើន។
ដំបៅក្រពះពោះវៀន
តើអ្នកមានដឹងទេថា ជំងឺដំបៅក្រពះឬពោះវៀនកើតឡើងដោយសារតែវត្តមានរបស់បាក់តេរីមួយឈ្មោះថា H. Pylori ដែរទេ? តើអ្នកមានដឹងទេថា វាក៏ជាប្រភេទបាក់តេរីដែលធ្វើឲ្យមានក្លិនមាត់មិនល្អដែរ? តាមពិតទៅ វិធីធ្វើតេស្តរកវត្តមានបាក់តេរីមួយនេះតាមរយៈការដកដង្ហើម អាចរកឃើញ។
ចង្កោមរោគសញ្ញារលាកក្នុងពោះវៀន
វាគឺជាជំងឺកើតឡើងញឹកញាប់បំផុតមួយសម្រាប់ប្រព័ន្ធរំលាយអហាារដែលប៉ះពាល់ទៅលើពោះវៀនធំ។ ជាញឹកញាប់ អ្នកគួរតែដោះស្រាយជាមួយនឹងជំងឺនេះមួយជីវិតបើសិនជារកឃើញថា អ្នកមានជំងឺនេះហើយ។ អាហារដែលអ្នកញ៉ាំគឺជាប្រភពដ៏ធំបំផុតនៃជំងឺនេះ៕