ការដែលមិនបានបត់ជើងធំរាល់ថ្ងៃមិនមែនមានន័យថាអ្នកមានបញ្ហាទល់លាមកឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកអាចនឹងមានបញ្ហានេះបានបើសិនជាអ្នកមានរោគសញ្ញា ដូចខាងក្រោមនេះយ៉ាងហោចណាស់ចំនួនពីរ រយៈពេលយ៉ាងតិចណាស់បីខែ៖
- បត់ជើងធំតិចជាងបីដងក្នុងមួយសប្តាហ៍
- ធ្លាប់មានលាមករឹង
- ប្រឹងជុះខ្លាំងពេលបត់ជើងធំ
- ធ្លាប់មានអារម្មណ៍ថាដូចជាមានអ្វីស្ទះៗនៅរន្ធគូថ
- មានអារម្មណ៍ថាលាមកជុះមិនអស់ក្រោយពីបត់ជើងធំរួច។
១ ពេលត្រូវជួបគ្រូពេទ្យ នៅពេលទល់លាមក
ថ្វីបើការទល់លាមកប្រហែលជាផ្តល់ការរំខានក៏ដោយ តែវាមិនមែនជាលក្ខណៈធ្ងន់ធ្ងរឡើយ។ មនុស្សភាគច្រើនដែលមានអាការៈទល់លាមកមិនត្រូវការជួបគ្រូពេទ្យដើម្បីព្យាបាលទេ។ ទោះបីជាយ៉ាងណាក៏ដោយ ការទល់លាមករ៉ាំរ៉ៃប្រហែលជាអាចបង្កផលវិបាក ឬសញ្ញាធ្ងន់ធ្ងរនៃដើមហេតុរបស់វា។
ចូរទៅពិគ្រោះជាមួយគ្រូពេទ្យបើសិនជាអ្នកធ្លាប់មានការទល់លាមកដែលមិនដឹងមូលហេតុ ឬផ្លាស់ប្តូរទម្លាប់នៃការបត់ជើងធំ ឬបើរោគសញ្ញាធ្ងន់ធ្ងរ និងមានរយៈពេលយូរជាងបីសប្តាហ៍។ អ្នកក៏គួរតែស្វែងរកសេវាព្យាបាលដែរបើសិនជាអ្នកធ្លាប់មានរោគសញ្ញាដូចខាងក្រោមនេះដែលអាចបញ្ជាក់ថាមានបញ្ហាសុខភាពធ្ងន់ធ្ងរជាងមុន។
- បត់ជើងយ៉ាងតិចបីថ្ងៃម្តង ទោះបីជាផ្លាស់ប្តូររបបអាហារ ឬហាត់ប្រាណត្រឹមត្រូវហើយក៏ដោយ។
- ឈឺពោះដោយការតឹង
- លាមកលាយឈាម
- ការទល់លាមកដែលផ្លាស់ប្តូរមករាគវិញ
- ឈឺក្នុងរន្ធគូថ
- លាមកខ្មៅ
- ស្រកទម្ងន់ដោយមិនដឹងមូលហេតុ
២ ខ្លាចទល់លាមក អ្នកត្រូវដឹងមូលហេតុទាំងនេះ
ការទល់លាមកកើតឡើងនៅពេលការបន្ទោបង់មានលក្ខណៈពិបាក ឬមិនសូវជាញឹកញាប់។ ទម្លាប់ធម្មតានៃការបន្ទោរបង់របស់មនុស្សយើងមានលក្ខណៈខុសៗគ្នាទាំងអស់។ អ្នកខ្លះអាចបន្ទោរបង់បីដងក្នុងមួយថ្ងៃ ហើយខ្លះទៀតតែម្តង ឬពីរដងប៉ុណ្ណោះ ក្នុងមួយសប្តាហ៍។ កាលណាដែលមនុស្សយើងទប់មិនព្រមបន្ទោរបង់យូរជាងបីថ្ងៃ ហើយបើចង់បន្ទោរបង់វិញពិតជាការពិបាក ព្រោះលាមកដែលទុកចោលមិនព្រម បញ្ចេញរយៈពេលបីថ្ងៃនេះ វានឹងទៅជារឹង និងពិបាកបញ្ចេញចោលខ្លាំងណាស់។
អ្នកអាចមានបញ្ហាទល់លាមកបានបើសិនជាអ្នកមានបញ្ហាពីរឬច្រើនក្នុងចំនោមបញ្ហាខាងក្រោមនេះរយៈពេលយ៉ាងហោចណាស់ ៣ខែ៖
- ប្រឹងបន្ទោបង់ម្តងៗច្រើនជាង ២៥ភាគរយ
- លាមករឹងខ្លាំងជាង ២៥ភាគរយ
- បន្ទោរបង់មិនបានអស់ច្រើនជាង ២៥ភាគរយ
- បន្ទោរបង់តែពី ឬបីដងក្នុងមួយសប្តាហ៍
ការទល់លាមកច្រើនតែបណ្តាលមកពីមានជំងឺទៅលើមុខងាររបស់ពោះវៀនជាងបញ្ហារចនាសម្ព័ន្ធរបស់វា។ ខាងក្រោមនេះគឺជាមូលហេតុនៃការទល់លាមកដែលកើតឡើងច្រើនជាងគេ៖
- ទទួលទានទឹកមិនគ្រប់គ្រាន់
- ញ៉ាំអាហារមានជាតិសរសៃមិនគ្រប់គ្រាន់
- ទម្លាប់ញ៉ាំអាហារមិនទៀងទាត់
- កង្វះការធ្វើចលនារៀងកាយ ឬហាត់ប្រាណ
- ញ៉ាំអាហារធ្វើពីទឹកដោះគោច្រើនពេក
- ស្រ្តេស
- ពេលចង់បន្ទោរបង់ខ្លាំងបែរជាប្រឹងទប់មិនព្រមទៅបង្គន់ ពេលខ្លះដោយសារតែឈឺឬសដូងបាត
- ប្រើថ្នាំបន្ទន់លាមកលើសកម្រិត
- មានជំងឺកង្វះអ័រម៉ូនទីរ៉ូអ៊ីត
- មានជំងឺសរសៃប្រសាទដូចជា Parkinson’s Disease ឬ Multiple Sclerosis
- ប្រើថ្នាំបន្សាប់អាស៊ីតក្រពះដែលមានជាតិកាលស្យូម ឬអាលុយមីញ៉ូម
- ការប្រើថ្នាំ (ជាពិសេសថ្នាំបំបាត់ការឈឺចាប់ខ្លាំងៗដូចជា ណាកូទិច, ថ្នាំបំបាត់ការបាក់ទឹកចិត្ត ឬថ្នាំគ្រាប់ជាតិដែក)
- ការបាក់ទឹកចិត្ត
- មានជំងឺនៃការញ៉ាំអាហារ
- ចង្កោមរោគសញ្ញារលាកពោះវៀន
- មានផ្ទៃពោះ
- មហារីកពោះវៀនធំ
ករណីខ្លះ ការកង្វះមុខងារសរសៃប្រសាទ និងសាច់ក្នុងពោះវៀនក៏ប្រហែលជា មូលហេតុ ដែលធ្វើឱ្យកើតជាជំងឺទល់លាមកផងដែរ។
៣ គ្រូពេទ្យធ្វើដូចម្តេចទើបដឹងប្រាកដថាអ្នកទល់លាមក
ដើម្បីកំណត់រោគវិនិច្ឆ័យជំងឺទល់លាមក គ្រូពេទ្យនឹងសួរអំពីប្រវត្តិជំងឺ, ពិនិត្យលើរាងកាយ និងសួរអំពីការប្រើថ្នាំដែលគ្មានវេជ្ជបញ្ជាទាំងអស់។ ពេលនោះគាត់នឹងទាត់ចោលនូវស្ថានភាពជំងឺទាំងឡាយដែលស្រដៀងគ្នានឹងការទល់លាមកដែរដូចជា ការស្ទះក្នុងពោះវៀនតូច ឬពោះវៀនធំ, ពោះវៀនធំរួមតូច, ជំងឺក្នុងក្រពេញបញ្ចេញក្នុងដូចជា ជំងឺក្រពេញទីរ៉ូអ៊ីតបញ្ចេញអ័រម៉ូនតិច, ឬអតុល្យភាពអេឡិចត្រូលីត្រដូចជា កាលស្យូមក្នុងឈាមឡើងខ្ពស់។
ការធ្វើតេស្តជាធម្មតាត្រូវបានធ្វើទៅលើអ្នកជំងឺណាដែលមានរោគសញ្ញាធ្ងន់ធ្ងរ ឬមនុស្សចាស់ដែលចាប់ផ្តើមមានអាការៈទល់លាមកដូចជា៖
- ការថតកាំរស្មីអ៊ិចដោយមានការផឹកទឹកបារៀម៖ តេស្តមួយនេះ អាចធ្វើអោយយើងមើលឃើញកម្រាលខាងក្នុងពោះវៀនបាន។
- ការថតកាំរស្មីអ៊ិចទៅលើតំបន់ចុងពោះវៀនធំ៖ ការថតបែបនេះគ្រូពេទ្យនឹងដាក់សារធាតុទន់ម៉្យាងដើម្បីជាជំនួយដល់ការថយកំារស្មីអ៊ិច ព្រមទាំងដើម្បីបញ្ចេញលាមកដែលកកស្ទះផងដែរ។
- ការពិនិត្យពោះវៀនធំដោយប្រើឧបករណ៍ Sigmoidoscopy៖ តេស្តនេះគ្រូពេទ្យនឹងដាក់បញ្ចូលបំពង់ដែលអាចបត់បែនបានចូលទៅក្នុងរន្ធគូថដើម្បីពិនិត្យទៅលើចុងពោះវៀនធំ និងផ្នែកខាងក្រោមរបស់ពោះវៀនធំ។
- ការពិនិត្យប្រើឧបករណ៍ Colonoscopy៖ តេស្តមួយនេះអនុញ្ញាតិអោយគ្រូពេទ្យពិនិត្យទៅលើពោះវៀនបានទាំងមូលតែម្តង ព្រោះឧបករណ៍មួយនេះអាចបត់បែន និងមានកាមេរ៉ាទៀតផង។
- ការវាយតម្លៃទៅលើមុខងារសាច់ដុំខ្ជឹបរបស់រន្ធគូថ៖ ដើម្បីវាយតម្លៃបាន គ្រូពេទ្យត្រូវសូកបញ្ចូលបំពង់ដែលតូច ហើយបត់បែនបានទៅក្នុងរន្ធគូថ ហើយអាចបំប៉ោងចុងរបស់វាបានដើម្បីទល់ទៅនឹងសាច់ដុំខ្ជឹប។
- វាយតម្លៃថាតើអាហារធ្វើចលនាដល់ពោះវៀនធំបានល្អប៉ុណ្ណា៖ ដើម្បីធ្វើដូច្នេះបាន អ្នកត្រូវលេបថ្នាំគ្រាប់មួយដែលផ្ទុកទៅដោយរបស់សម្គាល់ដែលអាចមើលឃើញតាមការថតកាំរស្មីអ៊ិច។ ពេលនោះគ្រូពេទញយអាចសម្គាល់មើលសញ្ញានៃការខូចមុខងាររបស់ពោះវៀន ព្រមទាំងចលនារបស់អាហារក្នុងពោះវៀនធំបានផងដែរ។
៤ គ្រូពេទ្យព្យាបាលការទល់លាមកដូចម្តេច?
ករណីភាគច្រើន ការផ្លាស់ប្តូររបបអាហារ និងរបៀបរស់នៅធម្មតាៗអាចជួយបំបាត់រោគសញ្ញា និងគ្រប់គ្រងការទល់លាមកបាន។ ចំពោះតម្រូវការព្យាបាលដោយ ប្រើថ្នាំប្រហែលជាមិន សូវធ្វើឡើយ។ ខាងក្រោមនេះជាការព្យាបាលមួយចំនួនសម្រាប់អាការៈទល់លាមក។
ផ្លាស់ប្តូររបបអាហារ និងរបៀបរស់នៅ
ការផ្លាស់ប្តូរធម្មតាៗខាងក្រោមនេះអាចធ្វើឡើងរយៈពេលយូរដើម្បីកាត់បន្ថយជំងឺទល់លាមក៖
- របបអាហារសម្បូរជាតិសរសៃ៖ របបអាហារដែលមានជាតិសរសៃពី ២០ ទៅ ៣០ក្រាមក្នុងមួយថ្ងៃអាចជួយសម្រួលលាមកអោយមកទន់វិញបាន។ អាហារដែលមានជាតិសរសៃខ្ពស់មានដូចជា សណ្តែក, គ្រាប់ធញ្ញជាតិ, បន្លែ និងផ្លែឈើស្រស់ៗ។ កាត់បន្ថយការញ៉ាំអាហារណាដែលគ្មានជាតិសរសៃដូចជាសាច់ និងអាហារកែច្នៃ។
- ហាត់ប្រាណជាទៀងទាត់៖ ការធ្វើសកម្មភាពរាងកាយអាចជួយភ្ញោចសកម្មភាពរបស់ពោះវៀនបាន។
- ញ៉ាំទឹកអោយបានច្រើន៖ ការញ៉ាំទឹក និងសារធាតុរាវផ្សេងៗទៀតនឹងជួយ បន្ទន់លាមករបស់អ្នកបាន។
- ចំណាយពេលសម្រាប់បន្ទោរបង់៖ ចូរចំណាយពេលវេលាអោយបានគ្រប់គ្រាន់ដើម្បីបន្ទោរបង់ក្នុងបង្គន់។ អ្នកមិនត្រូវមិនខ្វល់អំពីការចង់បទជើងធំឡើយ។
ថ្នាំបន្ទន់លាមក
នេះជាថ្នាំដែលអាចប្រើបានដោយគ្មានវេជ្ជបញ្ជា ហើយគួរតែប្រើបានលុះត្រាតែការផ្លាស់ប្តូររបបអាហារ និងរបៀបរស់នៅមិនមានប្រសិទ្ធភាព។
ថ្នាំផ្សេងៗទៀត
បើសិនជាការផ្លាស់ប្តូររបៀបរស់នៅ និងការប្រើថ្នាំដោយគ្មានវេជ្ជបញ្ជា ពុំអាចសម្រួល ដល់រោគសញ្ញាអ្នកបាន គ្រូពេទ្យប្រហែលជាណែនាំអោយប្រើថ្នាំមួយចំនួនទៀតដូចជា៖
- Chloride Channel Activator៖ ជាប្រភេទថ្នាំ Lubiprostone (Amitiza) វាជួយបង្កើនជាតិទឹកទៅក្នុងលាមក។
- 5-HT-4 Agonists៖ ថ្នាំប្រភេទនេះជួយភ្ញោចអោយបញ្ចេញបណ្តុំសារធាតុជាច្រើនទៅក្នុងរាងកាយ ដែលបង្កើនជាតិទឹកទៅក្នុងពោះវៀន ព្រមទាំងកាត់បន្ថយពេលវេលាឆ្លងកាត់ពោះវៀនធំទៀត។ ថ្នាំ Prucalorpide ក៏ជាប្រភេទមួយនៃក្រុមថ្នាំ 5-HT-4 agonist ដែរ។
ការព្យាបាលទៅលើមូលហេតុ
បើសិនជាមានជំងឺអ្វីមួយបង្កអោយមានការទល់លាមក ការព្យាបាលនឹងត្រូវផ្តោតទៅលើ មូលហេតុមួយនោះយ៉ាងពិសេស។ បើសិនជាការខូចមុខងារក្នុងកម្រាលអាងត្រគៀកជាមូលហេតុនៃការទល់លាមក គ្រូពេទ្យប្រហែលជាណែនាំអោយព្យាបាលតែមបែប Biofeedback។ នេះគឺជាតិចនិចហ្វឹកហាត់មួយដែលជួយអោយសម្របសម្រួលសាច់ដុំដែលអ្នកត្រូវប្រើក្នុងពេលបន្ទោរបង់។
បើសិនជាអ្នកមានផ្ទៃពោះ ហើយទល់លាមក
ចូរព្យាយាមញ៉ាំអាហារមានជាតិសរសៃអោយបានច្រើន ដូចជាផ្លែឈើ បន្លែ និងគ្រាប់ធញ្ញជាតិ។ ចូរញ៉ាំទឹក និងហាត់ប្រាណអោយបានច្រើនតាមតែអាចធ្វើទៅបាន។ ចូរពិភាក្សាជាមួយគ្រូពេទ្យអំពីគម្រោងទាំងឡាយដូចជា ការហាត់ប្រាណដើម្បីព្យាបាលជំងឺទល់លាមកជាដើម។ ការហែលទឹក និងការដើរប្រហែលជាជម្រើសដ៏ល្អសម្រាប់អ្នក។
៦ ទល់លាមកអាចបង្កបញ្ហាអ្វីខ្លះ
ការទល់លាមកច្រើនតែបង្កអោយមានផលវិបាកច្រើន និងបណ្តាលអោយមាន ការផ្លាស់ប្តូរផ្លូវចិត្ត, ពិបាកចិត្ត, កង្វះការយកចិត្តទុកដាក់ និងប៉ះពាល់ដល់ជីវិតរស់នៅ និងការងារប្រចាំថ្ងៃរបស់អ្នកជំងឺទៀតផង។
ការដែលមានបញ្ហាទល់លាមកជាទៀងទាត់អាចធ្វើអោយមានផលវិបាកដល់ពោះវៀនធំ, ចុងពោះវៀនធំ, និងរន្ធគូថ។ ការទល់លាមករយៈពេលយូរអាចបណ្តាលអោយកើតច្រើននូវពពួកបាក់តេរី ក៏ដូចជាសារធាតុបង្កជំងឺមហារីក និងភ្ញោចដល់កោសិការកម្រាលខាងលើរបស់ពោះវៀន ដើម្បីងាយស្រួលដល់ការកើតមានជំងឺមហារីក។ ការទល់លាមកធ្វើអោយមានជំងឺជុំវិញរន្ធគូថដូចជា រលាករន្ធគូថ, រហែកក្រសាល់គូថ, ឬសដូងបាត ។ល។ ដោយសារតែការទល់លាមក, ពិបាកបន្ទោរបង់, លាមកស្ងួតពេក ហើយអ្វីដែលកាន់តែធ្ងន់ធ្ងរនោះគឺជំងឺលើចុងពោះវៀនធំនិងរន្ធគូថ។ ការស្ទះពោះវៀនមួយប្រភេទដែលឈ្មោះថា Mesocaval Obstructive កើតចេញដោយសារតែលាមករឹង ទើបធ្វើអោយរន្ធពោះវៀនរួមតូច ព្រមទាំងដាក់សម្ពាធទៅលើសរសៃឈាមទៅចិញ្ចឹមចុងពោះវៀនធំ ឬពោះវៀនធំដោយសារតែការស្ទះ ប៉ុន្តែក៏បង្កើតបានជាដំបៅ និងបញ្ហាដ៏ធ្ងន់គឺធ្លាយពោះវៀនតែម្តង។
ផលវិបាកនៃការទល់លាមកក៏មានជាប់ទាក់ទងនឹងជំងឺក្រៅពីក្រពះពោះវៀនដែរ ដូចជា ជំងឺដាច់សរសៃឈាមខួរក្បាល, កង្វះមុខងារពីខួរក្បាល (ការចងចាំថយចុះ), និងជំងឺខាងផ្លូវភេទ។ ជំងឺថ្លើមទាក់ទងនឹងខួរក្បាល (Hepatic Encephalopathy), ជំងឺសុដន់, ជំងឺភ្លេចភ្លាំង និងជំងឺផ្សេងៗទៀតក៏មានតួនាទីយ៉ាងសំខាន់មួយដែរ។ រោគសញ្ញារបស់វាជម្រុះអោយមានបញ្ហាកាន់តែខ្លាំងដោយសារតែការទល់លាមក និងសម្ពាធទៅលើសាច់ដុំពោះ។ ការពិបាកដកដង្ហើមពេលបន្ទោរបង់កើតឡើងដោយសារតែជំងឺបេះដូង-សរសៃឈាមដូចជា ការឈឺដើមទ្រូង (Angina) ឬការធ្វើទុក្ខរបស់ជំងឺគាំងបេះដូង។
បើសិនជាការទល់លាមកកើនឡើង មានន័យថាមានលាមកកកកុញច្រើនក្នុងពោះវៀនណាស់ ដែលវាជាហេតុផលមួយធ្វើអោយកើនឡើងជាតិពុលជាច្រើនប្រភេទ និងធ្វើអោយមានជំងឺក្រពះពោះវៀន, ជំងឺក្រពេញបញ្ចេញក្នុង, ជំងឺនៃការរំលាយអាហារ, ញ៉ាំអាហារ និងដេកមិនបានគ្រប់គ្រាន់ ព្រមទាំងមានសម្ពាធផ្លូវចិត្តទៀតផង។ លាមកដែលសង្កត់ទៅលើជញ្ជាំងពោះវៀន ធ្វើអោយមានរបួសដល់ពោះវៀន, ចលនាពោះវៀនថយចុះ និងមានទម្លាប់ទល់លាមក។ លាមកគឺជាអ្នកបង្កអោយមានក្លិនមាត់អាក្រក់, ផលិតជាតិពុលយ៉ាងច្រើនទៅក្នុងចរន្តឈាម ដើម្បីចូលទៅកាន់កន្លែងទាំងអស់នៃរាងកាយ ដែលជាហេតុនាំអោយមានរូបរាងដូចកូនក្រមុំជ័រ, ស្បែកគ្រើម, មានកន្តួលៗលើស្បែក, កើតមុន, ស្បែកជ្រួញ, ធាត់ជ្រុល, អស់កម្លាំង, ឆេវឆាវជាដើម។ បើមានលាមកចូលដល់ក្នុងឈាម នឹងធ្វើអោយមានជំងឺលើសឈាម, ជំងឺបេះដូង, ស្លាប់មួយចំហៀងខ្លួន, ជំងឺភ្លេចភ្លាំង ។ល។ ក្នុងពេលជាមួយគ្នានេះដែរ មនុស្សដែលមានវ័យកណ្តាល និងវ័យចំណាស់ក៏នឹងអាចមានជំងឺបេះដូង-សរសៃឈាម និងជំងឺខួរក្បាល-សរសៃឈាមកាន់តែខ្ពស់ដែរ។ សម្រាប់អ្នកជំងឺលើសឈាម ឬជំងឺសរសៃឈាមបេះដូង ការទល់លាមកគឺជាបញ្ហាដ៏គ្រោះថ្នាក់បំផុត និងភាគច្រើន អ្នកជំងឺទាំងនេះច្រើនតែមានបញ្ហាខួរក្បាល-សរសៃឈាម, ជំងឺបេះដូងភ្លាមៗដោយមិនដឹងខ្លួន ឬស្លាប់ក៏មាន។ សម្រាប់មនុស្សវ័យក្មេងវិញ ការទល់លាមកអាចបណ្តាលមកពីជំងឺក្រពេញបញ្ចេញក្នុង, មានអារម្មណ៍មិនល្អ, កើតមុនលើមុខ។ លើសពីនេះទៅទៀតនោះគឺថា ការទល់លាមកក៏បណ្តាលអោយក្តៅខ្លួន និងក្អកកាន់តែខ្លាំងផងដែរ។
៧ ធ្វើដូចម្តេចដើម្បីកុំអោយទល់លាមក
ថ្វីបើអាការៈទល់លាមកគឺជាបញ្ហាកើតមានជាញឹកញាប់ក៏ដោយ ក៏អ្នកអាចមានមធ្យោបាយជាច្រើនដើម្បីបង្ការកុំអោយវាកើតមានបានដែរដូចជា ផ្លាស់ប្តូររបបអាហារ និងរបៀបរស់នៅ។
អាហារសរសៃ
ចូរប្រាកដថា អ្នកបានញ៉ាំអាហារសរសៃគ្រប់គ្រាន់ហើយ។ មនុស្សវ័យជំទង់ភាគច្រើនមិនបានញ៉ាំអាហារសរសៃគ្រប់គ្រាន់នោះទេ ដូច្នេះអ្នកគួរតែញ៉ាំវាអោយបានគ្រប់គ្រាន់។ អ្នកអាចបង្កើនការទទួលទានអាហារសរសៃបានតាមរយៈការញ៉ាំអាហារដូចខាងក្រោមនេះអោយបានច្រើន៖
- ផ្លែឈើ
- បន្លែ
- បាយ
- គ្រាប់ធញ្ញជាតិ
- សណ្តែក
ការញ៉ាំអាហារសរសៃកាន់តែច្រើននឹងជួយថែរក្សាការបន្ទោរបង់របស់អ្នកបានទៀងទាត់ព្រោះវាជួយអោយអាហារធ្វើដំណើរក្នុងប្រព័ន្ធរំលាយអាហារកាន់តែស្រួល។ អាហារដែលមានជាតិសរសៃខ្ពស់ក៏ធ្វើអោយអ្នកមានអារម្មណ៍ថាឆ្អែតបានយូរដែរ។
បើសិនជាអ្នកបង្កើនការញ៉ាំអាហារសរសៃ យកល្អគួរតែបង្កើនវាបន្តិចម្តងៗទៅ ព្រោះកាលណាបង្កើនការញ៉ាំច្រើនភ្លាមៗអាចធ្វើអោយហើមពោះផោមច្រើន និងឈឺក្រពះផងដែរ។
ជាតិទឹក
ចូរប្រាកដថា អ្នកបានផឹកទឹកច្រើនដើម្បីបំបាត់ការខ្សោះជាតិទឹក និងបង្កើនការផឹកទឹកនៅពេលកំពុងហាត់ប្រានឭណ ឬអាកាសធាតុក្តៅ។ ចូរព្យាយាមកាត់បន្ថយការញ៉ាំជាតិកាហ្វេអ៊ីន, ស្រា និងភេសជ្ជៈមានជាតិហ្កាស។
មានទម្លាប់ចូលបង្គន់
មិនត្រូវធ្វើមិនដឹងនៅពេលចង់ចូលបង្គន់ឡើយ ព្រោះវាអាចបង្កើនការទល់លាមកបាន។ ពេលវេលាដ៏ល្អបំផុតសម្រាប់ការបន្ទោរបង់គួរតែធ្វើមុនគេនៅពេលព្រឹក ឬ ៣០នាទីក្រោយពេលញ៉ាំអាហាររួច។ នៅពេលអ្នកចូលបង្គន់ ចូរប្រាកដថា អ្នកមានពេលវេលាគ្រប់គ្រាន់ដើម្បីបន្ទោរបង់អោយមានផាសុខភាព។
ហាត់ប្រាណ
ការរក្សារាងកាយអោយមានចលនា និងសកម្មនឹងជួយកាត់បន្ថយការប្រឈម នឹងជំងឺទល់លាមកបានយ៉ាងច្រើន។ យកល្អ ចូរធ្វើលំហាត់ប្រាណអោយបាន ១៥០នាទីជារៀងរាល់សប្តាហ៍។
ការហាត់ប្រាណជាទៀងទាត់មិនត្រឹមតែជួយកាត់បន្ថយការទល់លាមកតែមួយមុខនោះទេ តែក៏ជួយអោយអ្នកយល់ថាខ្លួនមានសុខភាពល្អ និងអារម្មណ៍ល្អ ព្រមទាំងរាងកាយសមសួនទៀតផង៕