ជំងឺរលាកទងសួតគឺជាជំងឺដែលមានការរលាកនៅកម្រាលខាងក្នុងរបស់បំពង់ទងសួត ដែលបំពង់នេះមានតួនាទីដឹកនាំខ្យល់ចេញ និងចូលទៅក្នុងសួត។ អ្នកដែលមានជំងឺ រលាកទងសួតច្រើនតែមានអាការៈក្អកមានស្លេសខាប់ ហើយស្លេសនោះអាចគ្មានពណ៌ទៀត។ ការរលាកទងសួតមានលក្ខណៈពីរយ៉ាងគឺស្រួចស្រាវ និងរ៉ាំរ៉ៃ។
ជាធម្មតាការមានអាការៈផ្តាសាយ ឬការបង្ករោគនៅផ្លូវដង្ហើមផ្សេងៗទៀត វាច្រើនតែមាន ការទាក់ទងនឹងការរលាកទងសួតស្រួចស្រាវថែមទៀត។ ការរលាកទងសួតរ៉ាំរ៉ៃ ដែលជា ស្ថានភាពកាន់តែធ្ងន់ធ្ងរនោះ គឺជាការរលាកជាប់រហូតមួយទៅលើភ្នាសកម្រាលខាងក្នុង របស់បំពង់ទងសួត ដែលច្រើនតែបណ្តាលមកពីការជក់បារី។
ការរលាកទងសួតស្រួចស្រាវច្រើនតែស្រួលបួលមកវិញក្នុងរយៈពេលពីរបីថ្ងៃដោយគ្មានអ្វីប៉ះពាល់ទៀតទេ ទោះបីជាអ្នកនៅបន្តក្អកជាច្រើនសប្តាហ៍ទៀតក៏ដោយ។ ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាអ្នកឧស្សាហ៍រលាកទងសួតនោះ អ្នកប្រហែលជាមានបញ្ហារលាកទងសួតរ៉ាំរ៉ៃហើយ ដូច្នេះត្រូវតែធ្វើការព្យាបាល។
១ រោគសញ្ញានាំដល់ការគិតថាមានជំងឺរលាកទងសួត
ទាំងជំងឺរលាកទងសួតស្រួចស្រាវ និងរ៉ាំរ៉ៃអាចនឹងមានរោគសញ្ញាដូចខាងក្រោមនេះ៖
- ក្អក
- មានសំបោរថ្លា, ស, លឿងប្រផេះ ឬបៃតង និងឈាម (កម្រ)
- អស់កម្លាំង
- ពិបាកដកដង្ហើម
- ក្តៅខ្លួន ឬញាក់តិចតួច
- មិនស្រួលក្នុងទ្រូង
បើសិនជាអ្នកមានជំងឺរលាកទងសួតស្រួចស្រាវ អ្នកប្រហែលជាមានអាការៈក្អកជាប់រហូតដែលបន្តជាប់រហូតដល់ច្រើនសប្តាហ៍ក្រោយពីជាពីការរលាករួច។ ការរលាកទងសួតរ៉ាំរ៉ៃត្រូវបានគេអោយនិយមន័យថា ជាការក្អកមានស្លេស ជាប់យ៉ាងហោចណាស់រយៈពេល ៣ខែ ហើយកើតឡើងម្តងទៀតយ៉ាងហោចណាស់ ២ឆ្នាំជាបន្តបន្ទាប់។
២ ពេលដែលត្រូវជួបពេទ្យ
អ្នកគួរតែជួបគ្រូពេទ្យបើសិនជាការក្អករបស់អ្នក៖
- យូរជាង ៣សប្តាហ៍
- មិនអាចអោយដេកបាន
- មានជាមួយការក្តៅខ្លួនខ្លាំងជាង ៣៨អង្សាសេ
- មានស្លេសអត់ពណ៌
- មានជាប់ទាក់ទងនឹងការដកដង្ហើមលឺដូចហួច ឬពិបាកដកដង្ហើម
៣ មូលហេតុនាំអោយរលាកទងសួត
ការរលាកទងសួតរ៉ាំរ៉ៃច្រើនតែបណ្តាលមកពីវីរុស ជាពិសេសវីរុសតែ មួយដែល បង្កជំងឺផ្តាសាយតែម្តង (Influenza)។ អង់ទីប៊ីយូទិចមិនអាចសម្លាប់វីរុសបានទេ ដូច្នេះថ្នាំប្រភេទនេះមិនមានប្រយោជន៍ចំពោះការរលាកទងសួតភាគច្រើនឡើយ។
មូលហេតុរបស់ជំងឺរលាកទងសួតរ៉ាំរ៉ៃដែលគេជួបញឹកញាប់បំផុតនោះគឺការជក់បារី។ ការបំពុលពីខ្យល់ និងធូលីដី ឬឧស្ម័នពុលពីបរិស្ថាន ឬកន្លែងធ្វើការក៏ជាអ្នក នាំអោយកើតជំងឺនេះដែរ។
៤ កត្តាប្រឈមមុខអាចនាំអោយកើតរលាកទងសួត
កត្តាដែលធ្វើអោយប្រឈមនឹងជំងឺរលាកទងសួតកាន់តែខ្លាំងនោះមានដូចជា៖
- ជក់បារី៖ អ្នកដែលជក់បារី ឬរស់នៅជាមួយអ្នកជក់បារីគឺមានការប្រឈមមុខ កាន់តែខ្ពស់ទាំងជំងឺរលាកទងសួតស្រួចស្រាវ និងរ៉ាំរ៉ៃ។
- មិនសូវធន់នឹងជំងឺ៖ រឿងនេះប្រហែលជាបណ្តាលមកពីជំងឺស្រួចស្រាវដូចជា ជំងឺផ្តាសាយ ឬជំងឺរ៉ាំរ៉ៃណាមួយដែលរំខានដល់ប្រព័ន្ធភាពរបស់អ្នក។ ចំពោះមនុស្សចាស់, ទារកទើបនឹងកើត និងក្មេងតូចៗគឺងាយនឹងឆ្លងជំងឺណាស់។
- ការប៉ះពាល់ទៅនឹងសារធាតុបង្ករលាកនៅកន្លែងធ្វើការ៖ ការប្រឈមមុខនឹងជំងឺរលាកទងសួតនឹងកាន់តែខ្លាំងបើសិនជាអ្នកធ្វើការនៅកន្លែងដែលមានសារធាតុបង្ករលាកដល់សួតដូចជា កន្លែងប្រមូលគ្រាប់ធញ្ញជាតិឬប៉ះពាល់នឹងសារធាតុគីមីច្រើន។
- ច្រាលទឹកក្រពះ៖ ការដែលឧស្សាហ៍មានបញ្ហាក្រហាយដើមទ្រូងធ្ងន់ធ្ងរ អាចធ្វើអោយរលាកដល់បំពង់ក និងងាយកើតជំងឺរលាកទងសួតណាស់។
៥ រលាកទងសួងនាំអោយមានផលវិបាកអ្វីខ្លះ?
រលាកទងសួតច្រើនតែមិនមានអ្វីគួរអោយបារម្ភទេ ប៉ុន្តែក៏មានមនុស្សមួយចំនួនវិវត្តទៅ ជាជំងឺរលាកសួតបាន។ ការដែលឧស្សាហ៍រលាកទងសួតពេក ប្រហែលជាអាចបញ្ជាក់ថា អ្នកនឹងអាចមានជំងឺស្ទះក្នុងសួតរ៉ាំរ៉ៃ (Chronic Obstructive Pulmonary Disease, COPD)។
៦ ធ្វើដូចម្តេចទើបប្រាកដថាអ្នកមានជំងឺរលាកទងសួត
ក្នុងរយៈពេលពីរបីថ្ងៃដំបូង វាអាចនឹងពិបាកកំណត់ថាវាគឺជារោគសញ្ញារបស់ ជំងឺរលាក ទងសួត ឬផ្តាសាយណាស់។ នៅពេលពិនិត្យលើរាងកាយ គ្រូពេទ្យនឹងប្រើស្តេតូស្កុប ដើម្បីស្តាប់សួតអ្នកក្នុងពេលដកដង្ហើម។
ករណីខ្លះក៏អាចធ្វើតេស្តដូចខាងក្រោមទៀត៖
- ការថតកាំរស្មីអ៊ិចនៅទ្រូង៖ ការថតកាំរស្មីអ៊ិចនៅទ្រូងអាចជួយកំណត់អោយ ដឹងថាអ្នកនឹងមានជំងឺរលាកទងសួត ឬជំងឺផ្សេងៗទៀតឬអត់។ តេស្តនេះក៏សំខាន់ណាស់ដែរបើសិនជាអ្នកជាមនុស្សធ្លាប់ ឬកំពុងតែជក់បារី។
- តេស្តមើលកំហាក៖ កំហាកគឺជាស្លេសដែលអ្នកក្អកចេញពីសួត។ វាអាចធ្វើតេស្តរកឃើញថា តើអ្នកមានជំងឺក្អកមាន់ ឬជំងឺផ្សេងដែលអាចជួយដោយប្រើថ្នាំអង់ទីប៊ីយ៉ូទិចឬអត់។ កំហាកក៏អាចធ្វើតេស្តរកមើលសញ្ញាជំងឺអាឡែហ្ស៊ីដែរ។
- តេស្តមើលមុខងារសួត៖ ក្នុងពេលធ្វើតេស្តរកមើលមុខងារសួត អ្នកនឹងត្រូវផ្លុំខ្យល់ ចូលទៅក្នុងឧបករណ៍ Spirometer សម្រាប់វាយនូវចំនួនខ្យល់ដែលសួតអាចផ្ទុកបាន និងភាពលឿនដែលសួតអាចបញ្ចេញខ្យល់បាន។ តេស្តនេះប្រើសម្រាប់ ពិនិត្យរកមើលសញ្ញារបស់ជំងឺហឺត ឬជំងឺ Emphysema។
៧ គ្រូពេទ្យព្យាបាលរលាកទងសួតយ៉ាងដូចម្តេចឯ
ភាគច្រើនជំងឺរលាកទងសួតស្រួចស្រាវនឹងជាមកវិញក្នុងរយៈពេល ២សប្តាហ៍ដោយមិន បាច់ព្យាបាលអ្វីទាំងអស់។ ប៉ុន្តែក៏មានករណីខ្លះត្រូវការការព្យាបាលដែរ។
ការប្រើថ្នាំ
- ថ្នាំផ្សះ៖ ជំងឺរលាកទងសួតច្រើនតែបណ្តាលមកពីវីរុស ដូច្នេះថ្នាំផ្សះមិនមានប្រសិទ្ធភាពនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ គ្រូពេទ្យប្រហែលជាអោយថ្នាំផ្សះបានលុះត្រាតែគាត់សង្ស័យថាអ្នកមានការបង្ករោគដោយបាក់តេរីផ្សេងទៀត។
- ថ្នាំបំបាត់ក្អក៖ យកល្អគួរតែកុំប្រើថ្នាំបំបាត់ការក្អកអី ព្រោះការក្អកនឹងជួយបញ្ចេញ សារធាតុបង្ករលាកដល់សួត និងផ្លូវដង្ហើមបាន។ បើសិនការក្អកមិនអាចអោយអ្នកដេកបាន អ្នកគួរតែប្រើថ្នាំបំបាត់ការក្អកនៅពេលយប់ហើយ។
- ថ្នាំផ្សេងៗទៀត៖ បើសិនជាអ្នកមានបញ្ហាអាឡែហ្ស៊ី, ជំងឺហឺត ឬជំងឺស្ទះសួតរ៉ាំរ៉ៃ គ្រូពេទ្យអាចនឹងអោយអ្នកប្រើថ្នាំហឺត និងថ្នាំផ្សេងៗទៀតដើម្បីបន្ថយការរលាក និងបើកផ្លូវដង្ហើមចូលក្នុងសួតអោយបានធំ។
បើសិនជាអ្នកមានជំងឺរលាកទងសួតរ៉ាំរ៉ៃ អ្នកប្រហែលជាទទួលបានប្រយោជន៍ ពីការព្យាបាល ស្តាលទ្ធភាពពលកម្មរបស់សួតហើយ តាមរយៈការចូលរួមក្នុងកម្មវិធីហាត់ប្រាណដកដង្ហើម ជាមួយគ្រូពេទ្យជំនាញព្យាបាលផ្លូវដង្ហើម និងបង្រៀនអ្នកពីរបៀបដកដង្ហើមអោយបានស្រួល និងកាន់តែមានសមត្ថភាពហាត់ប្រាណខ្លាំងជាងមុនទៀត។
៨ អ្នកគួរធ្វើដូចម្តេចពេលមានរលាកទងសួត
ដើម្បីជួយអោយអ្នកមានអារម្មណ៍ល្អវិញ អ្នកគួរតែសាកល្បងធ្វើដូចខាងក្រោមនេះ៖
- ចៀសវាងសារធាតុបង្ករលាកនៅសួត៖ កុំជក់បារី។ ពាក់ម៉ាសពេលមានខ្យល់បំពុលសុខភាព ឬត្រូវប៉ះពាល់សារធាតុបង្ករលាកដូចជា ដំណាំ ឬសារធាតុលាងសម្អាតផ្ទះដែលមានក្លិនខ្លាំង។
- ឆ្ពង់៖ ខ្យល់ដែលមានសំណើម និងក្តៅអាចជួយបំបាត់អាការៈក្អក និងជួយអោយស្លេស ក្នុងផ្លូវដង្ហើមរាវបាន។ ប៉ុន្តែចូរប្រាកដថា អ្នកបានលាងសម្អាតឧបករណ៍ឆ្ពង់នោះទៅ តាមការណែនាំដើម្បីចៀសវាងការលូតលាស់បាក់តេរី និង មេរោគផ្សិតក្នុងទឹក។
- ប្រើម៉ាសបិទមុខពីខាងក្រៅ៖ បើសិនជាខ្យល់ត្រជាក់ធ្វើអោយអ្នកក្អក់កាន់តែខ្លាំង និងពិបាកដកដង្ហើមកាន់តែខ្លាំងនោះ ចូរពាក់ម៉ាសសិនមុនពេលចេញទៅខាងក្រៅផ្ទះ។
៩ វិធីទាំងនេះអាចបង្ការជំងឺរលាកទងសួតបាន
- កាត់បន្ថយការជក់បារី៖ ការជក់បារីធ្វើអោយប្រឈមកាន់តែខ្លាំងនឹងការរលាកទងសួតរ៉ាំរ៉ៃ។
- ចាក់វ៉ាក់សាំង៖ ករណីភាគច្រើននៃជំងឺរលាកទងសួតស្រួចស្រាវបណ្តាល មកពីវីរុសបង្ក ជំងឺផ្តាសាយ។ ការចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយរាល់ឆ្នាំអាចជួយការពារ អ្នកពីជំងឺផ្តាសាយបាន។
- លាងដៃ៖ ដើម្បីបន្ថយការប្រឈមនឹងការបង្ករោគដោយវីរុស ចូរលាងដៃអោយបានញឹកញាប់ និងមានទម្លាប់ប្រើទឹកលាងដៃផង។
ពាក់ម៉ាសវះកាត់៖ បើសិនជាអ្នកមានជំងឺស្ទះសួតរ៉ាំរ៉ៃ អ្នកគួរតែពាក់ម៉ាសនៅកន្លែងធ្វើការ និងកន្លែងដែលមានមនុស្សច្រើន៕