មកដល់ចំណុចនេះហើយ អ្នកគួរតែបានស្គាល់កាន់តែច្រើនជាមួយនឹង ការទំនាក់ទំនងអហិង្សា ហើយជាលទ្ធផល អ្នកគួរតែអាចយកចិត្តទុកដាក់កាន់តែជិតស្និទ្ឋទៅនឹងអារម្មណ៍របស់អ្នក។ ប៉ុន្តែនៅមានច្រើនទៀតក្នុងការអភិវឌ្ឍការឆ្លើយតបតាមអារម្មណ៍របស់អ្នក – អ្នកត្រូវទទួលខុសត្រូវចំពោះអារម្មណ៍របស់អ្នក។
អ្នកអាចធ្វើដូចនេះបាននៅពេលដែលធ្វើការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ជាដំបូងអ្នកត្រូវទទួលស្គាល់តម្រូវការផ្ទាល់ខ្លួនរបស់អ្នក។ ខណៈពេលដែលសកម្មភាពរបស់មនុស្សដទៃអាចជាកត្តាជំរុញអារម្មណ៍របស់យើង ពួកគេមិនមែនជាមូលហេតុនោះទេ។ ផ្ទុយទៅវិញ ប្រតិកម្មរបស់យើងកំណត់ពីអារម្មណ៍របស់យើងចំពោះអ្វីដែលគេនិយាយមកកាន់យើង។ ជាឧទាហរណ៍ យើងនឹងមានប្រតិកម្មក្នុងន័យអវិជ្ជមាន ប្រសិនបើមាននរណាម្នាក់ប្រាប់យើងថា “អ្នកគឺជាមនុស្សដែលអាត្មានិយមបំផុតដែលខ្ញុំធ្លាប់ជួប!”
ប៉ុន្តែសូមពិនិត្យមើលប្រតិកម្មខុសៗគ្នាចំនួនបួនទៅនឹងសម្តីបែបនេះ៖
ទីមួយ អ្នកអាចមានប្រតិកម្មអវិជ្ជមានចំពោះពាក្យសម្ដីរបស់ពួកគេ ហើយគិតថា«វាជាកំហុសរបស់ខ្ញុំ! »។ ដោយបន្ទោសខ្លួនឯង អ្នកមិនបានវិភាគឫសគល់នៃសារនោះ និងដោះស្រាយបញ្ហានោះទេ។នេះអាចធ្វើឱ្យអ្នកមានអារម្មណ៍ថាមានកំហុស ឬធ្លាក់ទឹកចិត្ត។
ទីពីរ អ្នកអាចប្រឹងការពារខ្លួនឬក៏ខឹង។ ការឆ្លើយតបរបស់អ្នកប្រហែលជា “នោះជាការកុហកមួយ! ខ្ញុំតែងតែគិតពីតម្រូវការរបស់អ្នក!”។ នៅទីនេះ អ្នកកំពុងស្តីបន្ទោសអ្នកនិយាយ ហើយជាថ្មីម្តងទៀតវាមិនអាចដោះស្រាយបញ្ហាមែនទែនបានទេ។
ប្រតិកម្មល្អជាងនេះគឺត្រូវនិយាយពីអារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នកថា៖ “ខ្ញុំមានអារម្មណ៍អន់ចិត្តនៅពេលអ្នកនិយាយថាខ្ញុំអាត្មានិយម ពីព្រោះខ្ញុំបាននិងកំពុងព្យាយាមបំពេញតាមការទាមទាររបស់អ្នកទៅហើយ”។ តាមរយៈដំណើរការនៃពាក្យសំដីនេះ អ្នកអាចកំណត់ពីអារម្មណ៍ឆ្លើយតបរបស់អ្នកផ្ទាល់ ហើយដោះស្រាយនូវមូលហេតុដែលនៅពីក្រោយជម្លោះនេះ។
ជាចុងក្រោយហើយដែលល្អបំផុតនោះគឺ អ្នកអាចសង្កេតមើលអារម្មណ៍និងសេចក្តីត្រូវការរបស់អ្នកនិយាយ។ អ្នកអាចសួរថា៖ «តើអ្នកគិតថាខ្ញុំអាត្មានិយមដោយសារតែសកម្មភាពជាក់លាក់ណាមួយដែលខ្ញុំបានធ្វើឬ? តើខ្ញុំអាចបង្ហាញការយកចិត្តទុកដាក់បន្ថែមចំពោះតម្រូវការរបស់អ្នកបានយ៉ាងដូចម្តេច?”