សណ្តែកខៀវជាគ្រាប់ធញ្ញជាតិដ៏ពេញនិយមមួយក្នុងស្រុកខ្មែរយើង ហើយវាក៏ត្រូវបានគេប្រើប្រាស់ជាញឹកញាប់សម្រាប់ធ្វើជាបង្អែម ប៉ុន្តែមិនសូវមាននរណាដឹងច្រើនអំពីអត្ថប្រយោជន៍របស់វាចំពោះសុខភាពឡើយ។ គ្រាប់សណ្តែកដ៏មានប្រយោជន៍មួយនេះផ្ទុកទៅដោយជាតិម៉ងហ្គាណេស វីតាមីន C, B ប្រូតេអ៊ីន ។ល។ ដែលវាសុទ្ធសឹងតែជួយឲ្យមានសុខភាពល្អបានទាំងអស់។
យ៉ាងណាមិញ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ចំពោះសុខភាពនៃការទទួលទានសណ្តែកខៀវ៖
ប្រឆាំងនឹងមហារីក
វត្តមានដ៏ច្រើននៃអាស៊ីតអាមីណេដូចជា Polyphenols និង Oligosaccharides ដែលអាចមានក្នុងសណ្តែកខៀវ គឺជារបស់ដ៏សំខាន់មួយសម្រាប់ថាមពលអង់ទីអុកស៊ីដង់ ហើយក៏ជាអ្នកជួយក្នុងការប្រឆាំងនឹងជំងឺមហារីកដែរ។ តាមការសិក្សាបានឲ្យដឹងថា សណ្តែកខៀវមានសមត្ថភាពប្រឆាំងនឹងដុំសាច់មហារីក ហើយអាចការពារកោសិការកុំឲ្យបំបែកខ្លួនខុសធម្មតា និងបំផ្លាញ DNA របស់វាផង។ អង់ទីអុកស៊ីដង់ដ៏សំខាន់ដែលមានក្នុងសណ្តែកខៀវគឺ Isovitexin និង Vitexin។
ការពារសុខភាពថ្លើម
ប្រូតេអ៊ីនមិនគ្រាន់តែសំខាន់សម្រាប់សាច់ដុំ និងឆ្អឹងទេ តែវាក៏ជួយការពារថ្លើមកុំឲ្យខូចដែរ។ សណ្តែកខៀវត្រូវបានគេស្គាល់ថា ជាប្រភពដ៏ល្អបំផុតនៃប្រូតេអ៊ីនដែលមានក្នុងបន្លែ។ ដើម្បីមានសុវត្ថិភាពដល់ថ្លើម អ្នកអាចញ៉ាំសណ្តែកខៀវរាល់ថ្ងៃបាន។
បង្ការជំងឺទឹកនោមផ្អែមប្រភេទទី២
ជីវជាតិដ៏សំខាន់ក្នុងសណ្តែកខៀវដែលមានក្នុងសណ្តែកខៀវនោះគឺ វាជួយប្រឆាំងនឹងជំងឺទឹកនោមផ្អែមបាន ជាពិសេសទឹកនោមផ្អែមប្រភេទទី២តែម្តង។ យោងទៅតាមការសិក្សាដែលធ្វើឡើងដោយ Institue of Crop Science at the Chines Academy of Agricultural Sciences បានឲ្យដឹងថា នៅពេលសត្វកណ្តុរត្រូវបានឲ្យស៊ីអាហារបំប៉នជាប្រភេទសណ្តែកខៀវ ឃើញថាកណ្តុរនោះមានការថយចុះ Plasma C-peptide ជាតិស្ករក្នុងឈាម កូឡេស្តេរ៉ុលសរុប Glucagon និងខ្លាញ់ Triglyceride។ ជាមួយគ្នានេះដែរ កណ្តុរទាំងនោះក៏ឆ្លើយតបយ៉ាងល្អនឹងអាំងស៊ុយលីន ហើយក៏រក្សាកម្រិតជាតិស្ករក្នុងឈាមល្អថែមទៀត។
បន្ថយការប្រឈមនឹងជំងឺបេះដូង
សណ្តែកខៀវជួយការពារកុំឲ្យមានការធ្វើអុកស៊ីតកម្មកូឡេស្តេរ៉ុលអាក្រក់ ហើយក៏ផ្តល់តុល្យភាពនូវចំនួនកូឡេស្តេរ៉ុលទៀតដោយសារតែវត្តមានអង់ទីអុកស៊ីដង់របស់វាតែម្តង។ អង់ទីអុកស៊ីដង់ដែលមានក្នុងសណ្តែកខៀវនឹងជួយបន្ថយការរលាក និងការពារសរសៃឈាមកុំឲ្យខូចខាតថែមទៀត។ LDL ជាអ្នកនាំឲ្យកើតជំងឺបេះដូង តែសណ្តែកខៀវជួយការពាររឿងនេះបាន៕