យោងទៅតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Mail Online បានឲ្យដឹងថា សម្តាយដែលមានទម្លាប់រស់នៅផ្តល់សុខភាពចំនួន ៥យ៉ាង មិនទំនងជាកើតកូនមកធាត់ជ្រុលឡើយ។ ចំណងជើងធំៗនេះបានមកពីការសិក្សារបស់អាមេរិកដ៏ធំមួយ ដែលមានការចូលរួមដោយក្មេងអាយុ ៩ឆ្នាំទៅ ១៤ឆ្នាំ ចំនួនច្រើនជាង ២៤០០០នាក់ ហើយក្នុងនោះមានតែ ៥ភាគរយទេដែលធាត់ជ្រុល។
ការសិក្សាបានរកឃើញថា ខណៈពេលដែលក្មេងៗកំពុងតែលូតលាស់ ពួកគេទំនងជាមិនសូវធាត់ជ្រុលឡើយបើសិនជាម្តាយរបស់ពួកគេមានលក្ខណៈផ្តល់សុខភាពដូចខាងក្រោមនេះ៖
- មានសន្ទស្សន៍ទម្ងន់ធៀបនឹងកម្ពស់ (BMI) សុខភាពល្អ
- មានទម្លាប់ហាត់ប្រាណទៅតាមការណែនាំរបស់គ្រូពេទ្យជារៀងរាល់សប្តាហ៍
- មិនជក់បារី
- ញ៉ាំគ្រឿងស្រវឹងក្នុងកម្រិតមធ្យម។
ទម្លាប់ផ្តល់សុខភាពទី ៥ គឺមានរបបអាហារផ្តល់សុខភាព។ រឿងនេះមិនត្រូវបានគេរកឃើញថា មានទំនាក់ទំនងជាមួយនឹងក្មេងធាត់ជ្រុលដោយផ្ទាល់ឡើយ។ ប៉ុន្តែក្មេងដែលមានម្តាយរស់នៅតាមទម្លាប់ផ្តល់សុខភាពទាំង ៥ ឃើញថា អាចបន្ថយការប្រឈមនឹងភាពធាត់ជ្រុលបានរហូតដល់ ៧៥ភាគរយឯណោះ។
ខណៈពេលដែលការសិក្សានេះអាចបង្ហាញទំនាក់ទំនងជាច្រើនក៏ដោយ តែវាមិនអាចអះអាងថា អវត្តមាននៃកត្តាទាំង ៥របស់ម្តាយគឺធ្វើឲ្យក្មេងទៅជាធាត់ជ្រុលដោយផ្ទាល់នោះទេ។ យ៉ាងណាមិញ វាមានន័យគ្រប់គ្រាន់ថា បើសិនជាក្មេងលូតលាស់ជាមួយម្តាយដែលមានរបៀបរស់នៅផ្តល់សុខភាពល្អ ពួកគេទំនងជាមានរបៀបរស់នៅផ្តល់សុខភាពដោយខ្លួនឯងដែរ៕