ក្រោយពីបានធ្វើឲ្យប្រិយមិត្តភ្ញាក់ផ្អើលជាមួយដំណឹង គ្រោងលាសិល្បៈខ្មែរឆាប់ៗ នៅថ្ងៃនេះ តារាកូនកាត់ខ្មែរ-អាល្លឺម៉ង់ សូ ម៉ៃយ៉ា បានបញ្ជាក់បន្ថែមជុំវិញបញ្ហានេះ។
ម៉ៃយ៉ា ប្រាប់នៅថ្ងៃនេះថា នាងមិនទៅណាចោលសិល្បៈខ្មែរនោះទេ។ អធិប្បាយខ្លីនៅថ្ងៃនេះ គឺមុនប៉ុន្មានថ្ងៃប៉ុណ្ណោះ ដែលនាងបានផ្ដល់សម្ភាសន៍ជាមួយ Sabay ថា នាងគ្រោងនឹងឈប់ពីសិល្បៈខ្មែរ ជាទីដែលនាងបានសាងកេរ្តិ៍ឈ្មោះឲ្យលេចធ្លោ ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ។ សម្ភាសន៍នេះ ក៏កើតក្រោយពីនាងបានបញ្ចេញសារលើបណ្ដាញសង្គមនាងថា “បន្តិចទៀត នឹងលាសិល្បៈខ្មែរដែលខ្ញុំស្រឡាញ់” បានធ្វើឲ្យអ្នកគាំទ្រនាងជាច្រើន ភ្ញាក់ផ្អើល និងពោលពាក្យសោកស្ដាយ។
បញ្ហានេះ សំអាងថា អ្នកមានគុណរបស់នាង ចង់ឲ្យនាងឈប់ពីសិល្បៈទៅរស់នៅជាមួយគ្នានៅលើទឹកដីអាល្លឺម៉ង់វិញ។ ទើបនាងបញ្ចេញសារថា នាងអាចនឹងឈប់ពីសិល្បៈខ្មែរតែម្ដង។ យ៉ាងណា នៅថ្ងៃនេះ ម៉ៃយ៉ា បញ្ជាក់ហើយថា នាងមិនទៅណានោះទេ។ “ខ្ញុំចេះ Post…ទៅ តែខ្ញុំអត់ទាន់ច្បាស់ថាទៅទេបង…តែឥឡូវខ្ញុំសម្រេចហើយ ថាខ្ញុំអត់ទៅវិញទេ”។
តារាកូនកាត់រូបនេះ បញ្ជាក់ទៀតថា ដំបូងនាងចង់តាមឪពុកម្ដាយ ប៉ុន្តែដោយនៅស្ដាយការងារដែលកំពុងរត់រកច្រើន និងកេរ្តិ៍ឈ្មោះផងនោះ ទើបនាងសម្រេចថា បន្តនៅជាមួយសិល្បៈខ្មែរបន្តទៀត។
សូ ម៉ៃយ៉ា មានម្ដាយជាជនជាតិខ្មែរ ឪពុកជាជនជាតិអាល្លឺម៉ង់ ព្រមទាំងមានបងប្អូន៣នាក់សុទ្ធតែស្រី ហើយនាងជាកូនទី២។ ក្នុងចំណោមបងប្អូនទាំង៣ មានតែនាងម្នាក់ប៉ុណ្ណោះ ដែលកើតនៅលើទឹកដីអាល្លឺម៉ង់។ ប៉ុន្តែបើទោះជាបែបនេះក្ដី ដូចនឹងការអះអាងរបស់នាងនៅថ្ងៃនេះ ម៉ៃយ៉ា ធ្លាប់ប្រាប់ថា Sabay នាពេលកន្លងមកថា នាងស្រឡាញ់ទឹកដីអាស៊ីជាង ទឹកដីលោកខាងលិច និងសំខាន់ជាងនេះ គឺនាងចង់រស់នៅជាមួយសិល្បៈខ្មែរជាង៕
ប្រភព៖ sabay.com.kh