ជាមួយនឹងការយល់ដឹងពីប្រតិកម្មនិងអារម្មណ៍របស់យើងកាន់តែប្រសើរហើយនោះ សូមពិនិត្យមើល នូវប្រធានបទមួយផ្សេងទៀត នោះគឺការកំណត់តម្រូវការរបស់អ្នក។ នេះគឺជារឿងពិបាក ព្រោះតែមនុស្សមិនមានការអនុវត្តគ្រប់គ្រាន់។ ផ្ទុយទៅវិញពួកគេចេះតែបន្ទោសគ្នា។
ការបន្ទោសគឺជារឿងធម្មតា ពីព្រោះយើងមិនសូវបង្ហាញពីតំរូវការរបស់យើងទេ ហើយបែរជា បន្ទោសអ្នកដទៃ នៅពេលគេមិនបានបំពេញសេចក្តីត្រូវការនោះ។ យើងអាចជេស្តីដៃគូរបស់យើង ព្រោះពួកគេមិនបំពេញតាមស្ដង់ដាររបស់យើង ដូចជានៅពេលដែលពួកគេទុកចាន កខ្វក់នៅក្នុង ផ្ទះបាយ ទាំងដែលយើងមិនបាននិយាយប្រាប់ពួកគេថាយើត្រូវការផ្ទះបាយឱ្យមានសណ្តាប់ធ្នាប់។ នៅពេលដែលយើងបន្ទោសពួកគេ ពួកគេទំនងជាមានអារម្មណ៍ថាមានកំហុស ហើយឆាប់ និយាយការពារភ្លាម។
មានវិធីមួយដើម្បីដោះស្រាយបញ្ហានេះ ហើយវាចាប់ផ្តើមដោយបង្ហាញពីតម្រូវការផ្ទាល់របស់យើងតាមដែលយើងអាចធ្វើបាន។ ជាអកុសល មនុស្សយើងជាច្រើននាក់យល់ថាវាពិបាកនិងគួរឱ្យខ្លាចណាស់ក្នុងការបង្ហាញអារម្មណ៍ពិតរបស់យើង។ ជាញឹកញាប់ ស្ត្រីតែងតែមិនយកចិត្តទុកដាក់ចំពោះតម្រូវការផ្ទាល់ខ្លួនរបស់ពួកគេ ក៏ដើម្បីតែថែរក្សាអ្នកដទៃ ដោយសារតែពួកគេត្រូវបានបង្រៀនតាំងពីតូចមកដូច្នេះ។
ប៉ុន្តែយើងទាំងអស់គ្នាអាចរៀននិយាយអោយចំៗបាន។ ប្រសិនបើអ្នកចង់អោយអ្នកដទៃយល់ពីអ្នក ហើយបើកចិត្តរបស់ពួកគេទៅនឹងតម្រូវការរបស់អ្នក អ្នកគ្រាន់តែត្រូវបង្ហាញពីខ្លួនអ្នក អោយច្បាស់ លាស់។ ជាការពិតណាស់ បើអ្នកនិយាយកាន់តែច្បាស់ពីសេចក្ដីត្រូវការរបស់អ្នក វានឹងកាន់តែងាយ ស្រួលសម្រាប់អ្នកដទៃក្នុងការបំពេញតាមតម្រូវការរបស់អ្នកដោយមធ្យោបាយមេត្តាធម៌។
ដូច្នេះ ប្រសិនបើដៃគូរបស់អ្នកទុកចានកខ្វក់ចោល អ្នកត្រូវប្រាប់គាត់ថាអ្នកមានអារម្មណ៍ យ៉ាងណា និងផ្តល់ដំណោះស្រាយដែលអាចធ្វើទៅបានសម្រាប់អ្នកទាំងពីរ៖ “វាធ្វើអោយអូនតានតឹងណាស់ នៅពេលដែលត្រូវសម្អាតចានកខ្វក់បន្ទាប់ពីមកពីធ្វើការពេញមួយថ្ងៃបែបនេះ។ តើបងអាចសម្អាតវា មុនពេលអូនត្រឡប់មកវិញបានទេ? ឬប្រហែលជាយើងអាចបង្កើតកាលវិភាគ ហើយចែករំលែក ការងារគ្នាល្អទេ? “
ប្រសិនបើអ្នកមិននិយាយពីតម្រូវការរបស់អ្នកចំៗនោះទេ អ្នកនឹងធ្វើឱ្យខ្លួនអ្នកឈឺចាប់ក្នុង រយៈពេល វែង ទាំងដែលមិនចាំបាច់ផងនោះ។ វាមានសារៈសំខាន់ខ្លាំងណាស់ដែលអ្នកត្រូវយកចិត្តទុក ដាក់ ចំពោះតម្រូវការផ្ទាល់ខ្លួនរបស់អ្នកឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ហើយនេះគឺជាអ្វីមួយដែលយើងនឹងពិនិត្យអោយបានដិតដល់ថែមទៀតនៅចំនុចបន្ទាប់៖ តើយើងបង្ហាញពីសេចក្តីត្រូវការរបស់យើងយ៉ាងស្មោះត្រង់បានដូចម្តេចនៅពេលដែលយើងបានកំណត់វារួចហើយ?